Sunday, December 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងការប្រតិកម្ម របស់ស្ថានទូតសហភាពអឺរ៉ុប បារាំង និងអាមេរិកប្រចាំកម្ពុជា រឿងកាត់ទោស រ៉ុង ឈុន

ភ្នំពេញ ៖ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានឆ្លើយតបទៅនឹងការប្រតិកម្ម របស់ស្ថានទូតសហភាពអឺរ៉ុប ស្ថានទូតបារាំង និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ទាក់ទងការកាត់ទោសជនជាប់ចោទ រ៉ុង ឈុន និងបក្ខពួកចំនួនពីរនាក់ ដាក់ពន្ធនាគារកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ គឺដើម្បីគ្រាន់តែជាផលប្រយោជន៍ខ្លួនឯង ពីព្រោះការសម្រេចវិនិច្ឆ័យក្តី គឺស្ថិតនៅលើដែនសមត្ថកិច្ចរបស់តុលាការ ឯករាជ្យ គ្មានអ្នកណាជ្រៀតជ្រែក ទៅលើការសម្រេចនោះបានទេ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា មន្ត្រីទូតទាំងនេះ មិនមែននៅក្នុងសមត្ថកិច្ចយុត្តិធម៌នោះទេ គាត់គ្រាន់តែជាមន្ត្រីនយោបាយ របស់ប្រទេសនិមួយៗ ដូច្នេះការបញ្ចេញរបស់មន្ត្រីទូតទាំងនេះ គ្រាន់តែដើម្បីផលប្រយោជន៍ខ្លួនឯង ប៉ុន្តែការសម្រេចវិនិច្ឆ័យក្តី គឺស្ថិតនៅលើដែនសមត្ថកិច្ចរបស់តុលាការ ឯករាជ្យ គ្មានអ្នកណាអាចជ្រៀតជ្រែក ទៅលើការសម្រេចនោះបានទេ ទៅតាមច្បាប់របស់កម្ពុជា និងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ជាអធិបតេយ្យភាពរបស់ប្រទេសមួយ និងជាអធិបតេយ្យភាពរបស់ចៅក្រមនៅតុលាការ ហើយការបញ្ចេញយោបល់ របស់មន្ត្រីទូតទាំងនេះ គ្រាន់តែជាអារម្មណ៍ គ្រាន់តែជាទស្សនផ្ទាល់ខ្លួន របស់មន្ត្រីទូតទាំងនោះទេ។

ទាក់ទងការលើកឡើងរបស់ក្រុមអង្គការសង្គមស៊ីវិលមួយចំនួន ជុំវិញការកាត់ទោសជនជាប់ចោទ រ៉ុង ឈុន និងបក្ខពួក ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា “ការលើកឡើនេះ វាជាអារម្មណ៍របស់គេទេ យើងមិនទៅប្រឆាំងជាមួយ ទៅនឹងការលើកឡើងរបស់គេទេ ជាការលើកឡើងដោយចរិតផ្ទាល់ខ្លួនរបស់គេ។ កម្ពុជាធ្វើទៅតាមអង្គហេតុ និងអង្គច្បាប់តែប៉ុណ្ណោះ ហើយកម្ពុជាមិនដែលទៅលូកលាន់ នៅក្នុងដែនសមត្ថកិច្ចរបស់តុលាការបរទេសណាមួយទេ។ ដូច្នេះបរទេសដែលនិយាយ គួរតែជាអ្នកមួយបង្កើតចរិត នៃការគោរពដែនអធិបតេយ្យភាព របស់តុលាការ នៅក្នុងដំណើរការនីតិរដ្ឋ”។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា “កុំភ្លេចថា ទូតគ្រាន់តែជាមន្ត្រីនយោបាយ តំណាងប្រទេសរបស់ផងខ្លួន មកនៅកម្ពុជា មិនមានសិទ្ធិជ្រៀតជ្រែក នៅក្នុងការសម្រេចរបស់តុលាការកម្ពុជានោះឡើយ ពីព្រោះតុលាការកម្ពុជា ស្ថិតនៅលើអង្គហេតិ និងអង្គច្បាប់តែប៉ុណ្ណោះ” ។

សូមជម្រាបថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានប្រកាសសាលក្រម ដោយកាត់ទោសជនជាប់ចោទ រ៉ុង ឈុន ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់២លានរៀល ចំពោះករណីញុះញង់ បង្កបញ្ហានៅព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំកាលពីឆ្នាំមុន។ ក្រៅពីកាត់ទោស រ៉ុង ឈុន សាលាដំបូងរាជធានីភ្នំពេញ ក៏បានកាត់ទោសមនុស្ស២នាក់ទៀត ដែលចូលរួមទាមទារឱ្យដោះលែង មេសហជីពនេះនោះគឺឈ្មោះ តុន និមល និងឈ្មោះ ស កណិកា ឱ្យជាប់ពន្ធនាគារ២០ខែ។ ជនទាំង៣ ត្រូវបានតុលាការពិន័យប្រាក់ម្នាក់២លានរៀល និងបង្គាប់ឱ្យសងជំងឺចិត្តទៅដើមបណ្តឹង គឺគណៈកម្មការព្រំដែន សរុបចំនួន៤០០លានរៀលផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×