Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធាន គ.ជ.ប ឆ្លើយតបទៅនឹងសង្គមស៊ីវិលដាក់ លក្ខខណ្ឌ អប្បបរមា ដើម្បីធានាភាពស្របច្បាប់ នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២

spot_img

ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឆ្លើយតបទៅ និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ដែលបានដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់ នៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ខាងមុខនេះ ដោយអះអាងថា ការបោះឆ្នោតណាក៏ដោយ គឺ គ.ជ.ប ត្រូវតែធ្វើឲ្យមានយុត្តិធម៌ និងអនុវត្តទទៅតាមច្បាប់ដែលបានកំណត់។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ថា ការបោះឆ្នោតពេលណាក៏ គ.ជ.ប ត្រូវធ្វើឲ្យមានយុត្តិធម៌ដែរ ក៏ដូចជាទៅតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុង និងនីតិវិធីបទបញ្ជាដែលបានចែង ហើយបើធ្វើខុសពីនឹងក៏អត់បានដែរ។
ការបញ្ជាក់របស់ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺឆ្លើយតបទៅនិងក្រុមសង្គមស៊ីវិលមួយចំនួន កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានដាក់លក្ខខណ្ឌអប្បបរមា ដើម្បីធានាភាពស្របច្បាប់ នៃការបោះឆ្នោតឃុំសង្កាត់ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដោយគេបានដាក់លក្ខខណ្ឌចំនួន៦ ចំណុច ដែលក្ដោបទៅលើសេរីភាព ឯករាជ្យភាព និងតម្លាភាព។

លោកខឺយ ស៊ីនឿន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានឲ្យដឹងថា សន្និសីទសារព័ត៌មាន ស្តីពីការស្នើសុំលក្ខខណ្ឌអប្បបរមា សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ/សង្កាត់ឆ្នាំ២០២២ រៀបចំដោយអង្គការខុមហ្វ្រែល និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល។
ដោយលោកបានបញ្ជាក់ថា អនុសាសន៍លក្ខខណ្ឌ ៦ចំណុចមានដូចជា ១. បរិយានយោបាយសេរី ២. សិទ្ធិនយោបាយ និងសិទ្ធិឈរឈ្មោះបោះឆ្នោត ៣.ឆន្ទៈអ្នកបោះឆ្នោត និងសិទ្ធិបោះឆ្នោត ៤. តួនាទីអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ ៥.កងកម្លាំងប្រដាប់អាវុធ តុលាការឯករាជ្យ និងអព្យាក្រិត្យ និង៦. សមាសភាពគណៈកម្មាធិការរៀបចំការបោះឆ្នោត ។

ចំណែកលោកសោម សូរីដា អគ្គលេខាធិការរងគ.ជ.ប បានបញ្ជាក់បន្ថែមថា អ្វីដែលគ.ជ.ប បានកំពុងអនុវត្តកន្លងមក គឺអនុវត្តកិច្ចការរបស់ខ្លួនដើម្បីធានាឲ្យកិច្ចការរបស់ គ.ជ.ប ដំណើរទៅដោយល្អប្រសើរក្នុងកម្រិតអតិប្បរមា។ ក្នុងកម្រិតអតិប្បរមានេះ គឺដៅទៅលើកិច្ចការរបស់គ.ជ.ប ហើយពិសេសទៅលើយន្តការដឹកនាំគ្រប់គ្រងស្ថាប័នគ.ជ.ប តាំងពីគ.ជ.ប អគ្គលេខាធិការដ្ឋាន ដល់លេខាធិការដ្ឋានរាជធានី ខេត្ត រៀបចំការបោះឆ្នោត ដែលជារចនាសម្ព័ន្ធមួយក្នុងឆ្នាំដែលអត់មានការបោះឆ្នោត។ ប៉ុន្តែនៅឆ្នាំដែលមានរចនាសម្ព័ន្ធ នៃឆ្នាំដែលមានការបោះឆ្នោត គឺមានយន្តការ៤ថ្នាក់ យន្តការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត និងគណៈកម្មការការិយាល័យបោះឆ្នោត ។ អ្វីដែលជាយន្តការដែលមានកំណត់នៅក្នុងច្បាប់ គឺគ.ជ.ប តែងតែពង្រឹងកកិច្ចការអនុវត្តរបស់ខ្លួន ឲ្យបាននៅក្នុងកម្រោតអតិប្បរមាមួយ គឺកិច្ចការទាំងអស់ត្រូវគោរពអនុលោម ទៅតាមបញ្ញត្តិដែលមានចែង នៅក្នុងរដ្ឋធមម្មនុញ្ញក៏ដូចជាច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងច្បាប់សម្រាប់ការបោះឆ្នោត កំពុងនៅជាធរមាន។ កម្រិតអប្បបរមាដែលលើកឡើង ដោយអង្គការសង្គមស៊ីវិល លោកមិនយល់ទេ។ ក្នុងក្របខណ្ឌជាស្ថាប័នគ.ជ.ប គឺយើងប្រឹងប្រែងអនុវត្ត ដើម្បីអនុវត្តទាយយកលទ្ធផលមួយ ឲ្យទទួលបានខ្ពស់បំផុតក្នុងកម្រិតអតិបរមា។

លោកសោម សូរីដា បានបញ្ជាក់ថា “កិច្ចការរបស់យើងក្នុងឆ្នាំ២០២១នេះ គ.ជ.ប កំពុងតៀមរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដើម្បីរៀបចំបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ។ ក្នុងកម្រិតអតិបរមាដែលគ.ជ.ប ប្រមើនិងអនុវត្តឲ្យបាន គឺប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតជាង ១០លាននាក់ ត្រូវធ្វើយ៉ាងណាឲ្យបញ្ជីបោះឆ្នោតធានាបាននូវគុណភាព គឺភាពពេញលេញ ភាពពេញលេញនេះ គឺសំដៅលើប្រឹងប្រែងយ៉ាងណាចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋដែលមានជាង១០លាននាក់នេះ ឲ្យបានក្នុងកម្រិតមួយខ្ពស់ ក្នុងអាត្រាមួយអាចទទួលយកបាន បើធៀបទៅនិងអាត្រាប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៅក្នុងតំបន់ គឺគ.ជ.ប យើង ឬក៏ព្រះរាជាណាចក្រកម្ពុជាយើង បានចុះឈ្មោះអ្នកបោះឆ្នោតបានចំនួន ៨៥.០៦ភាគរយហើយ គឺជាអាត្រាមួយខ្ពស់ណាស់ នេះហើយគឺជាកម្រិតអតិបរមាដែលគ.ជ.ប ខិតខំប្រឹងប្រែងបំពេញនិងអនុវត្តឲ្យបាន”។

ទាក់ទងសមាសភាព គ.ជ.ប លោកសោម សូរីដា បានបញ្ជាក់ថា សមាសភាព គ.ជ.ប ត្រូវបានរៀបចំឡើង ដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ហើយទទួលបានការបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តដោយសភាពេញអង្គ ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ហើយសមាសភាពដែលកំពុងតែមានបច្ចុប្បន្ននេះ គឺសមាសភាពមួយ ដែលរៀបចំឡើងដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ សមាសភាពនេះមិនបានរំលោភ លើបទបញ្ញត្តិច្បាប់ណាមួយទេ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×