Saturday, July 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភារៈធារីនៃចក្រភពអង់គ្លេស រីករាយធ្វើការប្រយុទ្ធប្រឆាំងកូវីដ-១៩ជាមួយកម្ពុជា ដើម្បីស្តារជីវភាពប្រជាជន

ភ្នំពេញ​ ៖ ក្នុងពេលវ៉ាក់សាំង ចំនួន ៤១៥,០០០ដូស របស់ ចក្រភពអង់គ្លេស ដែលជាជំនួយទ្វេភាគីមកដល់ប្រទេសកម្ពុជា នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នោះ លោក ម៉ាក ថេយែរ (Marc Tayre) ភារធារីនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានគូសបញ្ជាក់ថា លោកពិតជារីករាយ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

ភារធារីនៃស្ថានទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានលើកឡើងទៀតថា ជំងឺរាតត្បាតកូវីដ-១៩ ជាបញ្ហារបស់សាកលលោក ដែលទាមទារឱ្យមានដំណោះស្រាយជាសាកល ដូច្នេះហើយបានជាចក្រភពអង់គ្លេស កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រយុទ្ធជាសាកល ប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយបណ្ដាប្រទេសជុំវិញពិភពលោក ក្នុងនោះ មានប្រទេសកម្ពុជាផងដែរ ជាដៃគូ។ វ៉ាក់សាំងជាជំនួយនេះ នឹងជួយពង្រីក ពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសកម្ពុជា ឱ្យកាន់តែមានភាពស៊ាំនៅក្នុងសង្គម ជួយដល់សហគមន៍ក្នុងមូលដ្ឋាន ដើម្បីចាប់ផ្តើមអាជីវកម្ម ការពារសេវាកម្មសុខភាព និងស្តារជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឡើងវិញ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានស្វាគមន៍ និងអរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៃចក្រភពអង់គ្លេស ដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ជូនដល់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជាចំនួន ៤១៥,០០០ដូស ប្រភេទវ៉ាក់សាំង AstraZeneca ជាជំនួយសប្បុរសធម៌ដ៏ថ្លៃថ្លា និងជាសន្តានចិត្តជួយគ្នាក្នុងគ្រាលំបាកក្នុងបរិការណ៍ដែលវ៉ាក់សាំងគឺជាទំនិញយុទ្ធសាស្ត្រ គន្លឹះ និងមានតម្រូវការខ្ពស់ក្នុងសមរភូមិប្រយុទ្ធ ប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅគ្រប់ទិសទីនៃពិភពលោក៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×