ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា យុវជន ត្រូវតែខ្លាំងរឿងផ្សេងទាក់ទងនឹងការរៀនសូត្រ លេងកីឡាជាដើម ប៉ុន្តែយុវជន កុំខ្លាំងរឿងផឹកស៊ី បើផឹកហើយ គឺបាត់ខ្លាំងហើយ គឺមានតែអត់ផឹកទេ ទើបយើងខ្លាំង ដូច្នេះយើងផឹក គ្រាន់តែសប្បាយរីករាយ កុំផឹកខ្លាំងហួសហេតុ។
ក្នុងកម្មវិធី យុទ្ធនាការពិសាដោយទទួលខុសត្រូវដែលមានឈ្មោះ “Get Your Shape Back” តាមរយៈកម្មវិធីទូរស័ព្ទស្មាតហ្វូន ត្រូវបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រៀបចំដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ត្រូវបានលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា នេះជាឆ្នាំទី៦ ដែលធ្វើកម្មវិធីឡើង សំដៅធំបំផុត លើការទទួលទានគ្រឿងស្រវឹង ដែលមានការទទួលខុសត្រូវ ហើយពីមួយឆ្នាំទៅមួយឆ្នាំ តែងតែធ្វើ និងគិត ទៅលើយុវជន ដែលប្រើពាក្យស្លោកត្រឹមត្រូវឬយ៉ាងណា ។ លោកបានថ្លែងបន្តថា ចាប់ផ្តើមពីដំបូង គឺការប្រើពាក្យស្លោក បើស្រវឹងកុំបើកបរ ហើយឃើញថា ពាក្យនេះសាមញ្ញពេក ដូច្នេះក៏បានដូរមកពាក្យថា រីករាយក្នុងរាត្រីសប្បាយ ហើយឆ្នាំនេះត្រូវប្រើពាក្យស្លោក Get Your Shape Back។
លោករដ្ឋមន្ត្រី បានបន្តថា ការប្រើពាក្យស្លោកនីមួយៗ ត្រូវបានគិតគូរទៅលើយុវជន ដែលមានជាង១លាននាក់ ដែលបានចូលរួមក្នុងកិច្ចការនេះ ហើយគិតជាការមួយយ៉ាងល្អប្រសើរ និងបានរំលឹកដល់មនុស្សគ្រប់គ្នា ឲ្យទទួលខុសត្រូវ ហើយយើងក៏មិនអាចឃាត់ មិនឲ្យគេ ទទួលទានស្រាបានទេ លើកលែងតែមនុស្ស ក្រោមអាយុឆ្នាំ ទៅទទួលស្រា ទើបមានហាមឃាត់។ លោក បានបន្តថា នាពេលកន្លងមក យើងក៏បានប្រុងពិភាក្សា មិនឲ្យទទួលស្រានៅថ្ងៃសីល ប៉ុន្តែយើងមិនអាចធ្វើបាន ដោយយើងគ្រាន់តែ មិនលក់ស្រា ក្បែរសាលារៀន និងមិនអនុញ្ញាតឲ្យក្មេង ទៅទិញស្រាតែប៉ុណ្ណោះ។ យើងត្រូវរួបរួមគ្នា ជួយណែនាំដល់អ្នកផឹកស្រា ដោយមានអ្នកណាម្នាក់ សម្រាប់ដឹកជញ្ជូនគ្នា នៅពេលដែលផឹកស្រាស្រវឹង យកទៅផ្ទះវិញ។ លោក ខៀវ កាញារីទ្ធ ក៏បានស្នើសុំដល់អ្នកផឹកស៊ីថា សូមឲ្យមនុស្សគ្រប់គ្នា សូមកុំសប្បាយមួយពេល ហើយក្លាយទៅការសោកស្តាយមួយជីវិត។
លោកថា ខ្ញុំតែងតែរំលឹកជាញឹកញយអំពីការផ្សាយព័ត៌មានអំពីគ្រឿងស្រវឹង នៅមុនម៉ោង៨យប់ ដើម្បីចៀសការដាស់សត្តិអារម្ភយុវជនទាំងអស់ ប៉ុន្តែសូមសរសើរដល់ក្រុមហ៊ុនCBLជារៀងរាល់ឆ្នាំដែលមានគំនិត ដើម្បីជំរុញដល់យុវជន ទោះបីជាក្រុមហ៊ុនលក់គ្រឿងស្រវឹងក៏ពិតមែន ប៉ុន្តែក្រុមហ៊ុនគ្រាន់តែចង់ឲ្យគ្រឿងស្រវឹងនេះ ជាស្ពានមួយសម្រាប់ស្គាល់គ្នា រីករាយជាមួយគ្នា មិនមែនជាផ្លូវមួយសម្រាប់ឲ្យយើងទៅធ្វើក្តារមឈូសនោះទេ ដូច្នេះជាការសំខាន់ដែលក្រុមហ៊ុនបានរៀបចំកម្មវិធី ហើយជារៀងរាល់ឆ្នាំតែងតែយកចិត្តទុកដាក់លើបញ្ហាគ្រឿងស្រវឹងនេះ។
សូមបញ្ជាក់ថា យុទ្ធនាការ “Get Your Shape Back” តាមរយៈកម្មវិធីទូរស័ព្ទស្មាតហ្វូនត្រូវបានដាក់ឲ្យដំណើរការ ដោយក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលជាក្រុមហ៊ុនផលិតស្រាបៀរ Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout ក្នុងកិច្ចសហការជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូដទៃទៀតដើម្បីលើកកម្ពស់ការទទួលទានគ្រឿងស្រវឹងដោយមានទំនួលខុសត្រូវខ្ពស់នៅក្នុងប្រទេសកម្ពុជា។ យុទ្ធនាការនេះបញ្ជាក់ពីសារសំខាន់ នៃការទទួលទានគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ។
ការថ្លែងសុន្ទរកថា បើកកម្មវិធីត្រូវបានធ្វើឡើង ដោយលោក Roland Bala នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBL ដើម្បីពន្យល់ពីសារសំខាន់នៃសកម្មភាពរបស់ក្រុមហ៊ុន ក្នុងការដាក់ឲ្យដំណើរការនូវកម្មវិធី “Get Your Shape Back” ។ “នេះគឺជាឆ្នាំទី៦ហើយដែលក្រុមហ៊ុន CBL បានសហការជាដៃគូជាមួយក្រសួងព័ត៌មាន សហភាពសហព័ន្ធយុវជនកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀតដើម្បីបណ្តុះឲ្យមានឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង”។
“យុទ្ធនាការរបស់យើងបានចាប់ផ្តើមកាលពីឆ្នាំ២០១១ នៅពេលយើងចាប់ផ្តើមបើកយុទ្ធនាការ “បើស្រវឹងសូមកុំបើកបរ”។ នៅឆ្នាំ២០១៣ យើងបានបញ្ចូលខ្លឹមសារកំប្លែងបន្តិចបន្តួច នៅក្នុងយុទ្ធនាការរបស់យើងដែលមានឈ្មោះថា “តើត្រូវធ្វើយ៉ាងណាដើម្បីមានសុវត្ថិភាព” ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មាន និងចំណេះដឹងបន្ថែមអំពីការទទួលទានគ្រឿងស្រវឹង។ ចាប់តាំងពីឆ្នាំ២០១៤ មក យើងបានចាប់ផ្តើមយុទ្ធនាការ “GYSB” ដែលផ្តោតលើយុវវ័យពីព្រោះពួកគេមានវ័យក្មេងហើយចង់រៀន។ ក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្រុមហ៊ុន CBL ចង់ឱ្យយុវជនប្រកាន់ខ្ជាប់យកឥរិយាបថទទួលខុសត្រូវចំពោះការទទួលទានគ្រឿងស្រវឹង។ ទំព័រហ្វេសប៊ុក ‘GYSB’ របស់យើងបានឈានដល់ ១,២ លាននាក់នៃអ្នកប្រើប្រាស់ ហើយមានអ្នកគាំទ្រចំនួន ៥៥.០០០ នាក់ ខណៈដែលកម្មវិធីស្មាតហ្វូន GYSB របស់យើងមានចំនួននៃការទាញយក ១២.០០០ ដងពី App Store និង Play Store” ។
ឥឡូវនៅឆ្នាំ២០១៧នេះ ក្រុមហ៊ុន CBL បានណែនាំពីគម្រោងផ្តួចផ្តើមថ្មីមួយដោយដាក់ឲ្យដំណើរការនូវកម្មវិធីមួយដែលឈ្មោះថា “Get Your Shape Back” សម្រាប់អ្នកប្រើទូរស័ព្ទស្មាតហ្វូនដែលអាចទាញយកវាឥឡូវនេះពី Apple App Store សម្រាប់ iPhone និង iPad ឬពី Google Play Store សម្រាប់ទូរស័ព្ទ និងថែបឡេត Android ។
កម្មវិធី GYSB ថ្មីនេះមានមុខងារសំខាន់បួនយ៉ាងរួមមាន៖ ១) ការគណនាបរិមាណទទួលទាន៖ អ្នកប្រើប្រាស់អាចដឹងថា រាងកាយរបស់ពួកគេត្រូវការសម្រាកប៉ុន្មានម៉ោងក្រោយពេលពិសាគ្រឿងស្រវឹង ដោយគ្រាន់តែវាយបញ្ចូលចំនួនប៉ុន្មានដែលខ្លួនបានពិសា។ ២) គន្លឹះណែនាំពីការទទួលទានដោយទំនួលខុសត្រូវ៖ មុខងារពិសេសនេះផ្តល់នូវគន្លឹះណែនាំអ្នកប្រើប្រាស់អំពីរបៀបពិសាគ្រឿងស្រវឹងក្នុងកម្រិតមធ្យម។ ៣) ហៅតាក់ស៊ី៖ មុខងារពិសេសនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់កម្មវិធីនេះងាយស្រួលហៅតាក់ស៊ីក្នុងរាជធានីភ្នំពេញ។ ៤) ល្បែងចងចាំ៖ អ្នកប្រើប្រាស់អាចលេងហ្គេមដើម្បីរៀនពីខ្លឹមសារនៃការទទួលទានដោយការទទួលខុសត្រូវ ថតរូបសែលហ្វី និងមានឱកាសឈ្នះរង្វាន់ iPhone X ថ្មីសន្លាងមួយគ្រឿង។
គោលដៅនៃយុទ្ធនាការនេះគឺដើម្បីជំរុញឲ្យយុវជនចូលរួមដោយក្តីរីករាយដើម្បីស្វែងយល់ដឹងពីផលវិបាកនៃការទទួលទានគ្រឿងស្រវឹងហួសកម្រិត។ តាមរយៈយុទ្ធនាការនេះ ក្រុមហ៊ុន CBL សង្ឃឹមថា នឹងអាចជួយជំរុញយុវជនកម្ពុជា ឱ្យឃ្លាតឆ្ងាយពីការទទួលទានគ្រឿងស្រវឹង ហួសកម្រិតតាមរយៈសារ៖ រក្សារូបរាងរបស់អ្នក។
ចំណែកលោកគឹម រឹទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា ក្នុងនាមជាយុវជនជកម្ពុជា ត្រូវតែមានភាពការប្រកួតប្រជែងខ្លាំង និងមានភាពជោគជ័យ ហើយចារឹតនាំការប្រកួតប្រជែងនេះ ទៅលើការលេងកីឡា ការរៀនសូត្រ កុំប្រកួតប្រជែងក្នុងការហូបសុរា ដើម្បីរកអ្នកខ្លាំង ដែលធ្វើឲ្យមានផលប៉ះពាល់ច្រើនដល់សុខភាពផងដែរ ។ លោក ក៏បានគាំទ្រចំពោះច្បាប់នៃការទិញស្រា និងច្បាប់នៃការគ្រប់គ្រងហូបស្រា ហើយយើងគួរតែរួមគ្នាដើម្បីកាត់បន្ថយ និងលុបបំបាត់ចោលកុមារអាយុក្រោម១៨ឆ្នាំ មិនឲ្យទិញស្រាបាននៅតាមហាងនិងតាមផ្សារលក់ស្រា ។ ត្រូវរួមគ្នា និងឈានទៅលុបបំបាត់ នូវការបើកបរក្រោមជាតិគ្រឿងស្រវឹង៕ ដោយ៖កូឡាប