ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឧត្តមសេនីយ៍យោធាក្លែងក្លាយ ដែលបន្លំខ្លួនប្រើឈ្មោះស្ថាប័នកងយោធពលខេមរភូមិន្ទ (ពាក់ផ្កាយ៣) និងលាងលុយខ្មៅ ពីបទចរាចរប្រាក់ដុល្លារក្លែងក្លាយ ប្រើប្រាស់អាវុធក្លែងក្លាយ និងក្លែងឯកសារសាធារណៈ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨នេះ ។
ជនជាប់ចោទឈ្មោះ ឡូត ហេង ហៅអាម៉េង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅផ្ទះជួល សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ មុខរបរ យោធាក្លែងក្លាយ ប្រើប្រាស់ម្ចាស់អាវុធជ័រ និងលុយខ្មៅក្លែងក្លាយ និងបក្ខពួកឈ្មោះ សន ប៊ុនថេង អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះជួលភូមិឃ្លាំង សង្កាត់ឫស្សីកែវ មុខរបរយោធា ក្លែងបន្លំ ជាអ្នកកាន់អាវុធ ត្រូវបានតុលាការអនុញ្ញាត ឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយសួរនាំហើយថាមិនជាប់ពាក់ព័ន្ធ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតសម្ភារៈ អាវុធខ្លីជ័រប្រើហ្គាស់មួយដើម ប្រាក់ដុល្លារខ្មៅចំនួន១៥សន្លឹក ប្រាក់ដុល្លារចំនួន១០៨០ដុល្លារ ប្រាក់រៀលចំនួន២៥០០០រៀលម៉ូតូមួយគ្រឿងម៉ាក SZ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1BW-8627 និងអត្តសញ្ញាណប័ណ្ណយោធា២សន្លឹក។
ការឃាត់ខ្លួនពួកគេនៅវេលាម៉ោងប្រមាណ១១៖៣០នាទី យប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ៕ ដោយ៖បញ្ញាស័ក្តិ