ភ្លៀងធ្លាក់មួយមេយ៉ាងធំ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ថ្មីៗនេះ បានបណ្តាលឲ្យតំបន់ទំនាបមួយចំនួន នៅក្នុងក្រុងកំពង់សោម ត្រូវទឹកជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវស្ទើរគ្រប់កន្លែង ជាពិសេសនោះគឺធ្ងន់ធ្ងរបំផុតនៅសង្កាត់លេខ៤ អូរ២ អូរ៣ អូរ៤ និងអូរ៥ តែម្តង។
តែអ្វីដែលគួរឲ្យរន្ធត់នោះ នៅក្នុងគ្រោះជំនន់ទឹកភ្លៀងដ៏ធ្ងន់ធ្ងរនេះ បុរសម្នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹងថា ត្រូវបានទឹកកួចចូលប្រឡាយ ដោយពុំអាចត្រូវបានគេជួយសង្គ្រោះអាយុជីវិតបាននោះទេ។ តែទោះយ៉ាងណា សពបុរសដែលបានបាត់ខ្លួននោះ ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅត្រង់ប្រឡាយម្តុំន្លោះស្ពានអាចម៌មឹក និងស្ពានអង្គការម្លប់តាប៉ាង ស្ថិតក្នុងភូមិ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ដោយឡែក ថ្មីៗនេះ នៅលើបណ្តាញសង្គមបានចែករំលែករូបភាពជាច្រើន និងប្រាប់ឲ្យដឹងថា បុរសរងគ្រោះដែលបានស្លាប់នៅក្នុងករណីគ្រោះជំនន់ទឹកភ្លៀង ត្រូវខ្សែទឹកកួចចូលប្រឡាយ កាលពីល្ងាចថ្ងៃទី២៤ សីហា គឺគាត់ជាជនជាតិឥណ្ឌូនេស៊ី។
ប្រភពក៏បានឲ្យដឹងផងដែរ ជនរងគ្រោះ គឺជាមនុស្សល្អ ចេះចែករំលែកជួយការងារក្នុងសង្គម ការងារមនុស្សធម៌ជាច្រើនកន្លងមក និងក៏ជាប្តី ជាឪពុកដ៏ល្អម្នាក់ ចំពោះកូនៗទាំងបីនាក់របស់គាត់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង