ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឬហៅថា ព្រលានយន្តហោះពោធិ៍ចិនតុង គ្រោងរៀបចំជាសួនសាធារណៈ និងមួយផ្នែកទុកសម្រាប់ការចុះចតយន្តហោះពេលមានអាសន្ន ។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសមានមោទនភាព ក្រៃលែង ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនេះ ។ ហើយព្រលានយន្តហោះចាស់ គ្រោងរៀបចំជាសួនសាធារណៈ និងមួយផ្នែកទុកសម្រាប់ការចុះចតយន្តហោះពេលមានអាសន្ន ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ៖ អតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងមិនវិនិយោគទៅឯកជននោះទេ ដោយត្រូវ៖
១/ រក្សាផ្លូវចុះចតទុកប្រេីប្រាស់តាមជាក់ស្តែង ២/ រៀបចំជាសួនច្បារសាធារណ: ៣/ រៀបចំអគារដែលមានស្រាប់សម្រាប់បម្រេីដល់វិស័យពាណិជ្ជកម្ម ឬសារមន្ទីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ព្រលានចាស់) គ្មានគោលការណ៍លក់ផ្នែកណាមួយទៅវិស័យឯកជននោះទេ ខណៈកន្លងទៅមានជនខិលខូចបានក្លែងបន្លំឈ្មោះ និងហត្ថលេខា សម្ដេចធិបតី និងសម្ដេចតេជោ រត់ការលក់ដីធ្លីព្រលានចាស់នេះ ប៉ុន្ដែត្រូវបានឃាត់ខ្លួនដាក់ពន្ធនាគារ រួចហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














