ភ្នំពេញ៖ អនុស្សរណៈនៃការយោគយល់គ្នា (MOU) នេះ ត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប។
ក្រសួងពាណិជ្ជកម្ម បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វីង នៅថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២១នេះ ក្នុងគោលបំណងតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិករបស់ធនាគារវីង សម្រាប់ទូទាត់ប្រតិបត្តិការលើផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីបង្កភាពងាយស្រួលឆាប់រហ័ស និងមានសុវត្ថិភាពជូនដល់អតិថិជន និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងសហការក្នុងការផ្តល់វគ្គបណ្តុះបណ្តាលក្នុងការបង្កើនសមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុបែបឌីជីថល សម្រាប់សហគា្រសធុនតូច និងមធ្យមនៅកម្ពុជា។ អតិថិជនរបស់ផ្សារខេមបូឌាត្រេដរបស់ក្រសួង អាចប្រើប្រាស់សេវាកម្មទូទាត់ប្រាក់របស់វីងជាផ្លូវការបានហើយ។
ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់នេះ នឹងក្លាយជាព្រឹត្តិការណ៍ពិសេសមួយក្នុងការឆ្ពោះទៅមុខនៃភាពជាដៃគូរវាងរដ្ឋ និងឯកជនជាពិសេសជាមួយធនាគារវីង ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចតាមរយៈការលក់ផលិតផល ដែលផលិតនៅកម្ពុជា ទៅឱ្យអ្នកប្រើប្រាស់ក្នុងស្រុក និងក្រៅប្រទេស ឬក៏ដៃគូអាជីវកម្មផ្សេងៗ មិនថាលោកអ្នកនៅទីណាក៏ដោយ លោកអ្នកអាចប្រើប្រាស់ផលិតផលខ្មែរបានដែរ។
ក្រសួងពាណិជ្ជកម្មបានដាក់ដំណើរការសាកល្បងផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ សម្រាប់ការចុះឈ្មោះបឋមដោយសហគ្រាសធុនតូច និងមធ្យម នៅពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ដើម្បីជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា អាចប្រើប្រាស់ថ្នាលបច្ចេកវិទ្យា រួមមួយ មានទាំងប្រព័ន្ធទូទាត់ប្រាក់ និងប្រព័ន្ធដឹកជញ្ជូនផងដែរ ក្នុងការនាំចេញផលិតផលកម្ពុជា និងពង្រើកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងនៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ខណៈដែលពីធីសម្ពោធជាផ្លូវការផ្សារអេឡិចត្រូនិកខេមបូឌាត្រេដ នឹងត្រូវរៀបចំក្នុងពេលដ៏ខ្លីខាងមុខនេះ។
ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនេះ គឺជាផ្នែកមួយយ៉ាងសំខាន់របស់គម្រោង Go4eCAM ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ ផ្សារខេមបូឌាត្រេដនេះត្រូវបានផ្តួចផ្តើមបង្កើត និងគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូចនិងមធ្យម ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា ភាពជាដៃគូនេះអនុញ្ញាតឱ្យយើងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជាដោយប្រើការទូទាត់ប្រាក់តាមឌីជីថល។ ការទូទាត់តាមឌីជីថល កំពុងមានការពេញនិយមនៅជុំវិញពិភពលោក ដោយសារភាពងាយស្រួល និង មានសុវត្ថិភាព។
គួរបញ្ជាក់ថា ធនាគារវីង ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយចំពោះកម្មវិធីស្មាតហ្វូនវីង មានមុខងារច្រើន និងភ្នាក់ងារវីងដែលមានជិត ១០.០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា ហើយផ្តល់សេវាកម្មហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ។ នៅឆ្នាំ២០២០ ធនាគារវីង បានធ្វើការជាមួយសហគ្រាសធុនតូច និងមធ្យម ជាង ២.៤០០ ដោយផ្តល់សេវាកម្មប្រមូល និងទូទាត់ប្រាក់៕