ខេត្តរតនគិរី ៖ ក្មេងស្រីម្នាក់ដែលជាកម្មករជៀជ័រកៅស៊ូ ត្រូវបានឃាតករធ្វើសកម្មភាពចាប់រំលោភបានសម្រេច ហើយវាយសម្លាប់ និងបានប្លន់យកទូរស័ព្ទមួយគ្រឿង ដែលហេតុការណ៍នេះបានបង្កឲ្យភ្ញាក់ផ្អើនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៨ ស្ថិតនៅក្នុងចំណុចចម្ការកៅស៊ូរបស់ឈ្មោះ ចាប ណារិន ស្ថិតក្នុងភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
សមត្ថកិច្ចនគរបាលវិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រ៉ន សេងហ៊ង អាយុ ២០ ឆ្នាំមានទីលំនៅភូមឃុំកើតហេតុ ជាកម្មករជៀជ័រកៅស៊ូ ។
ម្តាយក្មេងស្រីរងគ្រោះ បាននិយាយថា នាងបានបាត់ចេញពីផ្ទះ នៅក្នុងចំការកៅស៊ូ តាំងពីវេលាម៉ោងប្រហែល ១០ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ហើយបាននាំគ្នាដើររកដែរ តែរកមិនឃើញ លុះដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ ពួកគាត់ក៏បាននាំគ្នាដើររកទៀត ក៏ជួបប្រទះឃើញសពកូនស្រីដេកស្លាប់ នៅក្នុងគុម្ពចេក ចុងចំការកៅស៊ូ ដែលមានចង្ងាយពីផ្ទះប្រហែល៦០០ម៉ែត្រ ។ ស្ត្រីជាម្តាយ បានបញ្ជាក់ថា សពរបស់នាង ដេកស្លាប់ដោយមិនមានខោនោះទេ គឺខោខូវប៉យរបស់នាង ត្រូវបានឃាតកររំលោភសម្លាប់រួច យកខោទៅបាត់ រួមជាមួយនឹងទូរស័ព្ទដៃមួយគ្រឿង។
សមត្ថកិច្ចនគរបាលវិទ្យាសាស្ត្រ បានបញ្ជាក់ថា នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញ សម្ភារៈមួយចំនួន ដូចជា កងដៃកាឡៃ១ជារបស់ជនរងគ្រោះ ខ្សែកកាឡៃ១ខ្សែ ជារបស់ជនរងគ្រោះ ស្បែកជើងផ្ទាត់១គូ ដំបងឈើជ្រុង១ដែលមានជាប់ឈាម។ សមត្ថកិច្ចនគរបាលវិទ្យាសាស្ត្រ បានសន្និដ្ឋានថា ជាតាមលទ្ធផល នៃការធ្វើកោសល្យវិច័យ គឺជនរងគ្រោះ ត្រូវបានជនសង្ស័យ រំលោភ ហើយវាយសម្លាប់តែម្តង។ ករណីនេះ ការិយាល័យជំនាញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ កំពុងធ្វើការ ស្រាវជ្រាវស៊ើបអង្កេតតាមចាប់ជនល្មើស៕ ដោយ ៖ បញ្ញាស័ក្តិ