ខេត្តស្ទឹងត្រែង ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃ១០សីហា២០២១នេះ កម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដូសទី១បាន៨លាននាក់រួចហើយ គឺស្មើនឹង៨០% នៃប្រជាពលរដ្ឋ១០លាននាក់ ដែលត្រូវចាក់វ៉ាក់សាំង ដោយមិនទាន់គិតពីកុមារ និងយុវវ័យ ដែលបាននិងកំពុងចាក់ ព្រមទាំងបងប្អូន ដែលបាននិងកំពុងចាក់ដូសទី៣។

ដំណើរឆ្ពោះទៅរក១០លាននាក់នៅមិនឆ្ងាយ ពីយើងនោះទេដែលធ្វើឱ្យយើងសម្រេច ការងារមុនការកំណត់៧ទៅ៨ខែ ប្រៀបជាមួយផែនការដើមរបស់យើង។
សម្តេចតេជោ បានថ្លែងថា លេខរៀងទី៨លានគឺបានទៅលើប្អូនស្រីឈ្មោះ ថឹង ថា អាយុ៥៦ឆ្នាំជនជាតិខ្មែរឡាវ រស់នៅភូមិដនឡុង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ខ្ញុំសូមអបអរសាទរចំពោះជ័យលាភីទី៨លាន ដែលបានចាក់វ៉ាក់សាំងJohnson&Johnsonដែលជាជំនួយរបស់សហរដ្ឋអាមេរិក ។ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកជំនួយថវិកា១០លានរៀលព្រមទាំងសម្ភារៈផ្សេងៗទៀតទៅប្រគល់ជូនដោយផ្ទាល់។
ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិ សូមជួបតែសេចក្តីសុខសេចក្តីចម្រើន និងចៀសផុតពីជំងឺកូវីដ-១៩ ដោយខិតខំការពារខ្លួន តាមរយៈវិធានការ (៣ការពារនិង៣កុំ)៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ


