Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ថោង លីម ៖ កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ត្រូវ​បន្ត​ការពារ​រាជរដ្ឋាភិបាល និង​ការពារ​សន្តិភាព​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ថ្នាក់ដឹកនាំ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​អនុវត្ត បន្ត​ឆ្នាំ​២០១៨ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៃ​ក្រសួង​មហាផ្ទៃ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ​ចំនួន ៣៥​នាក់​។

របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ របស់​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ បង្ហាញថា បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតមាន​ចំនួន ៧៤​លើក បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ កើតមាន ៨៦​លើក គឺ​ថយ​ចុះ ១២​លើក ឬ​ស្មើ​១៤%​។ ក្នុងនោះ​មាន​៖ បទល្មើស​ឧក្រិដ្ឋ​មាន ១៥​លើក ប្រៀបធៀប​ឆ្នាំ​២០១៦ កើតមាន ១៩​លើក គឺ​ថយ​ចុះ ៤​លើក​។

បទល្មើស​មជ្ឈឹម​កើតមាន ៥៨ លើក បើ​ធៀប​ឆ្នាំ​២០១៦ បាន​កើតមាន ៦៧​លើក គឺ​ថយ​ចុះ ៩​លើក​។ បទល្មើស​ខាងលើ​បណ្ដាលឲ្យ​ស្លាប់​មាន​មនុស្ស ៨​នាក់ រងរបួស​មនុស្ស ២៧​នាក់​។ បាត់​ម៉ូតូ​ចំនួន ៤៧​គ្រឿង និង​សម្ភារៈ​ផ្សេង​ជាច្រើន​ទៀត​។

របាយការណ៍​ដដែល បញ្ជាក់ថា លទ្ធផល នៃ​កិច្ច​ប្រតិបត្តិការ បង្ក្រាប​បទល្មើស​បាន​ចំនួន ៧០​ករណី ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន ១៤៧​នាក់ ក្នុងនោះ​មាន​បទឧក្រិដ្ឋ​ចំនួន ១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២០ នាក់​។ បទល្មើស​មជ្ឈឹម​ចំនួន​៥៨ ករណី​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ១២៧​នាក់ និង​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។

ចំណែក គ្រោះថ្នាក់​ចរាចរណ៍ បានក​ត​មាន​ចំនួន ២១៣​លើក បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ កើតមាន ៣១១​លើក គឺ​ថយ​ចុះ ១០២​លើក​។ គ្រោះថ្នាក់​នេះ បាន​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ៧៦​នាក់ ស្រី ១៩​នាក់ ក្នុងនោះ មាន​ជនបរទេស​ចំនួន ៩​នាក់ និង រងរបួស​ចំនួន ៣៦៧​នាក់​។

ដោយឡែក គ្រោះថ្នាក់​អគ្គីភ័យ បាន​កើតមាន​ចំនួន ១៩​លើក ឆេះ​ផ្ទះ ៧​លើក ឆេះ​បន្ទប់​ផ្ទះសំណាក់​៣​លើក ឆេះ​រថយន្ត​កំពុង​លើ​កបរ​៣​លើក ឆេះ​ឡ​ក្នុង​រោងចក្រ ២​លើក ឆេះ​រោង​សិប្បកម្ម ១​លើក ឆេះ​ដំបូល​បឹង​កា​ឡូ ២​លើក និង​ឆេះ​បន្ទប់​ខារ៉ាអូខេ ១​លើក​។ គ្រោះថ្នាក់​ខាងលើនេះ បាន​បណ្ដាលឲ្យ​មាន​ស្លាប់​មនុស្ស​ម្នាក់ និង រងរបួស​៤​នាក់​។

នា​ឱកាស​នោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ ណែនាំ​ដល់​កងកម្លាំង​ក្រោម​ឱវាទ​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង បំពេញការងារ ឲ្យបាន​ល្អ គោរព​តាម​ផែនការ និង បទបញ្ជា របស់​ថ្នាក់លើ តាម​ឋានានុក្រម ត្រូវមាន​ស្មារតី​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ឲ្យបាន​ល្អ ធ្វើការ​ប្រកប​ដោយ​ឆន្ទៈ និង​មាន​ការ​ទទួលខុស​ខ្ពស់​។​

អង្គសន្និបាត របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៨ ខែ​មីនា ឆ្នាំ​២០១៨ ក៏​មាន​វត្តមាន លោកនាយ​ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការ​រង​នគរបាលជាតិ តំណាងឲ្យ លោកនាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​។

​នា​ឱកាស​នោះ​ដែរ លោក ស្រ៊ុន ស្រ៊ន់ អភិបាលរង​ខេត្ត​ព្រះសីហនុ និង​លោកនាយ​ឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការ​រង នគរបាលជាតិ បាន​ថ្លែង​កោតសរសើរ​ដល់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ ដែល​បាន ខិតខំ​ប្រឹងប្រែង​បំពេញការងារ ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ជូន​ប្រជាពលរដ្ឋ អ្នកវិនិយោគទុន ភ្ញៀវ​ទេសចរណ​ជាតិ​និង​អន្តរជាតិ ឲ្យមាន​សុវត្ថិភាព​ល្អ​ប្រសើរ ជា​ពិសេស​បាន​បង្ក្រាប​មុខសញ្ញា​ចាប់ជំរិត​ជនជាតិ​ចិន ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​នា​ពេលកន្លងមក​។

បន្ថែម​លើ​នេះ លោក ថោង លីម បាន​សង្កត់ធ្ងន់ថា កងកម្លាំង​នគរបាលជាតិ គឺ​ជា​កម្លាំង​ស្នូល​ក្នុង​ការការពារ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើតឡើង​ដោយ​ការបោះឆ្នោត ហើយ​ត្រូវ​ប្រឆាំង​ដាច់ខាត​រាល់​ការប៉ុនប៉ង​ទាំងឡាយណា ដែល​មាន​បំណង​ញុះញង់​បំបែកបំបាក់​បំផ្លាញ​ដល់​សន្តិសុខ​ជាតិ​។ ក្នុង​សន្និបាត​នោះដែរ ក៏​មាន​ប្រកាស​ចូល​កាន់​មុខតំណែង ថ្នាក់​ស្នងការរង ១​រូប និង បំពាក់​ឋានន្តរស័ក្តិ​ជូន​មន្ត្រីនគរបាល​ជាតិ ចំនួន ៣៥​នាក់ មាន​ថ្នាក់​៖
– វរសេនីយ៍ឯក ចំនួន ៣​នាក់​
– វរសេនីយ៍ទោ ចំនួន ៣​នាក់
– វរសេនីយ៍ត្រី ចំនួន ១១​នាក់​
– អនុសេនីយ៍ឯក ១២​នាក់
– អនុសេនីយ៍ទោ ២​នាក់ និង​ថ្នាក់​អនុសេនីយ៍ត្រី ៤​នាក់​ផង​ដែរ​។

បន្ថែម​លើ​នេះ លោក ថោង លីម អគ្គស្នងការ​រង​នគរបាលជាតិ ក៏​បាន​ប្រគល់​ម៉ូតូ​ធុន​ធំ​ចំនួន ១៤​គ្រឿង រថយន្ត​ចំនួន ៥​គ្រឿង និង ឯកសណ្ឋាន​ចំនួន ៣៥០​កំប្លេរ ដែល​ជា​អំណោយ របស់ លោកនាយ​ឧត្តមសេនីយ៍សន្តិ​បណ្ឌិ​ត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ផ្តល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​បម្រើ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ឲ្យបាន​ប្រសើរ​ឡើង​នា​បណ្តា​ឆ្នាំ​ខាងមុខ​​ៗ​ទៀត​៕ ដែន សីមា​

 

spot_img
×