ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបរិច្ចាគថវិកាចំនួន ២សែនដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន ១សែនដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលអាស៊ានសម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។ ក្រៅពីថវិកា កម្ពុជាក៏បានបរិច្ចាគនូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនទៀតដល់ប្រទេសមីយ៉ាន់ម៉ាថែមទៀតផង។

យោងតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផ្ញើជូនឯកឧត្តម នាយឧត្តមសេនីយ៍ មីង អោង ឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា សម្តេចបានតាមដានកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ដោយបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតនេះតាំងពីដំបូងមក។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ សូមបរិច្ចាគជាសាច់ប្រាក់ចំនួន ២០០.០០០ ដុល្លារអាមេរិក របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមពីលើការសន្យារបស់កម្ពុជា ចំនួន ១០០.០០០ ដុល្លារអាមេរិក សម្រាប់ជំនួយមនុស្សធម៌អាស៊ាន ជួយមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលអាស៊ាន សម្រាប់សម្របសម្រួលជំនួយមនុស្សធម៌ (AHA Centre)។ យើងក៏នឹងបរិច្ចាគនូវឧបករណ៍វេជ្ជសាស្រ្តមួយចំនួនដែលរួមមាន៖ ម៉ាស់ចំនួន ៣ លាន តេស្ត៍រហ័ស ចំនួន ៥០០.០០០ សំលៀកបំពាក់សុវត្ថិភាព PPE ចំនួន ២.០០០ ឈុត ម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិចំនួន ១០០ គ្រឿង ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ២០ គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ២០ គ្រឿង ដូចបានរៀបរាប់លម្អិតនៅក្នុងបញ្ជីជូនភ្ជាប់ ជូនសាធារណរដ្ឋសហភាព មីយ៉ាន់ម៉ា។

ក្នុងន័យនេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នឹងដឹកនាំគណៈប្រតិភូមួយក្រុម ដើម្បីប្រគល់ជូនអំណោយខាងលើនេះ តាមជើងហោះហើរពិសេស ដែលនឹងត្រូវរៀបចំឡើងដើម្បីទៅទីក្រុង ណៃពិដោ នាពេលឆាប់ៗនេះ។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើង យើងនឹងយកឈ្នះលើជំងឺរាតត្បាតសកលនេះទាំងស្រុង៕ រក្សាសិទ្ធិដោយៈ ចេស្តារ




