ខេត្តស្វាយរៀង ៖ បន្ទាប់ពីទទួលព័ត៌មានពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត ស្តីពីករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅថ្ងៃអង្គារ ១១កើត ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានចាត់ឲ្យក្រុមការងារសាខា ដឹកនាំដោយ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា នាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនគ្រួសារដែលរងគ្រោះដោយសារអគ្គីភ័យឆេះផ្ទះដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ពេលម្ចាស់ផ្ទះមិននៅ)វេលាម៉ោង ៧និង៣០ នាទី យប់ ថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០១៨ បណ្តាលឲ្យឆេះផ្ទះ ១ ខ្នងទំហំ ៤X៨ m សង់ពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រួមនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ៖ គ្រួសាររងគ្រោះឈ្មោះ សួស ភា ភេទប្រុស អាយុ ៣៧ ឆ្នាំ ប្រពន្ធឈ្មោះ ម៉ម ឆាត់ឆា អាយុ ២៧ ឆ្នាំ មានសមាជិក ៥ នាក់ រស់នៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។
ក្នុងឱកាសនោះ លោកស្រី ពៅ សុភាព ហេរញ្ញឹកគណៈកម្មាធិការសាខា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តី អាណិតអាសូរ និងការសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនាពេល នេះ ។ ជាមួយគ្នានេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនី ដែលជាប្រភពនៃគ្រោះថ្នាក់ ជាពិសេសចំពោះបងប្អូនដែលប្រើប្រាស់ផ្ទាំងសូឡា ត្រូវមានការប្រុងប្រយ័ត្ន ឧស្សាហ៍ត្រួតពិនិត្យ ជៀសវាង មានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ ហើយសូមកុំអស់សង្ឃឹម ត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាប៉ុណ្ណោះ ។
អំណោយដែលបានចែកជូនមានអង្ករ ៥០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្លរ ២ កន្ទេលបត់ ១ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ១,៥០០,០០០ រៀល ក្នុងនោះថវិការបស់សាខា ៤០០,០០០ រៀល ឯកឧត្តម ជ័យ សុន ១,០០០,០០០ រៀល និងថវិកាក្រុមការងារអនុសាខាក្រុង ១០០,០០០ រៀល ៕ វ៉ៃកូ