អតីតមេម៉ូលិសគ្រឿងញៀន Thitisan Utthanaphon ឬ មានឈ្មោះហៅក្រៅថា Ferrari Joe បច្ចុប្បន្ននេះ បាននិងកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារ Phitsanulok ខណៈប្រធានគណៈកម្មាធិការសភាយុត្តិធម៌ និងតំណាងរាស្ត្រលោកស្រី ស៊ីរ៉ា ជេនចាកា បានជួបឪពុកជនរងគ្រោះឈ្មោះ ណាវីន ថាណាផាត ដែលបានប្រាប់តំណាងរាស្រ្ត និងអ្នកធ្វើយុទ្ធនាការប្រឆាំងអំពើពុករលួយថា Ferrari Joe បានមកជួបគាត់ មុនពេលវីដេអូនេះបានផ្ទុះឡើង និងយំដូចកូនក្មេងអុីចឹង ចំពោះការស្លាប់កូនប្រុសរបស់គាត់។ តែយ៉ាងណា គាត់បានប្រាប់សមាជិកសភារដ្ឋាភិបាលថា បន្ទាប់ពីគាត់បានឃើញវីដេអូនេះ គាត់ដឹងថា វាជាការកុហកបាត់ទៅហើយ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ ជុំវិញករណីដ៏រន្ធត់ របស់ប៉ូលីស Thitisan Utthanaphon និងសកម្មភាពរំលោភបំពានដ៏ព្រៃផ្សៃរបស់គាត់ទៅលើជនសង្ស័យគ្រឿង ដោយយកថង់ប្លាស្ទិកគ្របក្បាលបណ្តាលឲ្យថប់ដង្ហើមរហូតស្លាប់ នៅឯស្នងការដ្ឋាននគរបាលខេត្ត ណាន សាវ៉ាន នៅដើមខែសីហា គឺមើលទៅដូចជាករណីនេះអាចនឹងបន្តឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំង ខណៈក្នុងបទសម្ភាសន៍រវាងប្រព័ន្ធផ្សព្វផ្សាយ និងអគ្គស្នងការនគរបាលជាតិលោកឧត្តមសេនីយ៍ ស៊ូវ៉ាត ជាងយ៉ុកស៊ុក កាលពីយប់ថ្ងៃព្រហស្បតិ៍ គឺមានវត្តមានព្រះសង្ឃមួយអង្គព្រះនាម Phra Suthiwachiraporn ក៏បានមកកាន់ស្នងការប៉ូលីស ដោយបានផ្តល់ការគាំទ្រដល់ «នាយ Jo» ថាជាអ្នករក្សាសន្តិភាព សម្រាប់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ចំណែកមេធាវីរបស់ Jo វិញ បាននិយាយថា កូនក្តីរបស់គាត់កំពុងប្រឆាំងរាល់ការចោទប្រកាន់នៅតុលាការ ព្រោះជាសិទ្ធិរបស់គាត់យោងទៅតាមច្បាប់។ សំណុំរឿងនេះមើលទៅអាចធ្វើឱ្យការជឿជាក់ជាសាធារណៈកាន់តែឃើញយ៉ាងច្បាស់ ចំពោះនីតិរដ្ឋនៅក្នុងប្រទេសថៃ ដែលត្រូវបានបំផ្លាញរួចទៅហើយ ដោយសារភាពចម្រូងចម្រាសទៅលើអ្នកមានកេរ្តិ៍ឈ្មោះ ឋានៈខ្ពស់ៗខណៈដែលកំណែទម្រង់ប៉ូលីសនៅតែជាប់គាំងនៅក្នុងសភា ពោលគឺនៅខ្វះការកែលម្អការគ្រប់ប្រព័ន្ធយុត្តិធម៌ នៅក្នុងព្រះរាជាណាចក្រថៃ។
ហេតុនេះ មានការព្រួយបារម្ភជាសាធារណៈ នៅក្នុងប្រទេសថៃ ចំពោះអ្វីដែលត្រូវបានគេចាត់ទុកថា នេះជាការព្យាបាលពិសេសដែលត្រូវបានផ្តល់ឱ្យប៉ូលីសជាន់ខ្ពស់រូបនេះ ដែលបានឃើញនៅលើវីដេអូកាលពីថ្ងៃអង្គារសប្តាហ៍ កន្លងទៅ ដោយបង្ហាញពីការធ្វើទារុណកម្មជនសង្ស័យគ្រឿងញៀនដែលនាំឱ្យបុរសនោះស្លាប់។
អ្វីដែលគួរឲ្យព្រួយបារម្ភទៀតនោះ គឺថាករណីរបស់អតីតវរសេនីយ៍ឯកវ័យ Thitisan អាយុ ៣៩ ឆ្នាំ កាន់ធ្វើឲ្យមហាជនក្តុកក្តួល នៅពេលលេចចេញថា មន្រ្តីវ័យក្មេងរូបនេះមានទ្រព្យសម្បត្តិរាប់រយលានបាត និងសូម្បីតែនាំឱ្យមានសេចក្តីថ្លែងការណ៍ពីប្រធាននាយកដ្ឋានគយថៃ ដែលបានពន្យល់ពាក់ព័ន្ធការរឹបអូសរយន្តប្រណីតៗរបស់គាត់ និងលក់ជាសាធារណៈនៅពេលក្រោយ។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុននេះ សមាគមមេធាវីថៃ (LAT) បានចេញមកបញ្ជាក់ បន្ទាប់ពីមានភាពរអាក់រអួលជាសាធារណៈ និងការអត្ថាធិប្បាយតាមអុិនធើរណែត ជុំវិញការចាប់ខ្លួន និងសន្និសីទកាសែតជាបន្តបន្ទាប់ នៅយប់ថ្ងៃព្រហស្បតិ៍ នៅទីស្នាក់ការកណ្តាលប៉ូលីសបង្រ្កាបឧក្រិដ្ឋកម្ម (CSD) ក្នុងទីក្រុងបាងកក ទីកន្លែងដែលជនសង្ស័យឧក្រិដ្ឋជន ត្រូវបានអនុញ្ញាតឲ្យចេញសុំទោស និងការសម្តែងនូវវិប្បដិសារី ក្នុងការផ្តល់យុត្តិកម្មចំពោះការជាប់ពាក់ព័ន្ធក្នុងការសម្លាប់នេះ និងសង្ស័យថា ករណីនេះបានកើតឡើង គឺផ្អែកលើសង្គ្រាមប្រឆាំងគ្រឿងញៀន ខណៈបដិសេធជាផ្លូវការថា គាត់មិនបានប៉ុនប៉ងជំរិតទារប្រាក់ចំនួន ២ លានបាត ពីបុរសនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង