រឿងរ៉ាវរបស់គ្រូហុងស៊ុយ ចៅម៉ែ ដែលជាម្ចាស់ក្រុមហ៊ុនវិមានរតនា ឃើញថានៅពេលនេះ បានកំពុងផ្ទុះកក្រើកកាន់តែខ្លាំងហើយ ខណៈអតីតកូនចៅជាសាខា បានចេញមុខព្រលះ និងទម្លាយចេញការពិត ពីទង្វើរកស៊ីមិនមានភាពស្អាតស្អំរបស់នាង ចៅម៉ែ ជាបន្តបន្ទាប់។
រឿងនេះបានផ្ទុះឡើង គឺក្រោយពេលសាខាមួយរបស់ក្រុមហ៊ុន ចៅម៉ែ រូបនេះ បានផុសផ្សព្វផ្សាយលួចរូប BA របស់ សុគន្ធ នីសា ទៅកាត់តប្តូរដាក់ផលិតផលរបស់ខ្លួន ធ្វើឲ្យមហាជនមានការហួសចិត្តជាខ្លាំង និងថែមទាំងត្រូវបានក្រសួងសុខាភិបាល ហាមឃាត់សាខាក្រុមហ៊ុន ចៅម៉ៃ ជាច្រើនកន្លែង ត្រូវបញ្ឈប់ការផ្សព្វផ្សាយផលិតផលរបស់ខ្លួនជាបន្ទាន់ ព្រោះពួកគេបាននិងកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជីកាពីក្រសួង។
ពិតណាស់ ដូចដែលប្រិយមិត្តបានឃើញស្រាប់ហើយ ម្ចាស់ក្រុមហ៊ុនវិមានរចនា ដែលមាន ចៅម៉ែ ជាម្ចាស់នេះ គឺមិនមែនរកស៊ីលក់ផលិតផលអនឡាញលំៗដូចអ្នកដទៃនោះទេ គឺលក់ចែកចាយទាំងផលិតផលគ្រឿងសម្អាង និងព្រមទាំងគ្រឿងប្រដាប់ប្រដាជំនឿហុងស៊ុយ ថែមទៀតផង។
តែយ៉ាងណា អ្វីៗនៅពេលនេះ គឺត្រូវបានទម្លាយចេញជាបណ្តើរហើយ ទាក់ទងក្រុមហ៊ុនវិមានរតនា ដែលកំពុងរកស៊ីបោកប្រាស់ ព្រោះតែផលិតផលគ្រឿងសម្អាងគ្មានគុណភាព មិនបានឆ្លងកាត់ការត្រួតពិនិត្យពីក្រសួង និងរបស់ហុងស៊ុយទៀតសោត ក៏គ្មានស័ក្តិសិទ្ធអ្វីនោះឡើយ។
ទាក់ទងល្បិចរកស៊ីវិញ ស្រ្តីម្នាក់នៅអាមេរិក ដែលទើបប្រមូលសំរាមផលិតរាប់សិបម៉ឺនដុល្លារ និងយ័ន្តសេដ្ឋី៨ទិស របស់ចៅម៉ែ ដាក់ធុងសំរាមគ្មានសល់ បានបន្តទម្លាយចេញឲ្យដឹងថា តាមពិតទៅ គ្រឿងរបស់ហុងស៊ុយទាំងនោះ គឺវាគ្មានស័ក្តិសិទ្ធខ្មោចយស្អីនោះទេ ប៉ុន្តែវាគ្រាន់តែជាភាពប៉ិនប្រសប់និយាយទាក់ទាញរបស់នាង ចៅម៉ែ ឬហៅថាយាយ ៣១ រូបនេះប៉ុណ្ណោះឯង។
អ្នកស្រីដែត បានដាក់ចំៗទៀតថា នាងព្រាយ ចៅម៉ែ នេះ ដែលអះអាងថាខ្លួនជាគ្រូហុងស៊ុយ ដូចជាឲ្យបងប្អូនឆ្នាំរការ ហូបផ្លែល្មុត នឹងនាំមកសំណាងល្អ ឬ ឲ្យរៀបចំអុីចេះអុីចុះ ធ្វើស្រះទឹកទៅបន់ពីត្រីបានលុយបានកាក់….ជាដើម គឺគ្មានខ្មេះអីទេ កុំទៅជឿនាំអស់លុយអស់កាក់បងប្អូន។ អ្នកស្រីដែត បានពន្យល់ថា ក្រយ៉ៅយើងពីធម្មជាតិ ច្បាប់ធម្មជាតិតាក់តែងមក យើងជាមនុស្សប្រភេទម៉េច គឺបានផលមកបែបហ្នឹងហើយ ពោលគឺពេលវេលាជាអ្នកកំណត់ឲ្យ មិនមែនចង់បានៗដូចមាត់នោះទេ គ្មានអ្នកណាចង់ក្រនោះទេ ម្នាក់ៗគេចង់មានចង់បានហើយ ប៉ុន្តែ គ្រាន់ពេលវេលាមិនទាន់ឲ្យខ្លួនឯងយើង ក្លាយជាអ្នកមានភ្លាមៗក៏វាមិនអាចដែរ។
អ្នកស្រីដែត ក៏បានឲ្យបងប្អូនកត់ចំណាំមើលទៅ រាល់ពេលឡាយម្តងៗ គឺនាង ចៅម៉ែ គ្មានអ្វីក្រៅពីអូសក្រឡាចុះឡើងៗ និយាយពូកែបូបាច់ពីហុងហ៊ុយ រួចធ្លាក់ចូលប្រម៉ូតផលិតផល ឬ និយាយពីលើកពីផលិតផលល្អ ឆ្លៀតមកប្រម៉ូតយ័ន្ត ជាដើមនោះទេ។
ហេតុនេះ អ្នកស្រីក៏សូមឲ្យបងប្អូន ឈប់បន្តចាញ់បោកទៀតទៅ គឺដោយសារតែបងប្អូនម្នាក់ៗងប់ងល់លើជំនឿបោកគ្មានការពិចារណានេះហើយ ទើបធ្វើឲ្យនាង ចៅម៉ែ បន្តបោកបានរហូតមកទល់ពេលនេះ ព្រោះគ្មានឃើញអ្វីដែលនាំឲ្យចំរុងចំរើនស្អីនោះទេ គឺផ្ទុយទៅវិញ មានតែរលាយប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង