Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីជំនាញ បំផ្លាញចោលអាល់កុលក្លែងក្លាយជាង ៧ម៉ឺនលីត្រ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់

ភ្នំពេញ៖ មន្ត្រីជំនាញប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបំផ្លាញចោល អាល់កុលក្លែងក្លាយ (លាយសារធាតុមេតាណុលលើសកម្រិត) ចំនួន ៧៤,០៦០លីត្រ បន្ថែមទៀត បន្ទាប់ពីដកហូតបានពីជនទុច្ចរិត កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១  នៅភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែល​រហូតមកទល់ពេលនេះ ទើបនឹងបញ្ចប់នីតិវិធី។

មន្ត្រីជំនាញបានបញ្ជាក់ថា អាល់កុលក្លែងក្លាយទាំងនេះ ធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយក៏គ្មានគុណប្រយោជន៍ខាងផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗនោះដែរ ជាពិសេសមេរោគកូវីដ-១៩។ ម្យ៉ាងវិញទៀត ក៏មិនមានច្បាប់អនុញ្ញាតពីក្រសួង ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធអ្វីទាំងអស់។

លោកឧត្តមសេនីយ៍ឯក គឹម ជាតិ ដែលជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធ​ប្រឆាំងផលិតផលក្លែងក្លាយ បានផ្ញើសារដល់ជនខិលខូចឱ្យឈប់លក់អាល់កុល និងបរិក្ខារពេទ្យក្លែងក្លាយបន្តទៀត បើមិនចង់ជាប់ទោសទណ្ឌ។

ជាមួយគ្នានេះ គ្រប់ភាគីទាំងអស់ត្រូវចូលរួមជួយទប់ស្កាត់កូវីដ-១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិ​ត​ក្លែងក្លាយ ក៏បានចូលរួមជាមួយក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់បរិក្ខារពេទ្យ ជាពិសេសអាល់កុល ម៉ាស ជែល និងថ្នាំព្យាបាលជំងឺកូវីដ-១៩ ក៏ប៉ុន្តែជនឱកាសនិយមនៅតែឆ្លៀតឱកាស។ ទន្ទឹមនឹងនេះ ជនឱកាសនិយមបានផលិតបរិក្ខារពេទ្យ និងអាល់កុលក្លែងក្លាយ ព្រោះតម្លៃនៃការផលិតទាប ធ្វើឱ្យលក់ទៅចំណេញបានច្រើន។ ដូចនេះសមត្ថកិច្ចជំនាញនៅតែធ្វើការស្រាវជ្រាវរកបរិក្ខារពេទ្យក្លែងក្លាយ និងត្រូវតែពិនិត្យ និងបង្ក្រាបជាចាំបាច់៕

×