Thursday, May 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បដិសេធចោលទាំងស្រុង នូវទស្សនៈផ្ទាល់ខ្លួន របស់អ្នករាយការណ៍ពិសេសមួយក្រុមតូច

spot_img

ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុង នូវទស្សនៈផ្ទាល់ខ្លួន របស់អ្នករាយការណ៍ពិសេសមួយក្រុមតូច ដែលពុំបានផ្តល់ការយកចិត្តទុកដាក់ ចំពោះសារៈសំខាន់ នៃការអនុវត្តច្បាប់ និងការប្រព្រឹត្តដោយភាពស្មើគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

ដោយការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសខាងលើ បង្កឱ្យមានការភ័ន្តច្រទ្បំ និងជ្រើសយកតែមួយជ្រុងហួសហេតុ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា សូមជម្រាបជូននូវការពិត ដូចខាងក្រោម៖
ទី១៖ ដូចសព្វមួយដងដែរ បុគ្គលដែលអះអាងខ្លួន ជាអ្នកជំនាញ ប៉ុន្តែបម្រើការងារ ក្នុងសមត្ថភាពផ្ទាល់ខ្លួន និងមិនមែនជាមន្រ្តីរបស់អង្គការសហប្រជាជាតិ បានតាំងខ្លួនឯងជាចៅក្រម អារកាត់សេចក្ដី លើកិច្ចការផ្ទៃក្នុងរបស់តុលាការ នៃរដ្ឋអធិបតេយ្យមួយ។ ការប្រព្រឹត្តខុសវិជ្ជាជីវៈបែបនេះ គឺជាការបំពានលើក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការរបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដែលឯកសារទាំងពីរនេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការគោរពច្បាប់ជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ទី២៖ ការអះអាងថា ការកាត់ទោស លោក រ៉ុង ឈុន មិនមានភាពត្រឹមត្រូវ និងពុំសមាមាត្រនោះ បង្ហាញថា ក្រុមអ្នកជំនាញទាំងនោះ ពុំបានយកចិត្តទុកដាក់លើអង្គហេតុនិងអង្គច្បាប់ឡើយ។ ដោយស្រមៃចង់បានជាប់ជានិច្ច នូវរូបភាពសេរីភាព បញ្ចេញមតិជ្រុលហួស ក្រុមអ្នកជំនាញបានមើលស្រាល ចំពោះផលវិបាកដ៏មហន្តរាយ និងមិនអាចវិលត្រទ្បប់ ទៅរកសភាពដើមបាននៃព័ត៌មានក្លែងក្លាយ នៅពេលត្រូវបានសាយភាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការធ្វើអត្ថាធិប្បាយលើបញ្ហាព្រំដែន ដោយប្រើប្រាស់ព័ត៌មានបំភ្លៃការពិតនិងបំផ្លើស ពុំមែនជាការអនុវត្តសេរីភាព នៃការបញ្ចេញមតិនោះទេ។ បញ្ហាទឹកដីដែលមានលក្ខណៈរសើបនិងស្មុគស្មាញ ចាំបាច់ត្រូវតែដោះស្រាយ ដោយអ្នកជំនាញដែលមានការទទួលស្គាល់ ហើយក៏មិនត្រូវប្រើប្រាស់ជាឧបករណ៍ សម្រាប់ការកេងចំណេញផ្នែកនយោបាយឡើយ ព្រោះវាអាចដុតបញ្ឆេះឱ្យមានការកើនឡើង នូវទស្សនៈជាតិនិយមជ្រុល ដោយសារបរិបទប្រវត្តិសាស្ត្រ។ មានព្រឹត្តិការណ៍មួយចំនួនបានកើតទ្បើងរួចមកហើយ ដែលបណ្តាលមកពីការធ្វើអត្ថាធិប្បាយ ក្នុងហេតុផលនយោបាយ ចំពោះបញ្ហាព្រំដែន រវាងប្រទេសកម្ពុជានិងប្រទេសជិតខាង។

ទី៣៖ ការស្ទង់មតិតាមអ៊ីនធឺណិតដែលធ្វើឡើង ដោយអង្គការប្រឆាំងរដ្ឋាភិបាល ខុមហ្វ្រែល នៅខែសីហា ឆ្នាំ២០២០ បានបង្ហាញថា អ្នកឆ្លើយតបជិត៨០% បានគាំទ្រការចាប់ខ្លួនលោក រ៉ុង ឈុន ដែលលទ្ធផលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ អំពីបំណងប្រាថ្នារបស់ប្រជាជនកម្ពុជា ចង់បាននូវសន្តិភាពនិងស្ថិរភាពសង្គម ព្រមទាំងការគាំទ្រចំពោះចំណាត់ការផ្លូវច្បាប់ ចំពោះបុគ្គលខាងលើ។

ទី៤៖ វាជាការខុសឆ្គងដ៏ធ្ងន់ធ្ងរ ដែលក្រុមអ្នកជំនាញ ថ្លែងថា “អ្នកការពារសិទ្ធិមនុស្ស មិនគួរត្រូវចាប់ខ្លួន ឬផ្តន្ទាទោស”។ ការចូលរួមជាមួយអង្គការមិនមែន រដ្ឋាភិបាល ពុំមែនជាអាជ្ញាប័ណ្ណ សម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ ការចោទប្រកាន់ចំពោះបុគ្គលណាម្នាក់ គឺផ្អែកលើបទល្មើស ដែលបានប្រព្រឹត្តនិងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថាតើពួកគេ ស្ថិតក្នុងក្រុមណាមួយនោះឡើយ។ រាល់ការចោទប្រកាន់ទាំងអស់នៅក្នុងតុលាការគឺជាប់ពាក់ព័ន្ធទាំងស្រុង ទៅនឹងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងការបំពានទៅនឹងរដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញ ទទួលបាននូវការជំនុំជម្រះ រួមទាំងសិទ្ធិមានមេធាវី ដើម្បីបង្ហាញទទ្ប្ហីករណ៍ និងដាក់ភស្តុតាងដោះបន្ទុក ដែលជាផ្នែកមួយនៃសិទ្ធិទទួលបានការជំនុំជម្រះត្រឹមត្រូវ និងត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។

ទី៥៖ ការទាមទាររបស់អ្នករាយការណ៍ពិសេស ឱ្យលុបចោលបទប្បញ្ញត្តិមួយចំនួននៃក្រមព្រហ្មទណ្ឌរបស់កម្ពុជា គឺមានន័យស្មើនឹងការជំរុញ ឱ្យកម្ពុជាធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ និងបំផ្លិចបំផ្លាញ ដល់នីតិរដ្ឋនៅក្នុងប្រទេស។ ការចាត់ទុកការអនុវត្តច្បាប់ថា ជាការគាបសង្កត់សេរីភាព គឺជាការប្រមាថចំពោះនីតិរដ្ឋ និងការអនុវត្តស្មើភាពគ្នា ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ។ វាជាករណីកិច្ចរបស់មនុស្សគ្រប់រូប រួមទាំងបុគ្គលអះអាងខ្លួនឯងថា ជាអ្នកការពារសិទ្ធិមនុស្ស ត្រូវអនុវត្តសិទ្ធិរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ស្ថិតក្នុងព្រំដែននៃច្បាប់។

ទី៦៖ វាជាការគួរឱ្យសោកស្តាយយ៉ាងខ្លាំង ដែលអ្នករាយការណ៍ពិសេសទាំងនោះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាព នៃការបញ្ចេញមតិ ការប្រមូលផ្តុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងព្រំដែនកំណត់ពិសេស ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្តីពី សិទិ្ធពលរដ្ឋនិងនយោបាយ។ រដ្ឋធម្មនុញ្ញកម្ពុជា ការពារសេរីភាពក្នុងការបញ្ចេញមតិស្របច្បាប់ ប៉ុន្តែមិនមែនសេរីភាពក្នុងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្ខូចកេរ្តិ៍ឈ្មោះ ញុះញង់ឱ្យមានអំពើហិង្សា និងសាបព្រោះការរើសអើងជាតិសាសន៍ទ្បើយ។

ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានក្រើនរំលឹកអ្នករាយការណ៍ពិសេស ឱ្យយកចិត្តទុកដាក់ ចំពោះសេចក្តីថ្លែងការណ៍ របស់គណៈប្រតិភូភាគច្រើនលើសលប់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលបានគូសបញ្ជាក់ ពីភាពចាំបាច់នៃការកែលម្អ បៀបរបបការងាររបស់អ្នកកាន់អាណត្តិនីតិវិធីពិសេស ដោយត្រូវអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ គណនេយ្យភាព និងការទទួលខុសត្រូវ ដោយភាពស្មោះត្រង់៕ រក្សាសិទ្ធិដោយ​ ៖ ចេស្តារ

spot_img
×