Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ÷ វ៉ាក់សាំងចក្រភពអង់គ្លេស ប្រើប្រាស់សម្រាប់ដូសទី៣ ជាដូសជំរុញបង្កើនប្រសិទ្ធភាព

spot_img

ភ្នំពេញ ៖ ក្នុងឱកាសផ្ដល់កិត្តិយស ថ្លែងអំណរគុណ និងទទួលជំនួយវ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួន ៤១៥,០០០ដូស របស់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលត្រូវបានដឹកមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៃកម្ពុជា នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយ មនុស្សធម៌ដ៏ថ្លៃថ្លារបស់ចក្រភពអង់គ្លេសនេះ នឹងត្រូវប្រើប្រាស់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា សម្រាប់ ដូសទី៣ ជាដូសជំរុញ ដើម្បីឲ្យរឹងរឹតតែមានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លង និងអត្រាស្លាប់ដោយការវាយប្រហារ ពីជំងឺដ៏កាចសាហាវនេះ។

សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ផ្ដល់ជំនួយមនុស្សធម៌ជាវ៉ាក់សាំងបង្ការកូវីដ-១៩ ជាបន្តទៀត ក៏ដូចជា ជួយសម្របសម្រួលដល់កម្ពុជាក្នុងការបញ្ជាទិញវ៉ាក់សាំង AstraZeneca នេះបន្ថែមទៀត សម្រាប់បំពេញសេចក្តីត្រូវការចាំបាច់នាពេលខាងមុខ ប្រយុទ្ធទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិតប្រជាជន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ដោយសារតែមេរោគ Covid-19 បានបន្តវិវត្ត និងបំប្លែងខ្លួនឥតឈប់ឈរ ទៅជាប្រភេទមេរោគបំប្លែងថ្មី ជាពិសេសមេរោគប្រភេទDelta នេះតែម្ដង បាននិងកំពុងឆ្លងរាលដាលយ៉ាងខ្លាំង នៅបណ្ដាប្រទេសនានា ក៏ដូចជានៅកម្ពុជាផងដែរ។ ជាមួយនឹងការប្រយុទ្ធ ទប់ស្កាត់ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខេត្តមួយចំនួន និងតំបន់ខ្លះក្នុងរាជធានីភ្នំពេញ និងដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ។

ការចាក់វ៉ាក់សាំង គឺពិតជាមានអត្ថប្រយោជន៍សំខាន់បំផុត និងធ្វើជាខែលដ៏រឹងមាំក្នុងការការពារមេរោគកូវីដ-១៩មិនឱ្យប្រជាជនធ្លាក់ទៅក្នុងស្ថានភាពធ្ងន់ធ្ងរ ឬស្លាប់បាត់បង់ជីវិតនោះ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំព្យាយាមបន្តស្វែងរកវ៉ាក់សាំងតាមយន្តការទ្វេភាគីក្តី ពហុភាគីក្តី ដើម្បីធ្វើយ៉ាងណាបានចាក់ជូនដល់ប្រជាពលរដ្ឋជាដំណាក់កាលៗ។

ចាប់តាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ យ៉ាងហោចណាស់ឲ្យបាន ១០លាននាក់, ហើយចាប់ពី ថ្ងៃទី០១ ខែសីហា ២០២១ រាជរដ្ឋាភិបាល ក៏បានសម្រេចបោះមួយជំហានទៀត គឺបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់កុមារ និង យុវវ័យអាយុចាប់ពី ១២ ដល់ ១៧ឆ្នាំ ដែលមានប្រមាណជាង ២លាននាក់បន្ថែមទៀត, ពេលនេះទៀតសោត រាជរដ្ឋាភិបាលកំពុងគិតគូរស្វែងរកការសិក្សាចាក់វ៉ាក់សាំងជូនកុមារ អាយុ១០ឆ្នាំ ដល់ ១១ឆ្នាំ បន្តទៀត។

ដើម្បីអាចទទួលបានជោគជ័យ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមចូលរួមសហការយ៉ាងសកម្ម និងពេញលេញជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ជាពិសេស វិធានការ ៣កុំ ៣ការពារ និងចូលរួមក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីត-១៩ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់យើងទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

spot_img
×