ស្រ្តីជនជាតិហ្វីលីពីនម្នាក់ បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង នៅពេលបានឃើញនាងផ្លាស់ប្តូររូបសម្រស់ដ៏មិននឹកស្មាន បន្ទាប់ពីប្តីបានចុះចោលទៅរកស្រីថ្មី ព្រោះតែនាងធ្លាក់រូបសម្រស់ខ្លាំង ខណៈមានកូនរហូតដល់ ៧ នាក់ ឯណោះ។
តាមរយៈវីដេអូមានអ្នកទស្សនារាប់លានដង ដែលត្រូវបានគេចែករំលេក តាមរយៈទំព័រហ្វេសប៊ុកមួយមានឈ្មោះ OFW Secret Files ស្រ្តីរូបនេះត្រូវបានស្គាល់មានឈ្មោះថា Michelle Valenzuela ដោយនាងមានកូនចំនួន ៧ នាក់។ យោងតាម Michelle នាងត្រូវបានប្តីចុះចោលទៅរកស្រីផ្សេង គឺនៅពេលនាងមានផ្ទៃពោះកូនទី៧។
នៅពេលនោះ រូបនាងពិតជាមានការអស់សង្ឃឹមជាខ្លាំង និងបានស្តីបន្ទោសខ្លួនឯង ចំពោះការបែកបាក់ស្វាមី ដោយនិយាយថា នេះក៏ព្រោះតែរូបនាងតែងផ្តោតទៅលើកូនៗច្រើនជាង ធ្វើខ្លួនឯងឲ្យស្រស់ស្អាត។ ដូច្នេះ នាងពុំបានបំពេញភាពស្រស់ស្អាតសម្រាប់ប្តីរបស់នាងបាន បន្ទាប់តាំងពីសម្រាលកូនទី៦ មកម្ល៉េះ។
តែទោះយ៉ាងណា មហាជនជាច្រើនបានលើកទឹកចិត្តដល់នាងថា នេះមិនមែនជាកំហុសរបស់នាងទេ និងបានដាក់ឲ្យធ្ងន់ៗថា ប្តីនាងទេដែលជាមនុស្សអាត្មានិយម មិនតែចេះជួយមើលថែកូនៗ ទុកឲ្យប្រពន្ធត្រូវរ៉ាប់រងកូនរកពេលមើលថែខ្លួនឯងពុំបាន ប៉ុន្តែ នៅពេលបានឃើញប្រពន្ធខ្លួនឡើងខ្ញង់បែបនេះ ទើបប្រហែលភ្ញាក់ខ្លួនហើយមើលទៅ។
គួរបញ្ជាក់ថា Michelle បានចាប់ផ្តើមចេះថែរក្សាខ្លួនឯង និងបានផ្លាស់ប្តូររូបសម្រស់ដ៏មិននឹកស្មានបែបនេះ គឺនៅពេលរូបនាងបានស្វែងរកការងារធ្វើជាកម្មការិនីនៅក្រៅប្រទេស។ ហើយជាមួយគ្នានេះផងដែរ មនុស្សជាច្រើនពិតជាសប្បាយចិត្តជំនួសនាងជាខ្លាំង ដែលនាងបានរួចផុតពីប្តី ហើយឥឡូវនេះ នាងមានរូបសម្រស់ក៏ស្រស់ស្អាតថែមទៀត ប៉ុន្តែ ក៏សូមឲ្យនាងនៅតែបំពេញតួនាទីជាម្តាយដ៏ល្អ និងផ្តល់សម្រាប់តម្រូវការរបស់កូនៗផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង