Friday, January 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ៖ ដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន

ភ្នំពេញ ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាកម្រិតខ្ពស់ នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពីដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន ដែលរៀបចំឡើង ដោយផ្ទាល់នៅរដ្ឋធានីប៉េកាំង និងតាមអនឡាញនៅរាជធានីភ្នំពេញ នថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីស្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

វេទិកាដ៏មានអត្ថន័យនិងអត្ថប្រយោជន៍នេះឡើង ក្រោមកិច្ចសហប្រតិបត្តិការជាមួយលេខាធិការដ្ឋានជាតិ នៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា ប្រធានបទនៃវេទិកានេះ ពិតជាមានសារៈសំខាន់ និងមានលក្ខណៈបច្ចុប្បន្នភាព ដែលឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន។


វេទិកានេះពិតជាបានប្រារព្ធឡើង ក្នុងកាលៈទេសៈដ៏សមស្របបំផុត ក្នុងខណៈដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានឈានដល់កម្រិតកំពូល គ្រប់ជ្រុងជ្រោយ។ ជាពិសេស នៅក្នុងកាលៈទេសៈ នៃការរីករាតត្បាតមេរោគកូវីដ-១៩ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ តែងយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមក។
ជាក់ស្ដែងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចំពេលដែលមមានការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ក្នុងន័យដើម្បីបង្ហាញពីការលើកទឹកចិត្ត និងការគាំទ្ររបស់កម្ពុជា ចំពោះប្រទេសចិន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបញ្ជាក់ថា ការរៀបចំវេទិកានេះ គឺជាការផ្តល់ឱកាសសម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងអ្នកស្រាវជ្រាវចិន បានជួបពិភាក្សាដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ការស្វែងយល់គ្នាទៅវិញទៅមក ហើយតាមរយៈការយល់ឃើញត្រឹមត្រូវពីគ្នាទៅវិញទៅមកនេះ វាក៏នឹងពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ យូរអង្វែងរវាងកម្ពុជានិងចិន និងដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលទាំងពីរ ក្នុងការពង្រឹងនិងការពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ឱ្យកាន់តែជិតស្និទ្ធ និងទំនាក់ទំនងរវាងប្រជាជននិងប្រទេសទាំងពីរ។

ព្រឹត្តិការណ៍ថ្ងៃនេះ គ្រាន់តែជាចំណុចចាប់ផ្តើមតែប៉ុណ្ណោះ នៅមានកិច្ចការជាច្រើនទៀត ដែលបញ្ញវន្តនិងអ្នកស្រាវជ្រាវ របស់ប្រទេសយើងទាំងពីរត្រូវធ្វើ ដើម្បីរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ ក៏ដូចជាតំបន់ ឱ្យកាន់តែស៊ីជម្រៅ និងស្អិតល្មួតថែមទៀត។ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ​នៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវប្រមូលចងក្រងបទអន្តរាគមន៍ និងជ្រើសយកអត្ថបទល្អៗ ដើម្បីផ្សព្វផ្សាយដល់ប្រជាជន នៃប្រទេសយើងទាំងពីរ ឱ្យបានទូលំទូលាយ និងសម្រាប់អ្នកសិក្សាស្រាវជ្រាវ ជំនាន់ក្រោយៗទៀត។

ដោយពិនិត្យឃើញថា វេទិកាបែបនេះមានសារសំខាន់ណាស់ ក្នុងការបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព គ្រប់ជ្រុងជ្រោយ រវាងប្រទេសយើងទាំងពីរ និងក្នុងការបន្តបង្កើនការឈ្វេងយល់ ពីគ្នាទៅវិញទៅមក ឱ្យកាន់តែច្បាស់ រវាងប្រជាជននៃប្រទេសយើងទាំងពីរ ស្នើសុំឱ្យភាគីចិន បន្តជួយវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិនៃកម្ពុជា ដើម្បីមានលទ្ធភាព រៀបចំវេទិកាបែបនេះ បន្តទៀតឱ្យបានញឹកញាប់ និងទៀងទាត់ ជាពិសេស សុំឱ្យជួយឧបត្ថម្ភសម្រាប់ការស្រាវជ្រាវ ដើម្បីរកធាតុចូលជូនរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីបន្តលើកកម្ពស់ទំនាក់ទនង រវាងប្រទេសទាំងពីរ​ ឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិករបស់រាជបណ្ឌិត្យសភាកម្ពុជា ជាពិសេស វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ដែលបានធ្វើឱ្យសម្រេចនូវលទ្ធផល គួរជាទីមោទនៈនាថ្ងៃនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ