Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ប្រារព្ធ​ទិវា ស្រាវជ្រាវ​បារាំង​-​កម្ពុជា លើក​ទី​១

​ភ្នំពេញ ​៖ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៨ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្តីពី ទិវា​ស្រាវជ្រាវ​បារាំង​-​កម្ពុជា​លើក​ទី​១ បាន​ប្រារព្ធ​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែ​មីនា នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ដោយ​លោកស្រី អេ​វ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា និង​មាន​ការចូលរួម​ពី​តំណាង​អាជ្ញាធរ​កម្ពុជា​ជាច្រើនរូប​។​

​ព្រឹត្តិការណ៍​នេះ​រៀបចំឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​បារាំង​២​សប្តាហ៍​នៅ​ភ្នំពេញ​ដោយ​ស្ថានទូត​បារាំង​និង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា រួមសហការ​ជាមួយ​សាកលវិទ្យាល័យ​និង​ស្ថាប័ន​ស្រាវជ្រាវ​នានា ក្នុង​គោលបំណង​លើកស្ទួយ​ការងារ​ស្រាវជ្រាវ និង​អាជីព​វិទ្យាសាស្ត្រ​នៅ​កម្ពុជា​។​

​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បានបញ្ជាក់​ថា ទិវា​នេះ​នឹង​ជំរុញ​ឱ្យ​និស្សិត​-​សាស្ត្រាចារ្យ​កម្ពុជា​ងាក​មក​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​ការស្រាវជ្រាវ ដើម្បី​អភិវឌ្ឍ​ប្រទេសជាតិ​។ ទិវា​នេះ​គឺជា​ឱកាស​នៃ​ការជួបជុំ​គ្នា​និង​ចងក្រង​បណ្តាញ​រវាង​តួអង្គ​មកពី​គ្រប់​មជ្ឈដ្ឋាន ដូច​ជា​និស្សិត អ្នកស្រាវជ្រាវ ស្ថាប័ន ក្រុមហ៊ុន​… ។ តាមរយ​:​ព្រឹត្តិការណ៍​ខាងលើ សាធារណជន​អាច​ស្វែង​យល់​ផងដែរ​អំពី​គម្រោង​ស្រាវ​ជ្រាវ​នៅ​កម្ពុជា​ធ្វើ​ឡើង​ដោយ​ស្ថាប័ន​បារាំង ដោយ​សហការ​ជាមួយ​ដៃគូ​កម្ពុជា និង​អន្តរជាតិ​។ នៅ​ក្នុង​ទិវា​ស្រាវជ្រាវ​នេះ​មាន​ការ​ពិភាក្សា​​​និង​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​ប្រធានបទ និង​បញ្ហា​ប្រឈម​នានា​នៅក្នុង​ការងារ​ស្រាវជ្រាវ ក៏ដូចជា​សារសំខាន់​នៃ​ការស្រាវជ្រាវ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។ មនុស្ស​ប្រមាណ​៣០០​នាក់​បាន​ចុះឈ្មោះ​ចូលរួម​ក្នុង​ទិវា​នេះ​។​

​ក្នុង​រយៈពេល​២​ថ្ងៃ កម្មវិធី​ជា​ច្រើន​ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកស្ទួយ​តម្លៃ​ការងារ​ស្រាវជ្រាវ​និង​គម្រោង​ដែល​មាន​លក្ខណៈ​បង្កើត​ថ្មី​របស់​និស្សិត​និង​អ្នកស្រាវជ្រាវ​វ័យក្មេង​នៅ​កម្ពុជា​។ ក្រៅពី​សន្និសីទ បទ​បង្ហាញ និង​កិច្ច​ពិភាក្សា​តុមូល វេទិកា​មួយ​ស្តីពី​ការស្រាវជ្រាវ​និង​ការបង្កើតថ្មី​ត្រូវបាន​រៀបចំ​ដើម្បី​បង្ហាញ​ស្នាដៃ​ស្រាវជ្រាវ​ប្រមាណ​៣០​របស់​និស្សិត​និង​អ្នកស្រាវជ្រាវ​វ័យក្មេង​កម្ពុជា​។ គម្រោង​បង្កើត​ថ្មី​របស់​ពួកគេ​ក៏​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​តាម​ស្តង់​នានា​ផង​ដែរ​។ ចំណែកឯ​សាកលវិទ្យាល័យ ស្ថាប័ន​ស្រាវជ្រាវ វិស័យ​ឯកជន​និង​អង្គការក្រៅរដ្ឋាភិបាល​ក៏​ដាក់​បង្ហាញ​ស្នាដៃ​និង​សកម្មភាព​របស់​ខ្លួន​នៅ​តាម​ស្តង់​ប្រមាណ​៣០​ផ្សេងទៀត​។​

​សូមបញ្ជាក់​ថា ប្រទេស​បារាំង​តែង​យកចិត្តទុកដាក់​ចំពោះ​ការអភិវឌ្ឍ​ការងារ​ស្រាវជ្រាវ​នៅ​កម្ពុជា និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​នេះ​។ បារាំង​បាន​គាំទ្រ​គោល​នយោបាយ​កម្ពុជា​ក្នុង​ការដាក់​ឱ្យ​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​ថ្នាក់បណ្ឌិត​នៅ​តាម​សាកលវិទ្យាល័យ ហើយ​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការបង្កើន​ការចំណាយ​លើ​ការស្រាវជ្រាវ ដែល​ត្រូវបាន​ប្រកាស​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ។ អ្នកស្រាវជ្រាវ​ជាច្រើន​រូប​មកពី​បណ្តា​ស្ថាប័ន​បារាំង​ល្បីៗ​លើ​ឆាក​អន្តរជាតិ កំពុង​ដឹកនាំ​គម្រោង​ស្រាវជ្រាវ​នៅ​កម្ពុជា​ដោយ​រួមសហការ​ជាមួយ​ដៃគូ​កម្ពុជា​៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×