ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្ដរជាតិ បានអនុញ្ញាតឱ្យបេក្ខជនជ័យលាភីអាហារូបករណ៍របស់ជប៉ុន JDS ចំនួន ២៦ រូប មកពីក្រសួង ស្ថាប័នចំនួន១៥ ដែលក្នុងនោះមាន មន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ០១ រូប ចូលជួបសម្តែងការគួរសម តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២១។

ជាកិច្ចចាប់ផ្ដើម តំណាងនិស្សិតអាហារូបករណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលបានឆ្លៀតពេលវេលា ដ៏មានតម្លៃនិងមមាញឹក អញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយនិស្សិតទាំង ២៦ រូប និងទទួលបានអនុសាសន៍ណែនាំ ដ៏មានតម្លៃ មុននឹងចេញដំណើរទៅសិក្សានៅប្រទេសជប៉ុន។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីការបង្កើតវិទ្យាស្ថានជាតិការទូតនិងទំនាក់ទំនងអន្តរជាតិ ដែលមានក្នុងប្រវត្តិសាស្រ្តជាលើកទី១ និងទទួលបានការគាំទ្រនិងការយកចិត្តទុកដាក់ខ្លាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពង្រឹងសមត្ថភាពមន្រ្តីការទូតប្រកបដោយវិជ្ជាជីវៈ ឱ្យចូលប្រលូកជាមួយបរទេសនៅលើឆាកអន្តរជាតិ។
បន្ទាប់មក លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរ និងកោតសសើរចំពោះនិស្សិតជ័យលាភី ដែលទទួលបានអាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន។ លោកឧបនាយករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ ដែលលោកធ្លាប់បានសិក្សានៅក្រៅប្រទេស និងបានផ្ដល់អនុសាសន៍ណែនាំ ដល់និស្សិតឱ្យមានភាពអត់ធ្មត់ គោរពវិន័យ និងខិតខំប្រឹងប្រែងរៀនសូត្រពីប្រទេសជប៉ុន ដើម្បីយកចំណេះដឹងទាំងនោះមកអភិវឌ្ឍប្រទេសកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនងកម្ពុជា-ជប៉ុន គឺជាទំនាក់ទំនងដែលមាន ការយោគយល់ច្រើនដល់ប្រទេសកម្ពុជា ជាពិសេសក្នុងដំណើរការស្វែងរកសន្តិភាព ការស្ដារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ការគាំទ្រកម្ពុជាលើឆាកអន្តរជាតិ និងការផ្តល់ជំនួយឧបត្ថម្ភដល់កម្ពុជា។
គិតចាប់ពីឆ្នាំ ២០០១ ដល់ ឆ្នាំ ២០២១ មាននិស្សិតកម្ពុជាចំនួន ៤៩៦ រូប បានទទួលអាហារូបករណ៍ជប៉ុន JDS ថ្នាក់ក្រោយឧត្តមសិក្សា ក្នុងនោះមានមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចំនួន២៤រូបផងដែរ។
ជាចុងក្រោយ លោកឧបនាយករដ្ឋមន្ត្រី បានជូនពរដល់និស្សិតឱ្យទទួលបានជោគជ័យក្នុងការសិក្សា ជាពិសេសរក្សាភាពថ្លៃថ្នូរ ថែរក្សាសុខភាព និងនាំកិត្តិយសជូនជាតិ និងបានឧបត្ថម្ភថវិកាលើកទឹកចិត្តដល់និស្សិតក្នុងម្នាក់ទទួលបាន ១០០ ដុល្លារអាមេរិក៕ រក្សាសិទ្ធិដោយ៖ចេស្តារ
