បុរសជាឪពុកគ្មានការទទួលខុសត្រូវម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់បង្ខំឲ្យកូនប្រុសអាយុ ៩ ខែ របស់ខ្លួនជក់បារី និងថតរូបបង្ហោះឡើងលើបណ្តាញសង្គម ។
ប៉ូលីសនៅកោះ Madura ស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌូនេស៊ី បានប្រទះឃើញរូបភាពដ៏រន្ធត់ចិត្តនេះ និងចុះទៅធ្វើការឃាត់ខ្លួនឪពុករូបនេះភ្លាមៗ ខណៈប្រពន្ធរបស់គាត់ដែលជាអ្នកថតរូប បានរួចផុតពីការចាប់ខ្លួន ។
នៅចំពោះមុខសមត្ថកិច្ច បុរសជាឪពុករូបនេះ ដែលមានឈ្មោះថា Muzammil អាយុ ៣៦ ឆ្នាំ បាននិយាយថា រូបគាត់បានគិតថាវាជាសកម្មភាពលេងសើចប៉ុណ្ណោះ ចំពោះការដាក់ដើមបារីចូលទៅក្នុងមាត់កូនប្រុស ។ ហើយគាត់បន្ទាប់មក ក៏បានឲ្យប្រពន្ធរបស់គាត់ឈ្មោះ Ummu Slamah អាយុ ១៨ ឆ្នាំ ថតរូបភាពបង្ហោះឡើងអនឡាញទៅ ។
ទោះយ៉ាងណា បើយោងតាមសារព័ត៌មានក្នុងស្រុក នោះពុំមានការចោទប្រកាន់ឲ្យជាក់លាក់ នៅក្នុងច្បាប់ឥណ្ឌូនេស៊ីទេ ចំពោះទង្វើលើកទឹកចិត្តកុមារឲ្យជក់បារី ។ ប៉ុន្តែ បុរសជាឪពុករូបនេះនឹងអាចជាប់ពន្ធនាគារ ៦ ខែ ស្ថិតក្នុងក្រោមច្បាប់ការពារកុមារ ៕ ចន្ទី