Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំណែទម្រង់ កាត់បន្ថយការិយាធិបតេយ្យ ធ្វើឲ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែប្រសើរឡើង

spot_img

ភ្នំពេញ៖ ការពង្រឹងសមត្ថភាព តាមរយៈការអភិវឌ្ឍធនធានមនុស្ស ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាល ការកសាងខិលិតបទដ្ឋានគតិយុត្ត និងការកែលម្អសេវាសាធារណៈ តាមរយៈដាក់ឲ្យប្រើប្រាស់ទាំងស្រុងនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាទំនើប សំដៅជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយសកម្មភាពការិយាធិបតេយ្យជាដើម ជំរុញឲ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើងជារៀងរាល់ឆ្នាំ។ ។

អ្នកធុរកិច្ចនៅកម្ពុជា បានមើលឃើញថា បរិយា​កាសវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈការដាក់ចេញនូវគោលនយោបាយ កំណែទម្រង់ជាបន្តបន្ទាប់ ដែលបានធ្វើឲ្យកម្ពុជា កាត់បន្ថយបានច្រើននូវការិយាធិបតេយ្យ។​

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និងជាប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាធ្លាប់បានមានប្រសាសន៍ថា កម្ពុជាបានបំពេញនូវលក្ខខ័ណ្ឌយ៉ាងល្អប្រសើរ ដែលអាចទាក់ទាញអ្នកវិនិយោគ អន្តរជាតិ មកវិនិយោគនៅកម្ពុជាកាន់តែច្រើន។ លោកបណ្ឌិតបន្តថា “ការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ក៏ធ្វើឲ្យកម្ពុជាទាក់ទាញការវិនិយោគពីអន្តរជាតិផងដែរ ព្រោះអ្នកវិនិយោគពួកគេ នឹងសម្លឹងរកប្រទេសដែលមានចំណូលខ្ពស់ ដោយសារអំណាចទិញមានការកើនឡើង។

លោកបណ្ឌិត បន្តថា អ្នកវិនិយោគអន្តរជាតិ មុនចូលទៅវិនិយោគនៅប្រទេសណាមួយ ពួកគេតែងតែសិក្សាលើមូលដ្ឋានបីជាសំខាន់ដូចជា ទី១ ស្ថេរភាពនយោបាយរយៈពេលវែង ទី២ ស្ថេរភាពសង្គម និងទី៣ ការរីកចម្រើននៃសេដ្ឋកិច្ចរបស់ប្រទេសនោះ ពិសេសច្បាប់បទដ្ឋានគតិយុត្តិ ដែលលើកទឹកចិត្ត និងមិនបង្កភាពស្មុគស្មាញដល់អ្នកវិនិយោគ។

ដោយឡែក ឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា គោលនយោបាយកំណែទម្រង់់ជាច្រើន បានកាត់់បន្ថយការិយាធិបតេយ្យ ព្រោះការិយាធិបតេយ្យ នឹងធ្វើឲ្យមានលិខិតស្នាមច្រើន និងមានតម្លៃថ្លៃលើសេវាកម្ម ដែលនាំឲ្យមានបញ្ហាប្រឈម ក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាង។​

សូមជម្រាបថា ការដាក់ចេញគោលនយោបាយកាត់បន្ថយការិយាធិបតេយ្យ តាមរយៈការបង្កើតវេទិការវាងរដ្ឋ និងវិស័យឯកជន ការផ្តួចផ្តើមបង្កើតរដ្ឋាភិបាលឌីជីថលជាដើម រួមនិងច្បាប់វិនិយោគថ្មី ដែលនឹងអនុម័ត នាពេលខាងមុខ នឹងជួយទាក់ទាញអ្នកវិនិយោគអន្តរជាតិកាន់តែច្រើន ព្រោះ ច្បាប់វិនិយោគថ្មីនេះ នឹងផ្តល់ការគាំពារ និងលើកទឹកចិត្តអ្នកវិនិយោគមកកម្ពុជា កាន់តែច្រើនថែមទៀត៕

រក្សាសិទ្ធិដោយ៖ CEN

spot_img
×