ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានហៅការលើកឡើង និងប្រតិកម្មរបស់អគ្គរដ្ឋទូតអាម៉េរិក ប្រចាំនៅកម្ពុជា ចំពោះការកាត់ទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ គឺមិនផ្អែកទៅលើទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាទាល់តែសោះ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការលើកឡើងរបស់អគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា ចំពោះការកាត់ទោសលោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងបក្ខពួកចំនួនពីរនាក់ គឺមិនផ្អែកលើទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជាទាល់តែសោះ ពីព្រោះការកាត់ទោសដំណើរការនៃការចោទប្រកាន់នេះ មិនមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពតាមផ្លូវច្បាប់នោះទេ ដោយសារប្រព្រឹត្តបទល្មើស សមត្ថកិច្ចមានមូលដ្ឋានភស្តុតាង សក្ខីកម្មក្នុងការចោទប្រកាន់ដំណើរការនីតិវិធី តាមផ្លូវតុលាការ និងឈានដល់ការសម្រេចផ្តន្ទាទោស។ ហើយបើភាគីណាមួយ ដែលចង់ជួយ ហើយយល់ថា មិនមែនបទល្មើសគឺត្រូវបង្ហាញភស្តុតាងដោះបន្ទុក ប៉ុន្តែភស្តុតាងដោះបន្ទុកអត់មានក្រៅតែពីការចោទប្រកាន់ ហេតុនេះមិនអាចជួយដល់ជនជាប់ចោទបានទេ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ផ្អែកទៅលើទិដ្ឋភាពច្បាប់ និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺករណីលោករ៉ុង ឈុន នេះ មិនមែនជាករណីអនុវត្តសិទ្ធិសរីភាពតាមផ្លូវច្បាប់នោះទេ ក៏ប៉ុន្តែវាជាការប្រព្រឹត្តបទល្មើស ដែលសមត្ថកិច្ចមានភស្តុតាង មានមូលដ្ឋានផ្នែកច្បាប់រឹងមាំ ក្នុងការចោទប្រកាន់ដំណើរការនីតិវិធីតាមផ្លូវតុលាការ និងសម្រេចផ្តន្ទាទោស។ ហើយការប្រើប្រាស់ប្រព័ន្ធតុលាការ ក្នុងការក្នុងដំណើរការនីតិវិធីចំពោះបទល្មើស ក៏ដូចជាការផ្តន្ទាទោសជនល្មើស មិនមែនជាការរិតត្បិត ឬគាបសង្កត់ទៅលើសិទ្ធិសេរីភាពនោះទេ ក៏ប៉ុន្តែវាជាមធ្យោបាយតាមផ្លូវច្បាប់ ក្នុងការលើកតម្លើងសិទ្ធិសេរីភាពនៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋទៅវិញទេ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយថា «ការផ្តន្ទាទោសដោយតុលាការ លើលោក រ៉ុង ឈុន ដែលជាមេដឹកនាំសហជីព ដ៏គួរឱ្យគោរព នៅថ្ងៃនេះ ធ្វើឲ្យមានការចោទសួរយ៉ាងខ្លាំង ទៅលើសេរីភាពក្នុងការបញ្ចេញ មតិដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ របស់ប្រទេសកម្ពុជា និងសារៈសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសំឡេងសកម្មជនសន្តិភាពទេ»។
សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រម ដោយកាត់ទោស លោក រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំមុន។ ក្រៅពីកាត់ទោសលោក រ៉ុង ឈុន សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀត ដែលចូលរួមទាមទារឱ្យដោះលែង មេសហជីពនេះនោះគឺលោក តុន និមល និង កញ្ញា ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀលផងដែរ។

លោក រ៉ុង ឈុន ត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរ ដល់សន្តិសុខសង្គម» បន្ទាប់ពីត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ បន្ទាប់ពីលោកបានប្រព្រឹត្តបទល្មើស ញុះញង់បង្កឱ្យមានភាពវឹកវរ អំឡុងពេលចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ។ ក្នុងពេលចុះទៅកាន់ព្រំដែនខេត្តនេះ លោក រ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍ ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជា ប្រហែល៥០០ម៉ែត្រ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ