Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម កំពុង​ទន្ទឹងរង់ចាំ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​មូលដ្ឋានឲ្យ​ស្របច្បាប់​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម សាទរ​ចំពោះ​សកម្មភាព របស់​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ ក្រោម​ឱវាទ​បើក​កិច្ចប្រជុំ ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ​លើ​វិវាទ​ដីធ្លី​មួយ​ចំនួន កំពុង​កើតមាន​នៅ​លើ​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​។​

ទំនាស់​ដីធ្លី​នៅ​មូលដ្ឋាន​ខាងលើ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​បង្កើត​គណៈកម្មកា​រ​រដ្ឋបាល​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ដើម្បី​ពិនិត្យ​ដោះស្រាយ​ទំនាស់​ប្តឹង​ទាស់​លើ​ក្បាល​ដី​ចំនួន ៨៥​ក្បាលដី​។ កិច្ចប្រជុំ​នេះ បានរៀបចំ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​ព្រះសីហនុ និង​មាន​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជិត ៥០​នាក់​ចូលរួម​។​

នា​ឱកាស​នោះ លោក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ជា​ប្រធាន​គណៈកម្មការ​រដ្ឋបាល​ក្នុង​តំបន់​វិនិច្ឆ័យ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ដែល​ចូលរួម​ជា​អធិបតី​បើក​កិច្ចប្រជុំ​មានប្រសាសន៍ថា កន្លងទៅនេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​គណៈកម្មកា​រ​រដ្ឋបាល ដើម្បី​វាស់វែង​កំណត់​ក្បាលដី ឬ​ឈានទៅ​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ដោយ​ធ្វើ​ការចុះបញ្ជី​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ ជូន​ប្រជាពលរដ្ឋ កាលពី​ចុងឆ្នាំ​២០១៦​។ លោក​ថា គណៈកម្មការ​រដ្ឋបាល​នេះ មាន​ការចូលរួម​ពី​មន្ត្រី​រដ្ឋបាល​សុរិយោដី​ចំនួន ៦​ខេត្ត បាន​ចូលរួម​។

លោក យន្ត មីន បន្តថា ក្រោយ​ពី​ការវាស់វែង​បំពេញ​ទិន្នន័យ​ក្បាលដី ជាមួយ​ម្ចាស់​ក្បាលដី​ចប់សព្វគ្រប់ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៧ គណៈកម្មការ​រដ្ឋបាល បាន​ប្រកាស​បិទ​ផ្សាយ​ទិន្នន័យ​ក្បាលដី​ជា​បណ្តោះអាសន្ន ដោយ​ទុក​ពេល​ឲ្យ​ប្រជាពលរដ្ឋ មក​ពី​និត្យ​ក្បាលដី​និង​ប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​ទៅ​គណៈកម្មការ​រដ្ឋបាល ក្នុង​តំបន់​វិនិច្ឆ័យ​រយៈពេល ១៥​ថ្ងៃ​។ លោក​ថា ក្បាលដី​ដែល​វាស់វែង​ទាំងអស់​មាន​ប្រហែលជា ១​ពាន់​ក្បាល​ដី ហើយ​ត្រូវ​ក្រុមហ៊ុន​រ៉ូយ៉ាល​គ្រុប របស់ លោក​ឧកញ៉ា គិត ម៉េង ប្តឹង​ជំទាស់​មិនឲ្យ​ចេញ​បណ្ណកម្មសិទ្ធិ​ជូនប្រជា​ពលរដ្ឋ​នោះ​ទេ​។ ការប្តឹង​នេះ គឺ​នៅសល់​តែ​ដី​បរិវេណ​វត្ត ដី​សាលារៀន និង​ដី​សាលា​សង្កាត់​ទេ ដែល​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប របស់ លោក គិត ម៉េង មិន​បាន​ប្តឹង​ទាស់​។

​លោក​បន្តថា ក្រៅពី​បណ្តឹង​ជំទាស់ របស់​ក្រុមហ៊ុន​រ៉ូយ៉ាល​គ្រុប ក៏​នៅ​មាន​បណ្តឹង​ជំទាស់ ដែល​ធ្វើឡើង ដោយ​អង្គភាព​ជលផល ខេត្ត​ព្រះសីហនុ និង​បណ្តឹង​ជំទាស់ រវាង​ពលរដ្ឋ​និង ពលរដ្ឋ​។

ទោះបីជា​មាន​បណ្តឹង​ជំទាស់ របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​បែបនេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​រៀបចំ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​និង និង គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍន៍​តំបន់​ឆ្មេរសមុទ្រ​កម្ពុជា បានបញ្ជាក់​ថា នឹង​សំរេច​ផ្តល់​បណ្ណ​កម្មសិទ្ធិ​លើ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​កាន់កាប់​ស្របច្បាប់​។​

ទាំងនេះ ជា​អ្វី​ដែល​ប្រជាពលរដ្ឋ​រស់នៅ​លើ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ក្រុង​-​ខេត្ត​ព្រះសីហនុ ទន្ទឹង​រង់ចាំ​ជា​បន្តបន្ទាប់​មក​នេះ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល ជួយ​ពន្លឿ​នសកម្មភាព​ចេញ​បណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដីធ្លី ជូន​ពួកគេ ឲ្យបាន​ឆាប់ ដើម្បី​បង្ហាញ​ថា អ្នក​កាន់កាប់​ដី​ទាំងនោះ គឺ​ជា​ម្ចាស់​ពិតប្រាកដ​នៅលើ​ដី ដែល​បាន​កាន់កាប់​នា​ពេលកន្លងមក​។

យោង​តាម​ខ្លឹមសារ នៃ​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ បង្ហាញថា ការផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ខាងលើ​នេះ ត្រូវ​ធ្វើឡើង​ជា ២​ដំណាក់កាល​គឺ​៖ ដំណាក់កាល​ទី​១ ផ្តល់​ជូន​អ្នក កាន់កាប់​ដី​ដែល រស់នៅ​ជា​អចិន្ត្រៃយ៍​លើ​កោះ និង​ដំណាក់កាល​ទី​២ ផ្តល់​ជូន​អ្នក​កាន់កាប់​ដី​ដែល រស់​នៅ​ក្រៅ​តំបន់​កោះ​។ បញ្ហា​នេះ សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​នី​មួយៗ ត្រូវមាន​កាតព្វកិច្ស្រ​ង់​សិត្ថិ ឬ​ចំនួន​ប្រជាពលរដ្ឋ រស់នៅ​តាម​មូលដ្ឋាន​នី​មួយៗ​តាម​ភាពជាក់ស្តែង​។​

បន្ទាប់ពី​ទទួលបាន​ស្ថិតិ នៃ​ចំនួន​ប្រជាពលរដ្ឋ​ពិតប្រាកដ​នៅ​លើ​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​រួចមក រដ្ឋបាល​ខេត្ត​ព្រះសីហនុ នឹង​សំរេច​បង្កើត​ក្រុមការងារ​ចំណុះឲ្យ​គណៈកម្មការ​រដ្ឋបាល ក្នុង​តំបន់​វិនិច្ឆ័យ​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ដើម្បី​សម្របសម្រួល និង​ដោះស្រាយ​បណ្តឹង​លើ​ក្បាលដី​ចំនួន ៨៥​ក្បាលដី ដែល​ម្ចាស់​មាន​អា​សយ​ដ្ខា​ន​អចិន្ត្រៃយ៍ នៅលើ​កោះ​ទាំង​២ គឺ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

ចំពោះ​ការងារ​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចែក​ជា ៤​ក្រុម ដែល​ក្រុម​នីមួយៗ មាន​សមាសភាព​មន្ត្រី នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ​។ មន្ត្រីរដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ​។ អាជ្ញាធរ​សង្កាត់​-​មេភូមិ និង ចាស់ព្រឹទ្ធាចារ្យ នៃ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម​។​

ការងារ​នេះ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ លោក​ចេង ស្រុង ដែល​ទើប​ចូល​កាន់ដំណែង​ថ្មី កាលពីដើម​ខែ​មីនា ឆ្នាំ​២០១៨ គឺជា​អ្នក​ជួយ​សម្របសម្រួល ឲ្យ​ក្រុម​ការងារ​ទាំង ៤​ខាងលើនេះ​។

ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​ចូលរួម​ឃ្លាំមើល​ក្នុង​កិច្ចប្រជុំ របស់ គណៈកម្មការ​រដ្ឋបាល​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​។ អ្នកស្រី គាំទ្រ ការបង្កើត​ក្រុម​ការងារ​ចុះ​ដោះស្រាយ​ទំនាស់​ប្តឹង​ទាស់​លើ​ក្បាលដី​ចំនួន នៅក្នុង​មូលដ្ឋាន​ទាំង​២​ខាងលើ និង​ស្វាគមន៍​ចំពោះ​ការបង្កើត​ក្រុមការងារ ដើម្បី​ឈាន​ទៅ​ពន្លឿន​ការចេញ​បណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ប្រជាពលរដ្ឋ រស់នៅ​លើ​សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម ឲ្យបាន​ឆាប់​នៅពេលនេះ​។​

​សមាសភាព​ក្រុមការងារ ចំណុះ​គណៈកម្មការ​រដ្ឋបាល ក្នុង​តំបន់​វិនិច្ឆ័យ សង្កាត់​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម សម្រាប់​សម្របសម្រួល និង​ដោះស្រាយ​បណ្តឹង​ជំទាស់​ក្បាល​ដី​ទាំង ៤​ក្រុម នឹង​ចាប់ផ្តើម​បំពេញការងារ របស់ខ្លួន ដោយ​មាន​តារាង​បញ្ជី​ឈ្មោះ​ម្ចាស់​ដី លេខ​ក្បាលដី​ទំនាស់ និង​ភាគី​ម្ខាង​ទៀត​។ ក្នុងនោះ​មានដូចជា​៖ ភូមិ​ព្រែក​ស្វាយ​មាន​បណ្តឹង​ជំទាស់ រវាង​ពលរដ្ឋ​និង​ពលរដ្ឋ​ចំនួន ៣​ក្បាលដី និង​បណ្តឹង​របស់​មន្ត្រី​ជលផល​ចំនួន ៧​ក្បាលដី​។ ភូមិ​កោះ​តូច បណ្តឹង​រវាង​ពលរដ្ឋ និង​ពលរដ្ឋ​ចំនួន ១៣​ក្បាលដី និង​បណ្តឹង របស់​មន្ត្រី​ក្រសួង​បរិស្ថាន​ចំនួន ៩​ក្បាលដី​។ ភូមិ​ដើមថ្កូវ បណ្តឹង រវាង​ពលរដ្ឋ និង​ពលរដ្ឋ ចំនួន​១៥​ក្បាលដី និង​បណ្តឹង របស់​មន្ត្រី​ជលផល​ចំនួន ១១​ក្បាលដី​។ ភូមិ​សុខសាន្ត បណ្តឹង​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ ចំនួន​១៨​ក្បាលដី​និង​បណ្តឹង របស់​មន្ត្រី​ក្រសួង បរិស្ថាន​ចំនួន ៩​ក្បាលដី​។

សរុប​ទាំងអស់​មាន ៨៥​ក្បាលដី បណ្តឹង របស់​ពលរដ្ឋ និង​ពលរដ្ឋ​ចំនួន ៤៩​ក្បាលដី និង​បណ្តឹង របស់​ក្រសួង​បរិស្ថាន ១៨​ក្បាលដី និង​បណ្តឹង​ជលផល ១៨​ក្បាលដី​។

នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ ប្រធាន​ក្រុម​ការងារ​សម្រប សម្រួល​នីមួយៗ បាន​យកចិត្តទុកដាក់​ក្នុង​ការសម្របសម្រួល គូភាគី ឲ្យ​បង្ហាញ​ពី​សំណើ របស់ខ្លួន រៀងៗ ខ្លួន នឹង​លទ្ធភាព​នៃ​ការទទួលយក របស់​ភាគី ទៅវិញទៅមក ដើម្បី​ឈាន​ទៅ​ដល់​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​ឲ្យបាន​ឆាប់​។

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឲ្យដឹងថា ក្រោយពេល​ភាគី​បាន​សម្របសម្រួល​ត្រូវរ៉ូវ​គ្នា ចប់សព្វគ្រប់​អស់ហើយ បន្ទាប់មក​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់ នឹង​ធ្វើ​កំណត់ហេតុ ឲ្យ​ភាគី​ទាំង​សង ខាង​ផ្តិតមេដៃ សម្រាប់​កិច្ច​ព្រមព្រៀង​គ្នា​នេះ​។

ត្រង់​ចំណុច​នេះ ក្រុម​ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​កោះរ៉ុង និង​សង្កាត់​កោះរ៉ុង​សន្លឹម សង្ឃឹម​យ៉ាង​មុតមាំ​ថា ពួកគាត់ នឹង​ទទួលបាន​វិញ្ញាបនប័ត្រ​សំគាល់​ម្ចាស់​អចលវត្ថុ នៅ​មុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាង​មុខ​ជាក់​ជាមិនខាន​៕ ដោយ​៖ សុធា​រី

  

spot_img
×