Wednesday, March 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតាទេ! ត្រឹមប្រាក់ខែ៤ម៉ឺនបាត តែមេប៉ូលីសវ័យក្មេងរូបនេះ ក្នុងករណីសម្លាប់ជនសង្ស័យគ្រឿងញៀន ជំរិតទារលុយ២លានបាត មានទ្រព្យដ៏មហាសាល….

រឿងរ៉ាវក្រុមប៉ូលីសផ្នែកបង្រ្កាបគ្រឿងញៀន ដែលជាប់ពាក់ព័ន្ធចំនួន ៧ នាក់ ដែលបានធ្វើទារុណកម្មយកថង់ប្លាស្ទីកគ្របក្បាលជនសង្ស័យគ្រឿងម្នាក់ ដើម្បីជំរិតទាមទារប្រាក់ ២ លានបាត រហូតថប់ដង្ហើមស្លាប់ បាននិងកំពុងផ្ទុះកក្រើកពេញក្នុងប្រទេសថៃ និងល្បីដល់ពិភពលោក។

តែទោះយ៉ាងណា មេប៉ូលិសវ័យក្មេងឈ្មោះ ស៊ីតធីសាន អ៊ូថាណាផន និងបក្ខពួក ៦ នាក់ ផ្សេងទៀត ត្រូវបានចាប់ខ្លួន ដោយលោក​សុីតធីសាន ទើបត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ស្ថិតក្នុងខេត្តឈុនបុរី និងត្រូវបាននាំទៅកាន់ការិយាល័យកណ្តាលបង្ក្រាបបទល្មើសឧក្រិដ្ឋកម្ម នៅទីក្រុងបាងកក ដើម្បីសាកសួរ។

អតីតស្នងការនគរបាលក្រុងវ័យក្មេងរូបនេះ បានសារភាពថា ខ្លួនពិតជាជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Jeerapong Thanapat អាយុ ២៤ ឆ្នាំ ជាជនសង្ស័យគ្រឿងញៀនកាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ ប៉ុន្តែបាននិយាយថា គាត់ពិតជាខិតខំប្រឹងប្រែងយ៉ាងខ្លាំង​ដើម្បីបង្រ្កាបការជួញដូរគ្រឿងញៀននៅក្នុងតំបន់របស់គាត់ ហើយថា ជនសង្ស័យនៅមានជីវិត នៅពេលដែលគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ លោក សុីតធីសាន ក៏បាននិយាយថា គាត់មិនមែនជាប្រភេទមនុស្សដែលព្យាយាមជំរិតទារប្រាក់ពីជនសង្ស័យ ហើយនិយាយថា គាត់មិនដែលប្រព្រឹត្តអំពើឆបោក ពេលកំពុងបម្រើការជាប៉ូលីសម្តងណាឡើយ។ គាត់បានសុំទោស ចំពោះទង្វើរបស់គាត់ ដែលនិយាយថា គាត់គ្រាន់តែធ្វើខុសឆ្គងប៉ុណ្ណោះ។

យោងតាមរបាយការណ៍ក្នុងស្រុក ការធ្វើទារុណកម្មនេះបានកើតឡើង គឺបន្ទាប់ពីជនសង្ស័យត្រូវបានបង្គាប់ឱ្យសូកប៉ាន់ទ្វេដង ដើម្បីជាថ្នូរដោះលែង Jeerapong និងមិត្តស្រីរបស់គាត់។

វីដេអូបង្ហាញក្រុមប៉ូលីសទាំងនោះ បានព្យាយាមធ្វើឱ្យបុរសនោះរស់ឡើងវិញផងដែរ ​ប៉ុន្តែ វាហាក់ហួសពេល ព្រោះជនរងគ្រោះបានស្លាប់ដោយសារថប់ដង្ហើមបាត់ទៅហើយ។ មេប៉ូលីសរូបនេះ ក៏បានប្រាប់មន្ត្រីក្រោមឱវាទ ឱ្យចុះក្នុងកំណត់ហេតុថា មូលហេតុនៃការស្លាប់របស់បុរសរូបនោះ គឺដោយសារការប្រើប្រាស់ថ្នាំហួសកំរិត។

សូមបញ្ជាក់ថា Jeerapong Thanapat អាយុ ២៤ ឆ្នាំ បានស្លាប់នៅឯស្ថានីយ៍ប៉ូលីសមឿង ក្នុងខេត្ត ណាខន សាវ៉ាន កាលពីថ្ងៃទី៦ ខែសីហា។ គាត់និងប្រពន្ធរបស់គាត់ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីនចំនួន ១០ ម៉ឺនគ្រាប់ នៅតាមផ្លូវក្នុងខេត្ត។ ប្រពន្ធរបស់ Jeerapong បានប្រាប់ថា មេប៉ូលីសលោក ស៊ីតធីសាន់​បានទាមទារ ២ លានបាត ប៉ុន្តែប្តីប្រពន្ធពួកគាត់សុំបង់ត្រឹមពាក់កណ្តាល។ តែទោះយ៉ាងណា លោក ស៊ីតធីសាន់ មិនព្រមក៏បានធ្វើទារុណរហូតបណ្តាលឲ្យប្តីរបស់នាងស្លាប់តែម្តង។​ ហើយរូបនាងត្រូវបានគេដោះលែង បន្ទាប់ពីយល់ព្រមលាក់បាំងរឿងនេះ។

ដោយឡែក ក្រឡេកមកមើលពីការស៊ើបអង្កេតទៅលើទ្រព្យសម្បត្តិរបស់ សុីតធីសាន ឬហៅថា ចូ ហ្វឺរ៉ារី (Jo Ferrari) គឺពិតជាមិនធម្មតានោះទេ ដោយគ្រាន់តែរថយន្តទំនើបៗតម្លៃ ១០០ លានបាត ត្រូវបានរកឃើញនៅក្នុងភូមិគ្រឹះផ្ទះវីឡាដ៏ធំរបស់គាត់តម្លៃ ៦០ លានបាត រហូតចំនួន ១៣ គ្រឿង ឯណោះ។

ការស៊ើបអង្កេតកាន់តែទូលំទូលាយ​ទៅលើទ្រព្យសម្បត្តិទ្រួសៗរបស់មន្រ្តីប៉ូលិសវ័យក្មេងរូបនេះ ឃើញថាបានធ្វើឲ្យសាធារណជនផ្ទុះការខឹងសម្បារយ៉ាងខ្លាំង ព្រោះគេបានលើកឡើងយ៉ាងដូច្នេះថា ការងារប៉ូលិសប្រាក់ខែត្រឹម ៤ ម៉ឺនបាត (ជាង១ពាន់ដុល្លារ) ប៉ុន្តែ អ្នករស់នៅក្នុងផ្ទះដែលមានតម្លៃជាង ៦០ លានបាត នៅក្នុងតំបន់ Ramintra នៃទីក្រុងបាងកក មានអ្នកបម្រើច្រើននាក់ និងជិះរថយន្តទំនើបៗតម្លៃ ១០០ លានបាត ដែលត្រូវបានរកឃើញនៅក្នុងការឆ្មក់ចូលរបស់ប៉ូលីស កាលពីថ្ងៃពុធ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង