Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលរួមរំលែកទុក្ខផង! អរគុណគ្រប់យ៉ាង ដែលអ្នកគ្រូបានលះបង់ និងពលីជីវិត ដើម្បីសង្គ្រោះប្រជាជនកម្ពុជាពីជំងឺកូវីដ១៩

spot_img

នេះជារឿងមួយគួរឲ្យសោកស្តាយជាខ្លាំង ខណៈទទួលដំណឹងដ៏ក្រៀមក្រំថា អ្នកគ្រូពេទ្យជួរមុខវ័យក្មេងម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីអ្នកគ្រូពេទ្យបានចំណាយកម្លាំងកាយចិត្ត​កម្លាំងចិត្ត នៅក្នុងការចូលរួមយ៉ាងសកម្មជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋ ឲ្យរួចផុតពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ រហូតត្រូវឆ្លងដល់ខ្លួនឯង និងមិនអាចត្រូវបានជួយសង្គ្រោះជីវិតបាន។

នេះបើយោងតាមទំព័រហ្វេសប៊ុក គ្រូពេទ្យ Krupet បានបង្ហោះរៀបរាប់ទាំងក្តីសោកសៅដូច្នេះថា ៖ «សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់នូវ វីរៈជនអាវស របស់មហាគ្រួសារខ្មែរទាំងមូល។ អ្នកគ្រូបានលះបង់គ្រប់បែបយ៉ាង និងចូលរួមយ៉ាងសកម្មនៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19។ អ្នកគ្រូជាអ្នកគ្រូដែលគោរពស្រលាញ់អ្នកជំងឺណាស់ ដោយមិនគិតពីភាពនឿយហត់របស់ខ្លួនឯងឡើយ។ ពេលនេះ អ្នកគ្រូបានសំរាកហើយ សំរាកជារៀងរហូតហើយ ពួកយើងនឹងចងចាំនូវគំរូវីរៈភាពរបស់អ្នកគ្រូនៅក្នុងចិត្តពួកយើងរហូត»។

យ៉ាងណាមិញ បើតាមការបញ្ជាក់ពីមិត្តភក្តិ និងមិត្តរួមក្រុមការងាររបស់អ្នកគ្រូពេទ្យវ័យក្មេងរូបនេះ នៅលើបណ្តាញសង្គមបានឲ្យដឹងថា «អ្នកគ្រូពេទ្យរូបនេះមានឈ្មោះថា អុឹម ស្រីនិ ឬ ហៅក្រៅថា Xiao Ni ជាបុគ្គលិកបម្រើការងរព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅយប់ថ្ងៃទី២៩​ ខែសីហា កន្លងទៅនេះ»។

ដោយឡែក តាមរយៈគណនីហ្វេសប៊ុករបស់លោកជំទាវ ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ក៏បានចូលរួមសម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតអ្នកគ្រូពេទ្យវ័យក្មេងរូបនេះ យ៉ាងដូច្នេះផងដែរថា៖ «វាពិតជាដំណឹងដ៏គួរឲ្យសោកស្តាយ សូមឲ្យវិញ្ញាណក្ខន្ធរបស់ប្អូនបានទៅកាន់សុគតិភព អរគុណខ្លាំងណាស់សម្រាប់ការលះបង់ជូនជាតិ យើងគ្រប់គ្នានឹងចងចាំនូវការលះបង់របស់អ្នកជារៀងរហូតក្នុងបេះដូង»។

សូមបញ្ជាក់ឲ្យដឹងផងដែរថា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង​ស្តីពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី​ចំនួន ​​​​៤០៨ នាក់​ជាសះស្បើយចំនួន ​​​​​៣២៤ នាក់ និងស្លាប់១១​​នាក់ បន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×