ភ្នំពេញ ៖ គណបក្សខ្មែរតែមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតនៅរដូវកាលឆ្នាំ២០២២ -២០២៣ ដោយសារអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ បានចេញទៅបង្កើតបក្សថ្មីចំនួន៥ គឺគណបក្សខ្មែរស្រឡាញ់ជាតិ គណបក្សកែទម្រង់កម្ពុជា គណបក្សកម្ពុជានិយម គណបក្សបេះដូងជាតិ និងបក្សខ្មែរអភិរក្ស បានសម្រេចចិត្តចែកផ្លូវគ្នាដើរដោយក្រុមអញនិយមរៀងៗខ្លួនរួចទៅហើយ។

នៅក្នុងសេចក្តីអំពាវនាវរបស់គណបក្សខ្មែរតែមួយ នៅថ្ងៃទី១៣ ខែសីហា បានបញ្ជាក់ថា ឥឡូវនេះមានសេនារីយោថ្មីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា “ជាមនុស្សតែមួយ” ត្រូវបន្តអាជីវកម្មនយោបាយរបស់ខ្លួនដោយបានបែងចែកក្រុមការងារចំនួនបី៖ ក្រុមទី១. អតីតតំណាងរាស្រ្ត CNRP ស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញបានបើកបក្សថ្មីដើម្បីធ្វើជានុយ ឬអន្ទាក់នយោបាយថ្មីបន្តបន្លំភ្នែកប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនៅរដូវកាលឆ្នាំ២០២២-២០២៣ ខាងមុខនេះ។ ក្រុមទី២. ក្រៅប្រទេសដឹកនាំដោយលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខខាងអាជីវកម្មនយោបាយ កម្ពុជាបានកំពុងបង្កើតព្រឹត្តិការណ៍ញុះញុង់លាបពណ៌ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។ ក្រុមទី៣. ក្រុមចរចាដឹកនាំដោយប្រពន្ធរបស់លោក សម រង្ស៊ី រៀបចំស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ ឬសុំចូលរួមជីវភាពនយោបាយជាមួយ CPP ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។
ជាមួយគ្នានេះ គណបក្សខ្មែរតែមួយ បានអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត នៅរដូវកាលឆ្នាំ២០២២ -២០២៣ ពីព្រោះលោក សម រង្ស៊ី និងលោក កឹម សុខា “មិនហ៊ានប្រកាសបែកគ្នាទេ” ដោយសារតែផលប្រយោជន៍រៀងៗខ្លន ដូច្នេះលោកសម រង្ស៊ី ជាថៅកែម៉ៅការផ្តាច់មុខ ខាងអាជីវកម្មនយោបាយកម្ពុជា និងលោកកឹម សុខា ជាប្រធានក្រុមម៉ៅការនយោបាយបន្ត នៅតែប្រើប្រាស់ពាក្យស្លោក “សមរង្ស៊ីនិង កឹមសុខា ជាមនុស្សតែមួយ” ជារៀងរហូត៕ រក្សាសិទ្ធិដោយ៖ ចេស្តារ





