Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជឿស៊ុបតាម​ពាក្យ​គ្រូ​ខ្លាំង​ពេក សម្រេច​ចិត្ត​កម្ទេច​ផ្ទះ​ចោល ទី​បំផុត អស់​រលីង​ពី​ខ្លួន​ បាន​ត្រឹម​ទឹក​ភ្នែក!

spot_img

នេះជារឿងមួយនឹកស្មានមិនដល់​ និងគួរឲ្យហួសចិត្តជាខ្លាំងតែម្តង ខណៈដែលប្តីប្រពន្ធមួយនៅក្នុងប្រទេសថៃ កាលពីពេលកន្លងទៅនេះ ព្រោះតែជំនឿខ្វះការពិចារណា ជឿស៊ុបខ្លាំងពេក បានសម្រេចចិត្តរុះរើផ្ទះទាំងមូលគ្មានសល់ ហើយទីបំផុត គ្មានទទួលបានលទ្ធផលអ្វីនោះឡើយ គឺតាមត្រឹមទឹកភ្នែក និងសោកស្តាយផ្តាំតកូនតចៅប៉ុណ្ណោះ។

នេះតាមប្រភពសារព័ត៌មានថៃមួយ បានចុះផ្សាយឲ្យដឹងថា ដោយសារតែកូនប្រុសអាយុ ២២ ឆ្នាំ មានជំងឺមើលមិនជាសះស្បើយសោះ ប្តីប្រពន្ធមួយគូដែលប្តីមានឈ្មោះ Chamroan Mukda អាយុ ៤៤ ឆ្នាំ និងប្រពន្ធឈ្មោះ Thongpin Mukda អាយុ ៤០ ឆ្នាំ បានទៅពឹងពររកគ្រូមើល ហើយគ្រូបានប្រាប់ថា ដោយសារផ្ទះរបស់ពួកគេសាងសង់ពីលើដើមឈើទាល និងនាគរាជ២ ដែលជាហេតុបណ្តាលឲ្យកូនប្រុសរបស់ពួកគេឈឺធ្ងន់បែបនេះ។

ក្រោយពីជឿតាមពាក្យគ្រូ ប្តីប្រពន្ធទាំង២នាក់ ក៏បានសម្រេចរុះរើផ្ទះចេញ​ ហើយថែមទាំងជួលគ្រឿងចក្រអេស្ការវ៉ាទ័រ មកជីកកកាយ ដើម្បីស្វែងរកដើមឈើទាល និងនាគរាជនោះ។ តែយ៉ាងណា នៅទីបំផុត គ្មានឃើញអ្វីទាំងអស់ ខណៈគ្រូហោក៏បានគេចខ្លួនបាត់ស្រមោលផងដែរ។

យ៉ាងណាមិញ បន្ទាប់ពីផ្អើលកើតមានរឿងដ៏ហួសចិត្តនេះឡើង គេក៏បានឃើញលោកអភិបាលរងស្រុក Phran Krai រួមជាមួយមន្រ្តីអាជ្ញាធរក្នុងតំបន់ បានចុះទៅពិនិត្យទីកន្លែងកើតហេតុ និងបានរកឃើញថា ផ្ទះនោះត្រូវបានរុះរើអស់ហើយ និងបានត្រឹមឃើញរណ្តៅជីកជម្រៅប្រហែល ៨ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ ប៉ុណ្ណោះ។

ជាមួយគ្នានោះផងដែរ មន្រ្តីក៏បានណែនាំប្តីប្រពន្ធរងគ្រោះទាំង២នាក់ ឈប់បន្តជីក និងទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស ដោយប្តឹងបុរសជាគ្រូចូលរូបរូបនោះ ពីបទឆបោក ដែលធ្វើឲ្យអ្នកដទៃខូចខាតទ្រព្យសម្បត្តិដ៏ធំធេងបែបនេះ។

ស្ត្រីជាប្រពន្ធ បានរៀបរាប់ទាំងទឹកភ្នែកថា ដោយសារតែជឿជាក់លើគ្រូនោះពេក ធ្វើឲ្យពួកគាត់ទាំង២នាក់ ត្រូវអស់ទ្រព្យសម្បត្តិរលីងពីខ្លួន ហើយពេលនេះ ពួកគេបានទៅសុំផ្ទះឪពុកក្មេក ដើម្បីស្នាក់អាស្រ័យជាបណ្តោះអាសន្ន ដោយមិនដឹងថា ពេលណាទើបគាត់មានលុយសង់ផ្ទះថ្មីបាននោះទេ។

តាមរយៈនេះ មន្រ្តីក៏បានផ្តាំផ្ញើទៅដល់ប្រជាជនគ្រប់គ្នា គួរមានការពិចារណា ទៅលើការជឿដោយគ្មានហេតុផលច្បាស់លាស់ ដែលចុងក្រោយ នាំឲ្យជួបគ្រោះកាន់តែធ្ងន់ដល់ខ្លួនឯងបែបនេះ។ ហើយទន្ទឹមនោះផងដែរ​ មន្រ្តី រួមនឹងប្រជាពលរដ្ឋ ព្រោះអាណិតពេក ក៏បានរៃអង្គាសលុយកាក់គ្នាម្នាក់បន្តិចបន្តួចទៅតាមសទ្ធា ដើម្បីឲ្យពួកគេអាចធ្វើផ្ទះតូចមួយ សម្រាប់ស្នាក់នៅផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

spot_img
×