ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ដំរីអ្នកស្រុកមួយក្បាលមានអាយុប្រហែល ៤៥ឆ្នាំ បានចុះប្រេងជិត ១ខែមកហើយៗ បានបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យជារៀងរាល់ថ្ងៃ។
ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ដំរីចុះប្រេងមួយក្បាលនេះ គឺបានបង្កការភ័យខ្លាចដល់អ្នកស្រុក ជាបន្តបន្ទាប់ និងបន្តរហូតមកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨នេះ។
ទោះជាបែបនេះក្តី មន្ត្រីជំនាញខាងអង្គការសត្វដំរី បានអះអាងថា ដំរីមួយក្បាលនេះ នឹងលែងបង្កគ្រោះថ្នាក់ដល់មនុស្សទៀតហើយ ព្រោះដំរីមួយក្បាលនេះ ជិតអស់ប្រេង នឹងក្លាយទៅជាសភាពដើមរបស់វាវិញ។
លោក ឃុន ឌីយ៉ូន ប្រធានអង្គការសត្វដំរី ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងនៅរសៀលថ្ងៃពុធ ទី២៨ ខែមីនាថា ដំរីស្រុកមួយក្បាល ដែលចុះប្រេងជិត ១ខែមកហើយនោះ ត្រូវក្រុមមន្ត្រីជំនាញចាប់បាន និងចងទុកនៅកន្លែងមានសវត្ថិភាពវិញហើយ ក្រោយពីវា បានរួចពីចំណងជិត ១ខែមកនេះ។
លោកបន្ត ដំរីខាងលើមានអាយុប្រហែល ៤៥ឆ្នាំ វាបានចុះប្រេងតាំងពីដើមខែមីនា និងរួចពីចំណង ហើយម្ចាស់មិនហ៊ានតាមចាប់ ប៉ុន្តែពេលនេះ មន្ត្រីជំនាញចាប់បានវិញហើយកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
មន្ត្រីជំនាញដដែល បានឲ្យដឹងថា ការចាប់សត្វដំរីចុះប្រេងមួយក្បាលនេះ គឺបានប្រើប្រាស់ថ្នាំសណ្ដំអស់ពីរម្ជុល ហើយបច្ចុប្បន្ន ដំរីស្រុកខាងលើនេះ បានចងយ៉ាងប្រុងប្រយត្ន័បំផុត ថែមទាំងកាត់បន្ថយចំណី របស់របស់វាទៀតផង ដើម្បីកុំឲ្យវាមានកម្លាំងវាយបកមកលើមនុស្សជាបន្តទៀតនៅថ្ងៃខាងមុខទៀត៕ ដោយ៖សមុទ្រឈើ