តាម Guardian នៅថ្ងៃ ៩ ខែមីនា លោក Trump បានប្រកាសពីការផ្តួចផ្តើមសំណើរឲ្យប្រហារជីវិតពួកឧក្រិដ្ឋជនគ្រឿងញៀន បំណងដោះស្រាយវិបត្តិធ្ងន់ធ្ងរកន្លងមកនៅអាមេរិក ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ
លោកត្រាំថ្លែងថា ៖ “យើងកំពុងខ្ជះខ្ជាយពេលវេលា ហើយប្រសិនបើយើងមិនប្រើកណ្តាប់ដៃខ្លាំងជាងមុនចំពោះពួកជួញដូរគ្រឿងញៀននោះទេ ពោលគឺវិធានការមួយក្នុងចំណោមនោះត្រូវតែ ប្រហារជីវិត” ។ លោកត្រាំបន្តថា ៖ ពិតជាពុំយល់ថា ហេតុអ្វីមនុស្សខ្លះបែរជាប្រឆាំងរឿងនេះ ហើយលោកធ្វើការសន្និដ្ឋានថា ប្រហែលជាប្រទេសអាមេរិកពុំទាន់ត្រៀមស្មារតីរួច ដើម្បីទទួលយករឿងនេះ។
តាមការប៉ាន់ស្មាននោះ មានពលរដ្ឋអាមេរិកប្រមាណ ២.៤០០.០០០នាក់ ដែលញៀនបណ្តាប្រភេទគ្រឿងញៀន រួមមាន ហេរ៉ូអ៊ីន ព្រមទាំងអ្នកដែលញៀនថ្នាំបន្ថយការឈឺចាប់លក់តាមវេជ្ជបញ្ជា។
តាមរបាយការណ៍របស់មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគរាតត្បាតអាមេរិក នោះចំពោះអ្នកដែលប្រើគ្រឿងញៀនហួសកម្រិតក្នុងឆ្នាំ ២០១៧ បានកើនឡើង ៣០% ប្រៀបទៅនឹងឆ្នាំ ២០១៦ ។ របាយការណ៍ដដែលបញ្ជាក់ថា ពីខែ 7/2016-6/2017 មានករណីសង្គ្រោះបន្ទាន់ដោយការប្រើប្រាស់គ្រឿងញៀនហួសកម្រិតមានប្រមាណ 142.557 ករណី ។
មុននោះលោកត្រាំ ក៏ធ្លាប់បង្ហាញពីទស្សនៈតឹងរឹងបំផុតចំពោះពួកឧក្រិដ្ឋជនគ្រឿងញៀន ៖ “ប្រសិនបើអ្នកបាញ់ស្លាប់មនុស្សម្នាក់ គេអាចប្រកាសសាលក្រមប្រហារជីវិតអ្នក ប៉ុន្តែពួកជួញដូរគ្រឿងញៀនដោយប្រយោលវាបានសម្លាប់មនុស្សពី ២.០០០-៣.០០០ នាក់ តែវានៅបន្តមានជីវិត” ៕ សូយន