Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេសកម្ពុជា លើកទឹកចិត្តរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយកាណាដា ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចបានឆាប់រហ័ស នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា

spot_img

ភ្នំពេញ ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញ ចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយប្រទេសកាណាដា និងនូវែលសេឡង់ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ ។

នៅថ្ងៃដដែលនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានជំនួបទ្វេភាគីជាមួយលោកជំទាវ ណាណៃយ៉ា ម៉ាហ៊ូតា (Nanaia Mahuta) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសនូវែលសេឡង់ តាមប្រព័ន្ធវីដេអូ នៅមុនសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយនូវែលសេឡង់ និងបានអញ្ជើញចូលរួមក្នុងពិធីផ្តល់ឋានៈភាពជាដៃគូសន្ទនា របស់អាស៊ាន ឱ្យទៅចក្រភពអង់គ្លេស។

សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយកាណាដា ៖
កិច្ចប្រជុំបានសាទរ ចំពោះសារៈសំខាន់ដែលកំពុងកើនឡើង នៃទំនាក់ទំនងអាស៊ាន-កាណាដា និងបានប្តេជ្ញាសម្រេចឱ្យបានលទ្ធផលល្អប្រសើរ ពីផែនការសកម្មភាពដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីការលើកកម្ពស់ភាពជាដៃគូអាស៊ាន-កាណាដា (២០២១-២០២៥)។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បាន ស្វាគមន៍ចំណាប់អារម្មណ៍របស់កាណាដា ក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយអាស៊ាន ទៅជាភាពជា ដៃគូយុទ្ធសាស្រ្ត ហើយនិងបានរំពឹងដល់ការរៀបចំ ឱ្យមានសកម្មភាពរួមគ្នា នៅទូទាំងសរសរស្តម្ភទំាងបី ដើម្បីប្រារព្ធខួបលើកទី៤៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-កាណាដា នៅក្នុងឆ្នាំ២០២២។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានសម្តែងនូវសុទិដ្ឋិនិយមថា ការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន- កាណាដា អាចនឹងត្រូវបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២១ ហើយនឹងក្លាយទៅជាព្រឹត្តិការណ៍ដ៏ធំ មួយនៅក្នុងពេលនោះ។

សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋមន្រ្តីការបរទេសអាស៊ានបានកោតសរសើរយ៉ាងខ្លាំង​ ចំពោះកិច្ចសហប្រតិបត្តិការរបស់កាណាដា ក្នុងការអនុវត្តក្របខ័ណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។ រដ្ឋមន្រ្តីការបរទេសអាស៊ាន បានស្វាគមន៍ការរួមចំណែករបស់កាណាដា ដែលបានផ្តល់ទឹកប្រាក់ចំនួន ៣,៥លានដុល្លារកាណាដា ដល់មូលនិធិអាស៊ានឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ និងបានផ្តល់ សម្លៀកបំពាក់ការពារ (PPEs) ក្នុងទំហំទឹកប្រាក់ ៤,៥លានដុល្លារកាណាដា ដើម្បីគាំទ្រដល់ការឆ្លើយតបតំបន់។

សម្រាប់ការកំណត់ទិសដៅអនាគត នៃទំនាក់ទំនងសន្ទនាអាស៊ាន-កាណាដា កាណាដាបានអះអាងជាថ្មី អំពីការគាំទ្រមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្ម និងបានប្តេជ្ញាចិត្តពង្រឹងបន្ថែមទៀត នូវភាពជាដៃគូនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដូចដែលមានចែងក្រោមទស្សនៈវិស័យ អាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) រួមមាន កិច្ចសហប្រតិបត្តិការលំហសមុទ្រ ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិឆ្នាំ២០៣០។ កិច្ចប្រជុំក៏បានសង្កត់ធ្ងន់ផងដែរ លើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអាស៊ាន-កាណាដា នៅក្នុងវិស័យផ្សេងៗ រួមមាន កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ក្រោយជំងឺរាតត្បាត សុខភាពសាធារណៈនិងការអប់រំ ពាណិជ្ជកម្មនិងការវិនិយោគ ដោយផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល ការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងគ្រោះមហន្តរាយ ការលើកកម្ពស់និងការការពារសិទ្ធិស្ត្រី កុមារ និងពលករចំណាកស្រុក និងការបង្រួមគម្លាតអភិវឌ្ឍន៍។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានស្វាគមន៍សំណើរបស់កាណាដា ក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួប នៅឆ្នាំ២០២២ ដើម្បីអបអរសាទរខួបលើកទី៤៥ នៃភាពជាដៃគូ សន្ទនាអាស៊ាន-កាណាដា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចបានឆាប់រហ័ស នូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដើម្បីអាចក្តាប់យកប្រកបដោយប្រសិទ្ធភាព នូវសក្តានុពលយ៉ាងធំធេងសម្រាប់តំបន់ទាំងពីរ។

ឯកឧត្តម ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយលើរបៀបវារៈ ស្តីពីស្រ្តី សន្តិភាព សន្តិសុខ និងការថែរក្សាសន្តិភាព តាមរយៈកម្មវិធីកសាងសមត្ថភាព និងគាំទ្របន្ថែមទៀត ដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC)។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីផែនការយុទ្ធសាស្ត្រ ប្រែប្រួលអាកាសធាតុកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ (២០១៤-២០២៣) និងបានសម្តែងនូវការកោតសរសើរ សម្រាប់ការគាំទ្ររបស់កាណាដា ចំពោះអាស៊ាន តាមរយៈមូលនិធិអាកាសធាតុកាណាដា សម្រាប់វិស័យឯកជន នៅក្នុងតំបន់អាស៊ី និងមូលនិធិសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច។ ឆ្លៀតក្នុង ឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណកាណាដា សម្រាប់ការគំាទ្រដល់កម្ពុជា ក្នុងវិស័យអប់រំនិងការអភិវឌ្ឍធនធានមនុស្ស និងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មតំបន់៕ រក្សាសិទ្ធិដោយ៖ ចេស្តារ

spot_img
×