ក្រុមហ៊ុន Nidec Sankyo នៅក្នុងទីក្រុងហូជីមិញ បានប្រែក្លាយរោងចក្រដ៏ធំរបស់ខ្លួន ទៅជាជំរុំបោះតង់បណ្តោះអាសន្នសម្រាប់កម្មកររាប់ពាន់នាក់ ស្នាក់នៅដាច់ដោយឡែក បន្ទាប់ពីរកឃើញកម្មករជាច្រើននាក់ បានឆ្លងជំងឺកូវីដ-១៩។
កាលថ្ងៃទី៣ ខែកក្កដា ក្រុមប្រឹក្សាភិបាលនៃឧទ្យានបច្ចេកវិទ្យាជាន់ខ្ពស់ទីក្រុងហូជីមិញ បានចេញសេចក្តីជូនដំណឹងមួយស្នើឱ្យក្រុមហ៊ុន នីឌិកសាន់គីយ៉ូ ផ្អាកប្រតិបត្តិការរបស់ខ្លួនប៉ុណ្ណោះអាសន្ន ដើម្បីរៀបចំផែនការការបង្ការ និងត្រួតពិនិត្យការរីករាលដាលនៃជំងឺកូវីដ-១៩ បន្ទាប់ពីរកឃើញកម្មករជាច្រើននាក់វិជ្ជមាន។
លោក Hoang Tung ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Thu Duc បាននិយាយថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រទីក្រុង Thu Duc បានប្រមូលកម្លាំងបុគ្គលិកពេទ្យចំនួន ៦៥ នាក់ មកពីមន្ទីរពេទ្យ Binh Dan និងនិស្សិតពេទ្យនៅទីក្រុងហូជីមិញ ដើម្បីពិនិត្យរកមេរោគកូវីដ-១៩ សម្រាប់និយោជិត ៣.០០០ នាក់ នៃក្រុមហ៊ុននីឌិកសាន់គីយ៉ូ ដែលមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ។
ដោយឡែក តាមរយៈរូបភាពបានបង្ហាញឲ្យឃើញកម្មករ ស្នាក់នៅស្ទើរគលើគ្នា ពាសពេញនៅក្នុងបរិវេណទីធ្លារោងចក្រ ដើម្បីយកសំណាកទៅធ្វើតេស្ត។
នីឌិក សាន់គីយ៉ូ គឺជាសហគ្រាសកែច្នៃនាំចេញដែលវិនិយោគដោយជប៉ុន ដែលមានឯកទេសក្នុងការផលិតផលិតផលបច្ចេកវិទ្យាខ្ពស់ ដែលបច្ចុប្បន្នមានកម្មករវៀតណាមជាង ៣.០០០ នាក់ កំពុងធ្វើការនៅរោងចក្រនោះ ដែលមានទីតាំងនៅសួនឧស្សាហកម្មមួយកន្លែង នៃទីក្រុងហូជីមិញ។
ក្នុងនោះ ទីធ្លាកន្លែងចំណតម៉ូតូ រថយន្ត គឺត្រូវបានប្រែក្លាយទៅជាកន្លែងជំរុំបោះតង់រាប់រយសម្រាប់កម្មករ។ តំបន់តង់ គឺត្រូវបានបែកចែកដាច់ពីគ្នា ដោយក្នុងនោះ ២ជាន់សម្រាប់ស្រ្តី និង១ជាន់សម្រាប់បុរស។ ហើយនៅពេលអាកាសធាតុរាងក្តៅបន្តិច អ្នកបោះតង់នៅផ្នែកខាងក្រៅនៃទីធ្លារោងចក្រ បានចាកចេញពីតង់ ទៅរកម្លប់ដើមឈើជ្រក រហូតទល់យប់ ទើបចូលក្នុងតង់វិញ។ តង់នីមួយៗ គឺមានទំហំសមល្មមសម្រាប់មនុស្ស២នាក់ដេកបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង