សៀមរាប ៖ ភារកិច្ចសំខាន់របស់ក្រុមការងារសហគមន៍ត្រូវផ្តោតសំខាន់លើការយកចិត្តទុកខ្ពស់ចំពោះសហគមន៍ប្រជាពលរដ្ឋក្នុងតំបន់អង្គរតាមរយៈការចុះសួរសុខទុក្ខ ការផ្សព្វផ្សាយអំពីគុណតម្លៃអង្គរ សិទ្ធិអាទិភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់។
លោកបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧និងលើកទិសដៅការងារឆ្នាំ២០១៨នៃក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរានាថ្ងៃពុធ ទី២៨ ខែមីនា ឆ្នាំ២០១៨ ដើម្បីពិនិត្យជាក់ស្តែងលើលទ្ធផលការងារនាឆ្នាំ២០១៧ និងធ្វើការកែសម្រួលសមាសភាពក្រុមការងារ ការអនុវត្តការងារ ការដោះស្រាយសំណើរ និងសំណូមពរផ្សេងៗ បញ្ហាប្រឈម ព្រមទាំងលើកទិសដៅថ្មី។
លោកបណ្ឌិត ស៊ុ ម៉ាប់ បានឱ្យដឹងថា ភារកិច្ចសំខាន់របស់ក្រុមការងារសហគមន៍ត្រូវផ្តោតសំខាន់លើការយកចិត្តទុកខ្ពស់ចំពោះសហគមន៍ប្រជាពលរដ្ឋក្នុងតំបន់អង្គរតាមរយៈការចុះសួរសុខទុក្ខ ការផ្សព្វផ្សាយអំពីគុណតម្លៃអង្គរ សិទ្ធិអាទិភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ សកម្មភាពមនុស្សធម៌ ការលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ប្រជាជន និងការអប់រំចំណេះដឹងទូទៅ អនាម័យ បរិស្ថានជាដើម ពិសេសគឺដោះស្រាយសំណើរផ្សេងៗ ទាក់ទងនឹងការសុំសាងសង់ឬជួសជុលតូចធំ ដែលកំពុងប្រឈមខ្លាំងក្នុងតំបន់អង្គរ។
លោកបណ្ឌិត ស៊ុ ម៉ាប់ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់ដើម្បីតម្លៃនៃអង្គរ និងជំរុញឲ្យក្រុមការងារបន្តយកចិត្តទុកដាក់និងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ធ្វើយ៉ាងណាបំពេញបាននូវតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសក្រុមការងារត្រូវពន្លឿនការចុះពិនិត្យសំណើរបស់ប្រជាពលរដ្ឋដល់មូលដ្ឋាន និងត្រូវអនុញ្ញាតនៅនឹងកន្លែងក្នុងករណីចាំបាច់។
ទាក់ទងនឹងកិច្ចការនេះ តាមរបាយការណ៍លេខាធិការដ្ឋានក្រុមការងារសហគមន៍បានឱ្យដឹងពីការចុះពិនិត្យសំណង់នាឆ្នាំ២០១៧នេះថាបានអនុញ្ញាតឱ្យសាងសង់និងជួសជុលតូចតាចបានចំនួន៤៧៥ករណី លើគោលដៅចំនួន៥គឺ ស្រុកប្រាសាទបាគង អនុញ្ញាត៦៨ករណី ស្រុកអង្គរធំ៧ករណី ស្រុកពួក១០១ករណី ក្រុងសៀមរាប២២០ករណី និងស្រុកបន្ទាយស្រី៧៩ករណី។ បើគិតពីស្ថិតិការ អនុញ្ញាតនិងសាងសង់តូចតាចរយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៣ ដល់២០១៧ គឺក្រុមការងារសហគមន៍បានអនុញ្ញាតដល់ប្រជាពលរដ្ឋបាន១២០៤ករណីហើយ៕ ដោយ ៖ បញ្ញាស័ក្តិ