កណ្ដាល ៖ ជិះម៉ូតូជ្រុលទៅបុកគូទរថយន្ដ ដែលកំពុងឈប់ធ្វើការជួសជុល នៅលើស្ពានអ្នកលឿង បណ្តាលមនុស្ស ២ នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើត កាលពីវេលាម៉ោង២០និង៥០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ដ្រីនគរបាលចរាចរណ៍ស្រុកលើកដែក បានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ យ៉ុង និត ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកសិករ ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ1C-2938 រួមដំណើរម្នាក់ឈ្មោះ សឿនអ៊ូក ភេទប្រុស អាយុ៦ឆ្នាំ ។ ជនរងគ្រោះទាំង ២ នាក់ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែករថយន្ដម៉ាកហ៊ីណូ ពណ៌ស ទ្រុងខៀវ ពាក់ស្លាកលេខ ស្ទឹងត្រែង 3A-9248 អ្នកបើកបររត់គេចខ្លួនបាត់ ។ នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដមួយគ្រឿងម៉ាកហ៊ីណូ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ១ លុះបើកមកដល់ចំណុចកើតហេតុលើស្ពានអ្នកលឿង ស្រាប់តែរថយន្ដខូចទៅមុខលែងរួច ភ្លាមនោះអ្នកបើកបរថយន្ដបានឈប់រថយន្ដ រួចបើកភ្លើងស៊ីញ៉ូសុំផ្លូវជាសញ្ញា ដើម្បីធ្វើការជួសជុល ខណៈនោះក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ បានជិះក្នុងល្បឿនលឿន បានជិះមកបុករថយន្ដពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះម៉ូតូនិងអ្នករួមដំណើរស្លាប់ដួលបោកក្បាលទៅនិងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរថយន្ដ បានទុករថយន្ដចោល រួចរត់គេចខ្លួនបាត់ស្រមោល ៕ ដោយ ៖ បញ្ញាស័ក្តិ