កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ផេកហ្វេសប៊ុកមូនិធិ Phetkasem បានបញ្ចេញរូបភាពជាច្រើនសន្លឹក បានធ្វើឲ្យអង្រួនបេះដូងអ្នកលេងអុីនធើរណែតយ៉ាងខ្លាំង ដោយបង្ហាញឲ្យឃើញបុគ្គលិកស្ម័គ្រចិត្តជួយសង្គ្រោះម្នាក់ឈ្មោះ ណង ហ្វាត បានក្រាបសំពះនៅចំពោះបាតជើងអ្នកម្តាយរបស់ខ្លួន ដែលបានឆ្លងជំងឺកូវីដ១៩ មុនពេលនាំយកម្តាយទៅព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងនោះផេកខាងលើក៏បានភ្ជាប់សារយ៉ាងដូច្នេះថា «ពួកយើងបានខិតខំប្រឹងដើម្បីអ្នកជំងឺកូវីដ-១៩ ទាំងអស់គ្នា ហើយក៏បានបន់ស្រន់ថា កុំឲ្យកើតមានថ្ងៃនេះសម្រាប់ក្រុមគ្រួសាររបស់យើង។ ជាធម្មតា ណង ហ្វាត តែងតែយកអ្នកជំងឺទៅមន្ទីរពេទ្យជារៀងរាល់ថ្ងៃ ប៉ុន្តែ យើងពិតមិននឹកស្មានថា ថ្ងៃនេះ ណង ហ្វាត ត្រូវចេញទៅយកម្តាយរបស់នាងដែលបានឆ្លងជំងឺកូវីដ-១៩ មកកាន់មន្ទីរពេទ្យ នៅក្នុងទិដ្ឋភាពដ៏គួរឲ្យរំជួលចិត្តជាខ្លាំង។ សូមឱ្យម្តាយរបស់ ហ្វាត ជួបតែសំណាងល្អ។»។
តែជាអកុសល នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ផេកមូលនិធិ Petchkasem ក៏បានបញ្ចេញឲ្យដឹងថា ម្តាយរបស់បុគ្គលិកជួយសង្គ្រោះរូបនេះ បានស្លាប់ដោយសារជំងឹកូវីដ១៩ ហើយ និងបានបញ្ចាក់យ៉ាងដូច្នេះថា «ថ្ងៃនេះ មនុស្សដែលយើងស្រឡាញ់ បានចាកចេញពីយើងហើយ។ តើអ្នកណានឹងនឹកស្មានថា ថ្ងៃនោះជាថ្ងៃចុងក្រោយ ដែល ណង ហ្វាត ត្រូវគោរពម្តាយ? យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់ ណង ហ្វាត ចំពោះការបាត់បង់អ្នកម្តាយជាទីស្រឡាញ់របស់នាងផង។ មូលនិធី Petchkasem ក៏សូមចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់អ្នកស្រី Fatty ផងដែរ»។
គួរបញ្ចាក់ថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មី រហូតដល់ទៅចំនួន ១៨,៩១២ ករណី ក្នុងរយៈពេល ២៤ ម៉ោង ចុងក្រោយ ដែលជាកំណត់ត្រាថ្មីខ្ពស់បំផុត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង