ភ្នំពេញ ៖ ក្នុងឱកាសផ្ដល់កិត្តិយស ថ្លែងអំណរគុណ និងទទួលជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូស របស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលត្រូវបានដឹកមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃកម្ពុជា នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់ចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋកម្ពុជា សម្រាប់ ដូសទី៣ ជាដូសជំរុញ ដើម្បីឲ្យរឹងរឹតតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ ការឆ្លងនិងអត្រាស្លាប់ដោយការវាយប្រហារពីជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបង្ការកូវីដ-១៩ ជាបន្តទៀត ក៏ដូចជា ជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca នេះបន្ថែមទៀត សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ ប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិតប្រជាជន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN









