ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៦ ខែ កក្កដា ២០២១ បានបើកសវនាការជំនុំជម្រះ ជនជាប់ចោទ ម្នាក់ ដែលជាអតីតមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិ ជាប់ពាក់ព័ន្ធនឹងការធ្វើបាតុកម្ម ដើម្បីសុំឲ្យតុលាការ ដោះលែងលោករ៉ុង ឈុន ពីពន្ធនាគារ កាលពីធ្វើឆ្នាំមុន និងការធ្វើបទសម្ភាសន៍ជាមួយក្រុមអ្នកកាសែតនិយាយរិះគន់ មិនសំចៃមាត់ អំពីបញ្ហាព្រំដែនកម្ពុជា និង វៀតណាម ដែលមានចេតនាធ្វើឱ្យមហាជន អាចមានការភាន់ច្រឡំ ឬ យល់ខុសទៅនឹង ដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា។
លោកសំ ប៊ុនពៅ ជាចៅក្រមជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងឲ្យដឹងនៅក្នុងសវនាការថា ជនជាប់មានឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម ភេទប្រុស អាយុ ៤៨ ឆ្នាំ មុខរបរជាគ្រូបង្រៀន និងជាអតីតមន្ត្រីនៃអតីតគណបក្ស សង្គ្រោះ ជាតិ។
លោកចៅក្រមបានបញ្ចាក់ថា ជនជាប់ចោទ ត្រូវបានជាប់ចោទ ពីបទញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ តាមបញ្ញត្តិ មាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០២០។
នាពេលសវនាការ, ជនជាប់ចោទឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានឆ្លើយបដិសេធ ចំពោះបទចោទប្រកាន់លើរូបលោកខាងលើ។

ទោះបីជាយ៉ាងណាក្តី ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានទទួលស្គាល់ថា នៅថ្ងៃដែលលោកចូលរួមធ្វើបាតុកម្មនោះ, គឺមានក្រុមអ្នកកាសែតបានសម្ផស្ស និង សាកសួរគាត់ ជុំវិញបញ្ហាព្រំដែនកម្ពុជានិងវៀតណាម និង ការធ្វើបាតុកម្ម ដើម្បីទាមទារឲ្យដោះលែងលោក រ៉ុងឈុន។
គាត់និយាយថា ពេលនោះ គាត់ក៏បានផ្តល់បទសម្ភាសន៍ និង និយាយរិះគន់ខ្លះៗ ជុំវិញ ចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ចំពោះ កិច្ចការព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង។
ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បាននិយាយថា តែការនិយាយរបស់លោកនោះ គឺ ជាបញ្ចេញមតិ និង ជាការសម្តែង អំពីកង្វល់ផ្ទាល់ខ្លួន ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ ដែលឈឺឆ្អាលចំពោះសង្គមជាតិ និង ប្រទេសជាតិរបស់ខ្លួន តែប៉ុណ្ណោះ។
លោកគ្មានចេតនានិយាយ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាល ឬ ញុះញង់អោយប្រជាពលរដ្ឋ ប្រឆាំងនឹង អាជ្ញាធរជាតិ ឬ រាជរដ្ឋាភិបាលនោះឡើយ។
ឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បាននិយាយថា ចំពោះ ករណីលោកនេះ,,ប្រសិនបើ លោកចៅក្រមជំនុំជម្រះ រកឃើញថា គាត់មានកំហុស ឬ ពិរុទ្ធភាពមែននោះ,,,សូមលោកចៅក្រម មេត្តាកាត់ទោសគាត់ តែ ១០ ខែ នៅក្នុងពន្ធនាគារ និងពិន័យជាប្រាក់ ចំនួន ២ លានរៀល (ប្រមាណ៥០០ ដុល្លារអាមេរិក) បានហើយ។
លោកសំ សុគង់ ជាមេធាវីការពារក្តីអោយជនជាប់ចោទឈ្មោះ ប៉ែន ច័ន្ទ សង្គ្រាម បានថ្លែងថា ការសម្ផស្សន៍របស់កូនក្តី ជាមួយក្រុមអ្នកកាសែត និង ការនិយាយរបស់គាត់ ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជានិង វៀតណាម នៅក្នុងអង្គហេតុនេះ,,,គឺជាការបញ្ចេញមតិ ឬ សិទ្ធិសេរីភាពរបស់កូនក្តី ក៏ ដូច ជាប្រជាពលរដ្ឋខ្មែរទូទៅ ដែលត្រូវបានការពារ និង ធានាដោយរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ។
ទោះយ៉ាងណាក្តី, លោកមេធាវីសំ សុគង់ សូមអោយលោកចៅក្រមជំនុំជម្រះ មេត្តា សម្រេចទៅតាមការស្នើសុំរបស់កូនក្តីផង។
សំណុំរឿងក្តីនេះ,, តុលាការរាជធានីភ្នំពេញ លើកពេលប្រកាសសាលក្រមនៅចុងខែ កក្កដានេះ៕
រក្សាសិទ្ធិដោយ ចន្ទា ភា