ភ្នំពេញ ៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា , លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន , ការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន សហការគ្នារៀបចំ«វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពីដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មី នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ នេះ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា «វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពីដំណើរឆ្ពោះទៅកាន់ដំណាក់កាល នៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» បានពិភាក្សាយ៉ាងស៊ីជម្រៅប្រកបដោយភាពរស់រវើក និងបានឆ្លើយតបយ៉ាងល្អចំពោះប្រធានបទទាំងបី ដែលគណៈកម្មការរៀបចំវេទិកាបានស្នើឡើងរួមមាន (១).កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ និងអភិបាលកិច្ចរដ្ឋ (២).កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន លើវិស័យសេដ្ឋកិច្ច និង(៣).កិច្ចសហប្រតិបត្តិការលើវិស័យសង្គម-វប្បធម៌កម្ពុជា-ចិន និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។
លោកបណ្ឌិតបន្តថា វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២នេះ ពិតជាមានលក្ខណៈពិសេសដោយយើងបានទទួលវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសយើងទាំងពីរ ដែលខាងភាគីកម្ពុជា មានរហូតដល់ទៅថ្នាក់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ និងប្រធានវិទ្យាស្ថាននានាចំណុះរាជបណ្ឌិត្យសភាកម្ពុជា។ រីឯភាគីចិន មានរហូតដល់ថ្នាក់សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានគណៈឃោសនានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្នាក់អនុរដ្ឋមន្ត្រី និងអ្នកសិក្សាស្រាវជ្រាវជាច្រើនទៀតនៃប្រទេសចិន។ ទន្ទឹមនឹងនោះ អ្វីដែលធ្វើឱ្យយើងកាន់តែមានកម្លាំងចិត្តខ្លាំងថែមទៀតនោះ គឺវត្តមាននៃប្រធានបណ្ឌិត្យសភាទាំងពីរប្រទេស ដែលជាប្រធានស្ថាប័នវិទ្យាសាស្ត្រនៃប្រទេសយើងទាំងពីរ។
លោកបណ្ឌិត គិន ភា បានបន្តទៀតថា ឆ្នាំនេះពិសេសជាងឆ្នាំណាៗទាំងអស់ ដែលកត់សម្គាល់នូវព្រឹត្តិការណ៍សំខាន់ៗចំនួនបីដែលពាក់ព័ន្ធនឹងកម្ពុជានិងចិន ទីមួយ. ជាខួប១០០ឆ្នាំនៃការបង្កើតគណបក្សកុម្មុយនីស្តចិន ទីពីរ. ជាខួប៧០ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចនិងជាគណបក្សដ៏ធំជាងគេនៅកម្ពុជា និងទីបី. ជាខួប៦៣ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងចិន។ ទន្ទឹមនឹងនេះ ទំនាក់ទំនងកម្ពុជា-ចិន បានមកដល់កម្រិតខ្ពស់បំផុតមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានហត្ថលេខាលើកិច្ចព្រមព្រៀង កសាងសហគមន៍ដែលមានអនាគតរួមគ្នារវាងប្រទេសទាំងពីរកម្ពុជា-ចិន។ ដូច្នេះ ក្នុងនាមជាអ្នកវិទ្យាសាស្ត្រ យើងចាំបាច់ត្រូវចូលរួមចំណែកជាមួយនឹងរដ្ឋាភិបាលយើងទាំងពីរ ក្នុងការពង្រឹងនិងអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើនយោបាយ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនយើងទាំងពីរឱ្យកាន់តែល្អប្រសើរទ្វេឡើងថែមទៀត និងដើម្បីចូលរួមលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមកតាម រយៈការយល់ដឹងអំពីគ្នាឱ្យបានត្រឹមត្រូវ។
លោកបណ្ឌិត គិន ភា បន្តថា ក្នុងន័យនេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជា និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិនបានសហការគ្នាចាត់តាំង«វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន លើកទី២ ស្តីពី ដំណើរឆ្ពោះទៅកាន់ដំណាក់កាលនៃការវិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន» នេះឡើង ដោយមានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា លេខាធិការដ្ឋានជាតិនៃធនាគារខួរក្បាលនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងការិយាល័យកិច្ចសហប្រតិបត្តិការអន្តរជាតិនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន ជាអ្នករៀបចំ។
វេទិកានេះត្រូវបានបង្កើតឡើងនៅខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហ្វូចៀន នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមគំនិតផ្តួចផ្តើមផ្ទាល់របស់ខ្ញុំរួមជាមួយលោកសាស្រ្តាចារ្យ វ៉ាង លីងហ្កួយ ដែលពេលនោះលោកគឺជាអនុប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គលេខាធិការវិទ្យាស្ថានជាតិសម្រាប់យុទ្ធសាស្រ្តសាកលនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តសង្គមចិន។ វេទិកាលើកទី១ ត្រូវបានរៀបចំដោយជោគជ័យនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅក្រុងសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះថា វេទិកាកិច្ចសហប្រតិបតិ្តការកម្ពុជា-ចិនប្រចាំឆ្នាំលើកទី១ ស្តីពី «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិនឆ្ពោះទៅសហគមន៍ដែលមានអនាគតរួមគ្នា ៖ យើងរីកចម្រើនទាំងអស់គ្នា»។
វេទិកាលើកទី២ យើងបានគ្រោងរៀបចំនៅឆ្នាំ២០២០ នៅខេត្តយូណាន ប្រទេសចិន ប៉ុន្តែ ជំងឺកូវីដ-១៩ បានធ្វើឱ្យខកខានកិច្ចខិតខំប្រឹងប្រែងរបស់យើង។ ទោះជាបែបនេះក្តី ដោយឆន្ទៈមោះមុតក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ វេទិកាលើកទី២ត្រូវបានរៀបចំឡើងក្នុងទម្រង់កូនកាត់ គឺរៀបចំផ្ទាល់នៅរដ្ឋធានីប៉េកាំង និងតាមអនឡាញនៅកម្ពុជា ប៉ុន្តែ យើងប្តូរឈ្មោះជា «វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិន» វិញ។
ដូចដែលបានលើកឡើងដោយវាគ្មិនជាច្រើន ទាំងពីភាគីកម្ពុជានិងទាំងពីភាគីចិន រយៈពេលពេញមួយថ្ងៃ ដោយបានកត់សម្គាល់នូវទំនាក់ទំនងពិសេសរវាងកម្ពុជានិងចិនលើគ្រប់វិស័យ គ្រប់កម្រិត និងគ្រប់កាលៈទេសៈ ជាពិសេសក្នុងស្ថានភាពដែលប្រទេសទាំងពីរ កម្ពុជានិងចិន ក៏ដូចជាពិភពលោកទាំងមូលកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសកម្ពុជាប្រយុទ្ធប្រឆាំងនិងបង្ការជំងឺរាតត្បាតដ៏កាចសាហាវនេះ៕ រក្សាសិទ្ធិដោយៈ ចេស្តារ