Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​៤១ គ្រួសារ​ផ្តិតមេដៃ​ស្នើ សម្តេច ហ៊ុន សែន ចាត់ការ លោក ហៀក សុផាន នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី ដែល​សង់​សំណង់​រំលោភ​យក​ចំណី​ផ្លូវ​សាធារណៈ​

spot_img

​មណ្ឌលគិរី ៖ ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ ដែល​មាន​ផ្ទះ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣ អឹម​ខេ​១១(3Mk11) ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី បាន​ទទូច​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ នៃ​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឲ្យជួយ​អន្តរាគមន៍​ទៅ​លោក ហៀក សុផាន នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី ដែល​បុគ្គល​រូបនេះ បាន​សង់​សំណង់​រឹងមាំ រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ បង្ក​ការលំបាក​ដល់​ការធ្វើដំណើរ​ចេញ​ចូល​ក្នុង​មូលដ្ឋាន​នេះ​រាល់ថ្ងៃ​។​

ផ្តើម​ពី​បញ្ហា​នេះ ក្រុម​ប្រជាពលរដ្ឋ​ចំនួន ៤១​គ្រួសារ រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣ អឹម​ខេ​១១ (3Mk11) ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង លោក ហៀក សុផាន នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី ទៅកាន់​ស្ថាប័ន​កំពូលៗ នៃ​រាជរដ្ឋាភិបាល​ចំនួន​៣ រួមមាន​៖ ខុទ្ធកាល័យ​សម្តេច​តេជោ ហ៊ុន សែន​។ សម្តេច​ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បី​ស្នើ​ជួយ​អន្តរាគមន៍ និង​ជួយ​រក យុត្តិធម៌​ជូន​ពួកគាត់ ដែល​ត្រូវ​បុគ្គល​ឈ្មោះ ហៀក សុ​ផា​ពលរដ្ឋ​៤១ ន នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី បាន​សាងសង់​សំណង់​រឹងមាំ រំលោភ​យក​ដី​ចិញ្ចើមផ្លូវ​សាធារណៈ បង្កបញ្ហា លំបាក​ដល់​ការធ្វើដំណើរ​ចេញ​ចូល​តាម​ផ្លូវ​នេះ​ជា​រៀងរាល់ថ្ងៃ​។

​ទាក់ទិន​បញ្ហា​នេះ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ គេហទំព័រ CEN.COM.KH បាន​ទទួល​ពាក្យបណ្តឹង​ពី លោក យ៉​ន សារិទ្ធ ដែល​ជា​តំណាងឲ្យ​ប្រជាពលរដ្ឋ​ទាំង ៤១​គ្រួសារ រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣ អឹម​ខេ​១១(3Mk11) ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​។ លោក យ៉​ន សារិទ្ធ បានបង្ហាញ​ឯកសារ​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ ដាក់ជូន សម្តេច​តេជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧​។ ហើយ​ពាក្យបណ្តឹង​នេះ​ត្រូវ ទីស្តី ការគណៈរដ្ឋមន្ត្រី របស់​សម្តេច​តេជោ បាន​ទទួល​ម៉ោងជាង ៤​ល្ងាច​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៧​។ ពាក្យបណ្តឹង ដែល​នេះ បាន​ដាក់ជូន សម្តេច​ក្រឡាហោម ស ខេង រដ្ឋ​មន្ត្រ​ក្រសួងមហាផ្ទៃ និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ចុះ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១៧ ដូចៗ​គ្នា​។​

​ខ្លឹមសារ​នៅក្នុង​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​ទាំង ៤១​គ្រួសារ បាន​ជម្រាបជូន​សម្តេច​ទាំង​បី​ថា លោក ហៀក សុផាន តួនាទី​ជា​នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី បាន​សាងសង់​សំណង់​រឹងមាំ រំលោភ​យក​ដី​ចិញ្ចើមផ្លូវ​សាធារណៈ នាំឲ្យ​ប៉ះពាល់​ដល់​ការធ្វើ ដំណើរ របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ​។ ពាក្យបណ្តឹង​ដដែល​បានបញ្ជាក់​ថា លោក ហៀក សុផាន បាន​សាងសង់​សំណង់​រឹងមាំ​ប៉ះបាល់​ដល់​ដី​ចំណី​ផ្លូវ​លេខ​៣MK11​។ ចាក់​ប្លង់​សេ ឬ​ចាក់​បេតុង និង​សសរ​គ្រឹះ​បណ្តុះ​ឡើង​លើ​រួចហើយ​។ សាងសង់​សំណង់​នៅលើ​គម្រប​លូ តាម​បណ្តោយ​ផ្លូវ​លេខ​៣MK11​និង​ផ្លូវ​លេខ​៧៦A និង លោក ហៀក សុផាន ក៏​បាន​សាងសង់​ស្លាក​យីហោ​ផ្ទះ សំណាក់ រតនៈ មុនី​ឧត្តម ពី​កែង​ផ្លូវ​នៅ ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ បាន​ប៉ះពាល់​ផ្លូវ​សាធារណៈ​ថែមទៀត​។​

ប្រជាពលរដ្ឋ បាន​រៀបរាប់​ជូន​សម្តេច​ទាំង​៣ ជា​បន្ត​ទៀត​ថា កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១៧ កន្លង​មក​ទៅ លោក ហៀក សុផាន បាន​ចាក់​សសរ​គ្រឹះ នៅតាម​បណ្តោយ​ផ្លូវ​៣MK11 រំលោភ​ទៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ និង​បង្ក​ផលវិបាក​ក្នុងការ​ធ្វើ​ដំណើរ​ចេញ​ចូល​តាម​ផ្លូវ​មួយ​នេះ​ជា​ខ្លាំង​។

​ផ្តើម​ពី​បញ្ហា​នេះ ប្រជាពលរដ្ឋ​ទាំង ៤១​គ្រួសារ បាន​សំណូមពរ​ដល់ សម្តេច ហ៊ុន សែន សម្តេច ស ខេង និង​សម្តេច ហេង សំរិន ឲ្យជួយ​មាន​វិធានការ​ទប់ស្កាត់​សម្មភាព របស់ លោក ហៀក សុផាន បច្ចុប្បន្នេះ មាន​តួនាទី​ជា​នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី ឲ្យ​បញ្ឈប់​សាងសង់​សំណង់​រឹងមាំ រំលោភ​ដី​ចំណី​ផ្លូវ​លេខ​៣MK11​តទៅទៀត​។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ទាំង ៤១​គ្រួសារ រស់នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣ MK11 រស់នៅ​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ធ្លាប់​បាន​ដាក់​ពាក្យបណ្តឹង​សុំ​អន្តរាគមន៍​ជូន លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដើម្បី​ស្នើឲ្យ​ជួយ​អន្តរាគមន៍បញ្ឈ​ប់កា​រ​សាងសង់​សំណង់​រឹងមាំ​សង់​ប៉ះពាល់​ដី​ចំណី​ផ្លូវ​លេខ​៣MK11​នេះដែរ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ​។

​វិវាទ​នេះ​ដែរ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧ លោក ឡុង វិបុល អភិបាល ក្រុង​សែន​មនោ​រម្យ ធ្លាប់​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ទៅ​សម្របសម្រួល ជាមួយ​ប្រជាពលរដ្ឋ​ចំនួន ៦​គ្រួសារ ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា ជាមួយ​លោក ហៀក សុផាន និង​ជា​ម្ចាស់ផ្ទះ​សំណាក់ រតនៈ មុនី​ឧត្តម ដែល​សាងសង់​រឹងមាំ​រំលោភ​យក​ដី​ចំណី​ផ្លូវ​សាធារណៈ នៅតាម​បណ្តោយ​ផ្លូវ​លេខ​៣ MK11 ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ។

​កាលណោះ ការចុះ​សម្របសម្រួល​ពី​សំណាក់ អភិបាលក្រុង​សែន​មនោ​រម្យ លោក ឡុង វិបុល បាន​ឈាន​ដល់​ភាគី​ទាំង​២ បាន​ឯកភាព​ព្រមព្រៀងគ្នា​៤​ចំណុច រួមមាន​៖ តម្រូវឲ្យ​ម្ចាស់​ផ្ទះសំណាក់រ​តនៈ​មុនី​ឧត្តម ត្រូវ​សាងសង់​សំណង់​ទៅតាម​ជម្រាល​ផ្លូវ​។ ទី​២ បញ្ឈប់​ការសាងសង់​សំណង់​នៅ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​។ ទី​៣ មិន​ឲ្យ​ចាក់បណ្តុះ​សសរគ្រឹះ​ឡើង​លើ ឬត​សំ​យ៉ាប​ប៉ះពាល់​ដល់​ដី​ចំណី​ផ្លូវ និង​ទី​៤ ត្រូវរ​រុះរើ​និង​ដក​ស្លាក​យីហោ​ផ្ទះសំណាក់ រតនៈ មុនី​ឧត្តម ចេញពី​កែវ​ផ្លូវ​។​

​ទាក់ទិន​ទំនាស់​នេះដែរ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​បាន​ចុះ​ពិនិត្យ​ផ្ទាល់​ដល់​កន្លែង​កើតមាន​ទំនាស់ កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ កាលណោះ លោក​អភិបាលខេត្ត បាន​ស្នើ​ទៅ​ភាគី​ទាំង​២​ថា ស្នើឲ្យ លោក ហៀក សុផាន ជា​ម្ចាស់​ផ្ទះសំណាក់ រតនៈ មុនី​ឧត្តម អនុវត្ត​ទៅ​តាម​ការព្រមព្រៀង ដែល​បាន​ឯកភាពគ្នា ទាំង​៤​ចំណុច​ខាងលើ​។ ប៉ុន្តែ​ជាក់ស្តែង​ប្រជាពលរដ្ឋ អះអាងថា គិត​មកដល់ពេលនេះ លោក ហៀក សុផាន នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី និង​ត្រូវ​ជា​ម្ចាស់ផ្ទះ​សំណាក់ រតនៈ មុនី​ឧត្តម មិន​បាន​គោរព​ទៅតាម​កិច្ចព្រមព្រៀង ដែល​បាន​ឯកភាព​គ្នា​ទាំង ៤​ចំណុច​ខាងលើ​នោះទេ​។

បន្ថែម​លើ​នេះ ប្រជាពលរដ្ឋ​អះអាងថា រាល់ថ្ងៃនេះ លោក ហៀក សុផាន បាន​បន្ត​សាងសង់​សំណង់​រឹងមាំ​ជា​បន្តបន្ទាប់ នៅលើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ផ្លូវ​លេខ​៣ MK11 ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ដោយ​មិន​ស្តាប់​តាម​ខ្លឹមសារ នៃ​កិច្ចព្រមព្រៀង ដែល​មាន​លោក ឡុង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ និង លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​សម្របសម្រួល​នោះទេ​។

​ដោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ តំណាង​ពលរដ្ឋ​ទាំង ៤១​គ្រួសារ បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​ពួកគាត់ ក៏​បាន​ដាក់​ពាក្យបណ្តឹង​ស្នើសុំ​កិច្ច​អន្តរាគមន៍ ទៅ​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ជាថ្មី​ម្តងទៀត ប៉ុន្តែ​មិន​មាន​ចំណាត់ការ​ទេ ទើប​ប្រជាពលរដ្ឋ​បន្ត​ស្នើ​កិច្ច​អន្តរាគមន៍​មកកាន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូលៗ ឲ្យជួយ​អន្តរាគមន៍​ជា​បន្តប​ន្ទា​ប់​ទៀត​មក​ដល់ពេលនេះ​។​

​អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH មិនទាន់​អាច​ទាក់ទង លោក ហៀក សុផាន នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី និង​ជា​ម្ចាស់ផ្ទះ​សំណាក់ រតនៈ មុនី​ឧត្តម ដើម្បី​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់ របស់​ប្រជាពលរដ្ឋ​ទាំង ៤១​គ្រួសារ ខាងលើ​បាន​ទេ នៅ​ថ្ងៃ​អង្ការ៍ ទី​២៧ ខែ​មីនា ឆ្នាំ​២០១៨​។ ប៉ុន្តែ​កន្លងមក លោក ហៀក សុផាន ត្រូវបាន​បណ្តាញ​ផ្សព្វផ្សាយ​ក្នុងស្រុក ដកស្រង់​សំដី​មក​ចុះ​ផ្សាយ ដោយ​លោក​ចាត់​ទុក​ករណី​ខាងលើ​ថា គ្រាន់តែ​ជា​រឿង​ទឹក​មួយ​ត្រឡោក​សោះ ធ្វើឲ្យ​ដឹងឮ​ដល់​ស្តេចដែរ​។

​តំណាង​ប្រជាពលរដ្ឋ​ទាំង ៤១​គ្រួសារ លោក យ៉​ន សារិទ្ធ ដែលជា​អ្នក​តំណាង​ដាក់​ពាក្យបណ្តឹង ជូន​សម្តេច​ទាំង​៣ នៃ​ប្រធាន​ស្ថាប័ន​កំពូលៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា បានឲ្យ​ដឹង​បន្ថែមថា កាលពីដើម​ខែ​មករា ឆ្នាំ​២០១៨ លោក ហៀក សុផាន នាយក​រដ្ឋបាល​សាលាខេត្ត មណ្ឌលគិរី ដែល​សង់​សំណង់​រឹងមាំ រំលោភ​ដី​ចំណី​ផ្លូវ​សាធារណៈ​ខាងលើនេះ គឺ​បាន​ទូរស័ព្ទឲ្យ​លោក​ទៅ​ជួប​ខាង​អន្តរ​វិស័យ សាលាខេត្ត​នេះ ប៉ុន្តែ​នៅតែ​គ្មាន​ដំណោះស្រាយ​ដដែល​។​

​យ៉ាងណា​ក៏ដោយ​ចុះ តំណាង​ប្រជាពលរដ្ឋ​ទាំង ៤១​គ្រួសារ រំពឹងថា កង្វល់ របស់​ប្រជាពលរដ្ឋ លើ​ករណី លោក ហៀក សុផាន បច្ចុប្បន្ន​មាន​តួនាទី​ជា​នាយក​រដ្ឋបាល​សាលា​ខេត្តមណ្ឌលគិរី ដែល​បាន​សង់​សំណង់​រឹងមាំ​រំលោភ​ដី​ចំណី​ផ្លូវ​លេខ​៣ MK11 ស្ថិតក្នុង​ភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ពួកគេ​មាន​ជំនឿ​ថា សម្តេច​ទាំង​៣ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដែល​មាន​កិត្តិ​បណ្ឌិត ក្នុង​ការដឹកនាំ​ប្រទេស​ឲ្យមាន​សុខសន្តិភាព និង​មាន​ការអភិវឌ្ឍ​មកដល់​បច្ចុប្បន្ន​នេះ នឹង​អាចជួយ​បញ្ឈប់​សកម្មភាព​សង់​សំណង់​រឹងមាំ រំលោភ​ដី​ចំណី​ផ្លូវ​សាធារណៈ របស់លោក ហៀក សុផាន នៅ​មូលដ្ឋាន​ខាងលើ ឲ្យស្រប​តាម​កង្វល់ និង​ការចង់បាន របស់​ប្រជាពលរដ្ឋ​ទាំង ៤១​គ្រួសារ ក្នុង​ពេល​ឆាប់ៗ​នេះ​ជាក់​ជាមិនខាន​៕ ដែន សីមា​

spot_img
×