Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា កំពុងបន្តជម្រុញបើកច្រកមៀនប៉ៃលិនកម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ៖ មន្រ្តីកសិកម្ម បានឱ្យដឹងថា បច្ចុប្បន្ន ការប្រមូលផលផ្លែមៀនរបស់កម្ពុជា អាចទទួលបានជិត ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ហើយភាគច្រើនផ្លែមៀនទាំងនេះ ត្រូវបាននាំចេញទៅកាន់ប្រទេសថៃ។

ប្រទេសថៃ ជាទីផ្សារនាំចេញផ្លែមៀនដ៏ធំរបស់កម្ពុជា។ ប៉ុន្តែមួយរយៈពេលនេះ ភាគីថៃ បានផ្អាកទិញផ្លែមៀនពីកម្ពុជា ដែលធ្វើឲ្យកកស្ទះគ្មានទីផ្សារនៅបណ្តាខេត្តជាប់ព្រំដែន មានខេត្តបាត់ដំ​បង និងខេត្តប៉ៃលិនជាដើម បន្ទាប់ពីចិន ដែល​ជាទីផ្សារនាំចេញផ្លែមៀនដ៏ធំរបស់ប្រទេសថៃ បានប្រកាសផ្អាកការបញ្ជាទិញ​។

ប៉ុន្តែមន្រ្តីក្រសួងកសិកម្ម រំពឹងថា ឆាប់​ៗខាងមុខនេះ ក្រោយពី​ទីផ្សារ​ចិនបាន​ប្រកាស​ឱ្យថៃនាំចូលផ្លែមៀន​ឡើង​​វិញ​ ភាគីថៃ នឹងបន្តប្រមូលទិញផ្លែមៀនពីកសិ​ករកម្ពុជាឡើងវិញផងដែរ ដែលអាចធ្វើឲ្យតម្លៃផ្លែមៀននឹងមានហាងឆេងកាន់តែល្អដែរ។

ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម បានឱ្យដឹងថា ការនាំចេញផ្លែមៀនពីកម្ពុជាទៅថៃ អាច​និងចាប់ផ្តើមមានពន្លឺឡើងវិញ ក្រោយពីប្រទេសចិនបើកទីផ្សារឲ្យថៃនាំចូលជាថ្មី ឡើងវិញនៅថ្ងៃទី​១៨ ខែសីហា ឆ្នាំ២០២១នេះ ដែលមានក្រុមហ៊ុនថៃចំនួន ៥៦ នឹងនាំចូលផ្លែមៀនទៅកាន់ប្រទេសចិន។ ទន្ទឹមនិង​នេះ ឯកឧត្តម ក៏បានលើកឡើងផងដែរថា រាជរដ្ឋា​ភិបាល​កម្ពុជា កំពុងបន្ត​ជម្រុញ​បើកច្រកមៀនប៉ៃលិនកម្ពុជា ចូល​ទៅ​កាន់ទីផ្សារប្រទេសចិន។

សូមជម្រាបថា ក្នុងពេលថៃផ្អាកការបញ្ជាទិញ រយៈពេលប៉ុន្មានថ្ងៃនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើអន្តរាគមន៍ដោយផ្ទាល់ និងបានចាត់ឲ្យមន្ត្រី រួមជាមួយអាជ្ញាធរខេត្ត ចុះទិញផ្លែមៀនពីប្រជាកសិករ ក្នុងគោល​បំណងជួយសម្រាលការលំបាករបស់ពួកគាត់។ ចំពោះការអន្តរាគមន៍ជួយរបស់រាជរដ្ឋាភិបាល គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំកម្ពុជា ដែលតែងគិតគួរយ៉ាងយកចិត្តទុកដាក់ដល់ការលំបាករបស់ប្រជាកសិករ ហើយក៏បង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់កសិករកុំឲ្យអស់សង្ឈឹម បោះបង់មុខរបររបស់ខ្លួន ហើយត្រូវបន្តការខិតខំប្រឹងប្រែងបង្កបង្កើនផលបន្ថែមទៀត។

តាមរយៈការចុះទិញផ្លែមៀនរបស់ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃនេះ បានកំណត់យក​តម្លៃដោយការព្រមព្រៀងគ្នា ទិញនៅនឹងចម្ការផ្ទាល់ គឺតម្លៃ ១៨០០រៀល ក្នុងមួយគីឡូក្រាម ដោយឡែកបើដឹកទៅដល់ទីតាំងរបស់ក្រុមការងារផ្ទាល់ មានតម្លៃ ២៥០០រៀល ក្នុងមួយគីឡូក្រាម។

គួរបញ្ជាក់ថា ជាទូទៅមៀន ឬតាង៉ែន ចាប់ផ្តើមប្រមូលផលចំនួន២វគ្គ លើកទី១ ចាប់ពីខែកុម្ភៈ ដល់ខែមិនា និងលើកទី២ ពីខែសីហា ដល់ខែតុលា សម្រាប់មៀន (តាង៉ែន) កន្លងមក មានតម្លៃនៅចម្ការថ្លៃ ២០០០រៀល ក្នុងមួយគីឡូក្រាម មៀនក្រអូប តម្លៃនៅចម្ការ ២៥០០រៀល ក្នុងមួយគីឡូក្រាម និងតម្លៃក្រោយការវេចខ្ចប់នៅលើទីផ្សារ ថ្លៃ ៣០០០រៀលក្នុងមួយគីឡូក្រាម៕

រក្សាសិទ្ធដោយ៖ CEN

×