ភ្នំពេញ ៖ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានបញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទិញបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ គឺដើម្បីការពារជាតិ មាតុភូមិ និងដើម្បីចូលរួមក្នុងកិច្ចការងារមនុស្សធម៌ និងការងារសង្គម នៅពេលដែលមានគ្រោះមហន្តរាយ គ្រោះធម្មជាតិកើតឡើងដើម្បីចុះជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍បញ្ជាក់ថា ឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ គឺទុកសម្រាប់ការពារជាតិ មាតុភូមិ ចូលរួមកិច្ចការងារមនុស្សធម៌ និងចូលរួមការងារសង្គម បើសិនណាជាមានគ្រោះហមន្តរាយ គ្រោះធម្មជាតិកើតឡើងក៏យកឧទ្ធម្ភាគចក្រនេះទៅបម្រើការងារមនុស្សធម៌ដូចគ្នាដែរ។ និយាយរួមកងទ័ព គឺការពារ ចូលរួមសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ក្នុងនាមមនុស្សធម៌ និងចូលរួមការងារសង្គមដើម្បីជួយដល់ប្រជាពលរដ្ឋ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា “ការងារនឹងមិនបាច់ទៅឆ្ងល់អីទេ កងទ័ពរបស់យើងមានភារកិច្ចកាតព្វកិច្ចទី១. ការពារជាតិ មាតុភូមិរបស់ខ្លួនឯង និងទី២. ចូលរួមកិច្ចការងារមនុស្សធម៌ ធ្វើទាំងអស់ និងទី៣. ចូលរួមការងារសង្គម អាហ្នឹងក៏ត្រូវចូលរួមជាមួយប្រជាពលរដ្ឋដែរ បើសិនណាមានគ្រោះមហន្តរាយកើតឡើង ក៏យើងបម្រើក្នុងការងារមនុស្សធម៌ដូចគ្នា ហើយបើមានគ្រោះធម្មជាតិកើតឡើងក៏យើងត្រូវការងារនឹងទាំងអស់គ្នាដែរ។ ហើយការងារសង្គមតាំងពីការដក ការស្ទូង ការជួយប្រជាពលរដ្ឋ និយាយរួមកងទ័ពរបស់យើង គឺការពារ ចូលរួមសង្គ្រោះជាគ្រោះមហន្តរាយផ្សេងៗ ក្នុងនាមមនុស្ស និងចូលរួមកិច្ចការងារសង្គមដើម្បីជួយដល់ប្រជាពលរដ្ឋរបស់យើង ត្រូវធ្វើៗទាំងអស់អត់មានប្រកាន់ទៅលើតួនាទីកន្លែងណាៗ អត់ទេ”។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូនដល់កងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានណែនាំដល់អស់លោកនាយទាហាននៅទ័ពអាកាស ឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបំពាក់ឧទ្ធម្ភាគចក្រជូនដល់ កងយោធពលខេមរភូមិន្ទ ដើម្បីបម្រើក្នុងកិច្ចប្រតិបត្តិការ បានលឿនទាន់ពេលវេលា៕ រក្សាសិទ្ធិដោយ៖ ចេស្តារ


