បវរកញ្ញាចក្រវាឡ ឆ្នាំ ២០១២ Olivia Culpo បានត្រូវមិត្តប្រុសសុំបែកផ្លូវគ្នា ក្រោយពេលនាងបានថតអាល់ប៊ុម “អាក្រាតសាហាវ” ហួសហេតុនូវទស្សនាវដ្តីផ្សាយពាណិជ្ជកម្ម ឈុតងូតទឹក សម្រាប់មនុស្សពេញវ័យ។
តារាកីឡាបាល់ឱប Danny Amendola បានបញ្ចប់ជីវិតស្នេហា ២ឆ្នាំជាមួយមិត្តស្រី ហើយប្រកាសសុំបែកផ្លូវ ព្រមទាំងលុបចោលរូបភាពស្នេហ៍ស្និទ្ធរវាងអ្នកទាំង២ លើគេហទំព័រឯកជន ។
ប្រភពព័ត៌មានឲ្យដឹងថា មូលហេតុនាំឲ្យមានការកាត់ផ្តាច់នេះ ព្រោះតែរវាងពួកគេច្រើននៅឆ្ងាយពីគ្នា ពុំសូវបានជួបគ្នា។ លើសពីអ្វីទាំងអស់ ព្រោះតែ Amendola ពុំពេញចិត្តជាមួយអាល់ប៊ុមរូបភាពអាក្រាតកាយថ្មីៗនេះ ដែល Culpo ថតឲ្យទស្សនាវដ្តីឈុតងូតទឹក Sports Illustrated ។
មុននេះមិនយូរប៉ុន្មាន ព័ត៌មានពីរឿងផ្តាច់ស្នេហ៍របស់តារាល្បីទាំង ២រូបនេះ បានលេចឮ តែអ្នកទាំង២ រក្សាភាពស្ងៀមស្ងាត់ ។ ប៉ុន្តែប្រហែលជាកម្រងរូបភាពអាក្រាតរបស់ Culpo វាជាតំណក់ទឹកចុងក្រោយធ្វើឲ្យ “កំពប់ទឹក” ចេញពីកែវ ៕ លីសា