ភ្នំពេញ: នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារនាយកដ្ឋានព័ត៌មានវិទ្យា ទទួលបាននូវសេចក្តីរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ អំពីករណីទទួលបានសារ (សារ SMS ឬសារកម្មវិធីទំនាក់ទំនងសង្គម) ពីជនអនាមិក ដែលស្នើសុំពួកគេធ្វើការបំពេញ Form ស្ទង់មតិតាមរយៈ Microsoft Forms។
បន្ទាប់ពីការស្រាវជ្រាវ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថា ជាករណីវាយប្រហារប្រភេទ Phishing ដែលជនខិលខូចប្រើប្រាស់កម្មវិធី Microsoft Forms បង្កើតនូវទម្រង់ Login នៃកម្មវិធី អ៊ីនធឺណិត ផ្សេងៗ ធ្វើជាអន្ទាក់លួចយកព័ត៌មានគណនី អ៊ីនធឺណិត ពីជនរងគ្រោះ តួយ៉ាង៖ លេខសម្ងាត់កម្មវិធី Office 365 គណនីអ៊ីម៉ែល Outlook ឬជាទម្រង់ Forms បញ្ឆោតលួចគណនីកម្មវិធីផ្សេងៗទៀត។
គួរបញ្ជាក់ថា ដើម្បីកុំឱ្យចាញ់បោកគេ សូមប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន ដោយធ្វើការពិនិត្យផ្ទៀងផ្ទាត់អំពីប្រភព និងអាសយដ្ឋាន គេហទំព័រ (URL) មុននឹងធ្វើការវាយបញ្ចូលឈ្មោះគណនី លេខ កូដ សម្ងាត់ ឬ ព័ត៌មានចាំបាច់ផ្សេងៗ ដែលនាំឱ្យខាតបង់៕
រក្សាសិទ្ធដោយ៖ CEN