ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញទទួលវ៉ាក់សាំង ស៊ីណូហ្វាម ចំនួន១០ម៉ឺនដូស ដែលជាជំនួយរបស់សមាគមកាកបាទក្រហមចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ទៅកាន់ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងក្រុមមន្ត្រីជាច្រើនរូបថា ប្រទេសចិន បានក្លាយជាប្រទេសឈានមុខគេ ក្នុងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយមិនប្រកាន់និន្នាការ ទាំងក្នុងក្របខណ្ឌមនុស្សធម៌ និងការបញ្ជាទិញដោយផ្ទាល់ ជាពិសេស បាននិងកំពុងចូលរួមជួយជ្រោមជ្រែងប្រទេសកំពុងអភិវឌ្ឍ ក្នុងការទទួលបានវ៉ាក់សាំងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើដល់សុខុមាលភាពប្រជាជនកម្ពុជា និងស្តារសេដ្ឋកិច្ចឡើងវិញ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងទៀតថា ក្នុងបរិការណ៍បច្ចុប្បន្ន ជំនួយមនុស្សធម៌ មិនថាក្នុងបរិមាណ ណានោះទេ គឺជាទង្វើដ៏ថ្លៃថ្លាដែលមិនអាចកាត់ថ្លៃបាន និងបង្ហាញអំពីទឹកចិត្តឈឺឆ្អាលប្រកបដោយមនសិការ ខ្ពស់ក្នុងការជួយគ្នាក្នុងគ្រាលំបាកនេះ ខណៈដែលវ៉ាក់សាំង បានក្លាយជា ទំនិញយុទ្ធសាស្រ្តសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក។
ជាមួយគ្នានេះដែរ សម្តេចបានបញ្ជាក់ថា កាយវិការរបស់រដ្ឋាភិបាលចិន ស្ដែងឱ្យឃើញនូវការទទួលខុសត្រូវខ្ពស់ ជាពិសេស ស័ក្តិសមជាប្រទេសមហាអំណាចមួយ ដែលមានភាពជាអ្នកដឹកនាំច្បាស់លាស់, និងបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពកាន់តែស្អិតរមួត និងឥតប្រួលប្រែជាយូរអង្វែង រវាងប្រទេសទាំង២ ជាពិសេស កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងសមាគមជាតិកាកបាទក្រហមចិន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN















