Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិស័យអាទិភាព ៤ ត្រូវបានប្រមុខការទូតកម្ពុជា ជំរុញដល់អាស៊ានបូកបី ផ្ដោតការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍផែនការការងារ

ភ្នំពេញ ៖ ក្នុងការអនុវត្តផែនការ នៃការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ឆ្នាំ២០១៨-២០២២ និងផ្ដើមបន្តការអភិវឌ្ឍផែនការសម្រាប់ឆ្នាំ ២០២៣-២០២៧ ទៀតនោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវអាស៊ានបូកបី (ASEAN+3) ឬ APT ផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន ៤ ។

ការលើកឡើងរបស់ប្រមុខការទូតកម្ពុជា នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី លើកទី២២ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ពីចម្ងាយ គឺប្រទេសអាស៊ានទាំង១០ បូកថែមប្រទេសបីទៀត រួមមាន ចិន ជប៉ុន និងកូរ៉េខាងត្បូង, ដោយអង្គប្រជុំ បានទទួលស្គាល់នូវតួនាទីនាំមុខនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី ក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងបានទទួលស្គាល់អំពីជំនួយរបស់ប្រទេសបូកបី ជូនដល់ប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាការរួមចំណែករបស់ប្រទេសបូកបី ជួយដល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ផងដែរ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអំពាវនាវ ក៏ដូចជាជំរុញដល់អាស៊ានបូកបី (ASEAN+3) ធ្វើយ៉ាងណា ផ្តោតការយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពចំនួន ៤ រួមមាន ÷

១- សន្តិសុខ សុខភាពសាធារណៈ ការកសាង ,

២ – សមត្ថភាពរបស់វិស័យសហគ្រាសមីក្រូ ធុនតូច និងមធ្យម ,

៣- ផលិតផលកសិកម្ម ដែលធន់នឹងការប្រែប្រួលអាកាសធាតុ , និង

៤- ថាមពលប្រកបដោយចីរភាព នៅក្នុងការអភិវឌ្ឍផែនការ ការងារកិច្ចសហប្រតិបត្តិការអាស៊ានបូកបីថ្មី សម្រាប់ឆ្នាំ ២០២៣-២០២៧»។

ជាមួយគ្នានេះ កិច្ចប្រជុំក៏រំពឹងផងដែរ ដល់ការផ្តល់សច្ចាប័ន និងចូលជាធរមានឱ្យបានឆាប់នូវកិច្ចព្រមព្រៀងស្តីពីភាពជា ដៃគូនៃសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ដើម្បីអាចទាញយកផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្តែង ពីកិច្ចព្រមព្រៀងនេះ សម្រាប់តំបន់ទាំងមូល៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×