យោងតាមប្រភពព័ត៌មានមួយរបស់ម៉ាឡេស៊ី បានឲ្យដឹងថា ហេតុការណ៍ដ៏ព្រឺសក់ក្បាលនេះ បានកើតឡើងនៅវេលាម៉ោង ៣ និង ២៥ នាទីទៀបភ្លឺ ថ្ងៃទី២៨ ខែមីនា ។ បុរសម្នាក់ឈ្មោះ Megat បាននិយាយថា គាត់កំពុងបើកបររថយន្តស្ថិតនៅលើដងផ្លូវមួយក្នុង Jalan Bukit Lengkok, ស្រុក Kulim, រដ្ឋ Kedah, ប្រទេសម៉ាឡេស៊ី ។
វីដេអូបានចាប់ផ្តើម ដោយរថយន្ត១គ្រឿង បានបើកឆ្លងកាត់ផ្លូវជនបទងងឹតស្ងាត់ជ្រងំ អមដោយដើមឈើសងខាង ។ នៅលើដងផ្លូវនោះ មានតែចង្កៀងភ្លើងរថយន្តប៉ុណ្ណោះ ដោយពុំឃើញមានប្រភពភ្លើងដទៃទៀតនៅសងខាងផ្លូវឡើយ ។
រំពេចនោះ ស្រាប់តែឃើញស្ត្រីម្នាក់បានបង្ហាញខ្នងដើរបោះជំហានថ្នមយឺតៗ ស្ថិតនៅផ្នែកខាងឆ្វេងនៃដងផ្លូវតែម្តង ។ Megat និងអ្នកដំណើរម្នាក់ទៀត ពិតជាមានការភ័យខ្លាចយ៉ាងខ្លាំង ព្រោះតែមនុស្សស្រីបនេះ ដែលស្លៀកសម្លៀកបំពាក់អាវក្រហម និងសំពត់វែង ប៉ុន្តែ ពុំឃើញមានក្បាលនោះទេ ដោយផ្នែកក្បាលរបស់នាង គឺមានសភាពងងឹតឈឹងតែម្តង ។
Megat បានបាត់បង់ទំនុកចិត្ត ប៉ុន្តែ នៅតែបន្តបើករថយន្តឆ្ពោះមុខ ។ បើកឆ្លងកាត់បានចម្ងាយប្រហែល ១០០ ម៉ែត្រ ស្រាប់តែឃើញមនុស្សស្រីនេះបានបង្ហាញខ្លួននៅពីមុខរថយន្តជាថ្មី ដោយបោះជំហានយឺតៗក្នុងទិសដៅតាមចិញ្ចើមថ្នល់ ។
ប៉ុន្តែ នៅពេលគាត់បើករថយន្តបានចម្ងាយប្រហែល ៥០ ម៉ែត្រ ស្រាប់តែមនុស្សស្រីនេះ បានបង្ហាញខ្លួនម្តងទៀត ។ ដែលលើកទី៣នេះ គាត់ជាន់ហ្វ្រាំងរថយន្តប៊ិះតែនឹងបុក ខណៈមនុស្សស្រីនេះ បង្ហាញខ្លួនពីមុខរថយន្តរបស់គាត់កៀកភ្លាមៗ ។
ទោះយ៉ាងណា វីដេអូនេះបានបញ្ចប់ត្រឹម Megat បានឈប់រថយន្ត ដើម្បីឲ្យដាច់ឆ្ងាយពី «ខ្មោចស្រី» នេះ ៕ ចន្ទី