ដូចដែលប្រិយមិត្តបានដឹងហើយ បច្ចុប្បន្ននេះ មុខរបរលក់ដូរផលិតផលទំនិញតាមអនឡាញ ឃើញថាបានកំពុងរីកដូចផ្សិត ព្រោះថា មុខរបរមួយនេះ គឺបានផ្តល់ភាពងាយស្រួលក្នុងការដោះដូរទំនិញ ទាំងអ្នកលក់ ទាំងអ្នកទិញដែលជាអតិថិជន មិនថាយើងនៅដល់ទីណានោះទេ។
ប៉ុន្តែ ទន្ទឹមនឹងភាពងាយស្រួលនេះផងដែរ យើងក៏តែងតែឃើញកើតមានរឿងរ៉ាវជារឿយៗ រវាងអ្នកលក់ និងអ្នកទិញ នោះគឺករណីឆបោក (ផ្ញើលុយឲ្យគ្មានអុីវ៉ាន់) ជាពិសេសពីសំណាក់អ្នកលក់រកស៊ីគំនិតអាក្រក់មួយចំនួន ដែលកំពុងបន្តធ្វើរឿងដ៏គួរឲ្យស្អប់នេះដដែលជាដដែល នាំឲ្យស្អុយឈ្មោះដល់គេរកស៊ីត្រឹមត្រូវជាខ្លាំង។
ជាក់ស្តែង ដូចជាករណីថ្មីមួយនេះទៀត គឺអ្នកលក់ឆបោកពីរនាក់បងប្អូនមានឈ្មោះ សួន ស្រីល័ក្ខ និងប្អូនស្រីឈ្មោះ សួន សូនីតា (ហៅ សួន ម៉ូលីកា) ដែលអ្នកទាំងពីរស្រុកកំណើតនៅក្នុងខេត្តកំពង់ចាម បានឆបោកលុយពីជនរងគ្រោះជាអតិថិជន ដែលកុម្ម៉ង់ទិញអុីវ៉ាន់របស់ខ្លួន រហូតជាង ១ ពាន់នាក់ ឯណោះ។
គួរឲ្យដឹងផងដែរ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ជនឆបោកជាប្អូនស្រីឈ្មោះ សួន សូនីតា បានចេញមុខអានកិច្ចសន្យាសងប្រាក់ចំនួន ១៤៥០ ដុល្លារ ទៅដល់ជនរងគ្រោះម្នាក់ នៅចំពោះមុខសមត្ថកិច្ច។ ប៉ុន្តែ ដោយឡែក នៅសល់ជនរងគ្រោះជាច្រើននាក់ទៀត ដែលជនឆបោកពីរនាក់បងប្អូននេះ ពុំទាន់សងអស់នោះទេ ដោយជនរងគ្រោះបានបញ្ជាក់ថា ចាំស្អែករហូត។
ក្នុងនោះ ជនរងគ្រោះម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ Ariya Mey Ealza បានបញ្ចេញឲ្យដឹងថា ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ជនឆបោកបានធ្វើកិច្ចសន្យាសង់ប្រាក់ ដោយបញ្ជាក់សន្យាថា ៣ ថ្ងៃ គឺនឹងឲ្យថ្ងៃទី១៦ កក្កដា។ តែយ៉ាងណា អ្វីៗគ្រាន់តែជាការសន្យា គឺអត់បានសងឲ្យគាត់រហូតមកទល់ពេលនេះ។
ជនរងគ្រោះ បានបញ្ជាក់ឲ្យដឹងថា នាងគឺជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះចំនួន ២៧ នាក់ ផ្សេងទៀត ដែលបានអស់ប្រាក់ចាប់ពី១ពាន់ដុល្លារឡើងទៅ។ ហើយក្នុងនោះ អ្នកខ្លះលុយតិចតួច ពួកគាត់ខ្ជិលរករឿងវែងឆ្ងាយសុខចិត្តបោះលុយចោល រីឯអ្នកខ្លះទៀត ចាញ់បោករហូត ៥០០ ដុល្លារ ទៅ ១០០ ពាន់ដុល្លារ គឺពួកគាត់ត្រូវតែទាមទារដែលយ៉ាងហោចណាស់ក៏បានខ្លះ។ ប៉ុន្តែ អ្នកខ្លះទៀត ដែលពោរពេញទៅដោយកំហឹង គឺពួកគាត់លែងចង់បានលុយមកវិញហើយ គឺចង់ឲ្យជនឆបោកជាប់គុកតែម្តង។
ជនរងគ្រោះខាងលើ នៅបានឲ្យដឹងទៀតថា ជនឆបោកនេះនិយាយរួមទៅ គឺកុហកវិលក្បុងតែម្តង «ពេលតេទៅព្រឹក ថាថ្ងៃបន្តិចទៅដាក់លុយឲ្យ ដល់ពេលតេទៅថ្ងៃ សុំល្ងាចម៉ោង៤ ដល់ពេលល្ងាចម៉ោង៤ ចាំបន្តិច sis ខ្ញុំកំពុងជិះម៉ូតូទៅដាក់ឲ្យ» តែតាមពិតគឺគ្រាន់តែជាវិធីដោះទាល់ប៉ុណ្ណោះ។ នាងក៏បានបន្ថែមថា បើយើងមិនតេទៅទេ គឺដឹងតែស្ងាត់ឈឹងតែម្តង។
ទោះតែជាយ៉ាងណា នេះគឺជាលើកឡើងរបស់ជនរងគ្រោះ ដែលបានផ្តល់ព័ត៌មាននេះដល់ CEN សូមជួយចុះផ្សាយឲ្យផង ព្រោះគាត់បានព្យាយាមខលទៅ តែជនឆបោកលែងលើកទូរស័ព្ទទៀតហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង