ប្រិយមិត្តប្រាកដណាស់ជានៅចាំបានហើយ ទាក់ទងជីវិតប្តីប្រពន្ធបែកបាក់ រវាងលោក ឌួង ឆាយ និងអតីតភរិយារបស់គាត់ គឺអ្នកនាង ដេត ម៉ាលីណា ដែលបានធ្វើការប្រកាសចែកផ្លូវគ្នា ធ្វើឲ្យមហានជនគ្រប់ស្រទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលស្ទើរមិនចង់សោះឡើយកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១។
ចំពោះមូលហេតុ ដែលឈានដល់ដំណាក់លែងលះគ្នាគួរឲ្យភ្ញាក់ផ្អើលនេះ គឺផ្តើមចេញពីលោក ឌួង ឆាយ បានប្រើអំពើហិង្សាមកលើអតីតភរិយាអ្នកនាង ម៉ាលីណា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ហើយអ្នកនាង ម៉ាលីណា ព្រោះតែមិនអាចទទួលយកបានចំពោះទង្វើនៃការប្រើអំពើហិង្សាដ៏សាហាវនេះ ក៏បានសម្រេចចិត្តដាក់ពាក្យលែងលះដាច់ស្រេច គឺនៅអំឡុងខែមករា ឆ្នាំ២០២១។ នេះបើតាមអ្នកនាង ដេត ម៉ាលីណា បានបញ្ជាក់ឲ្យដឹង។
ពិតណាស់ បន្ទាប់រឿងរ៉ាវលែងលះនេះ បានផ្ទុះឡើង រវាងអ្នកទាំងពីរ ក៏បានចាប់ផ្តើមហែកហួរចោទប្រកាន់គ្នាទៅវិញទៅមក និងយករឿងរ៉ាវគ្រួសារជាច្រើនទៀត មកនិយាយហែកចេញឡើងខ្ទេច ធ្វើឲ្យមហាជនផ្អើលកក្រើកតែម្តង។ តែទោះយ៉ាងណា លោក ឌួង ឆាយ ក៏បានទទួលស្គាល់ពីកំហុសរបស់ខ្លួនគ្រប់យ៉ាង ដែលបានធ្វើចំពោះអតីតភរិយា។ តែទន្ទឹមនិងរឿងនេះកាន់តែក្តៅ ជាហេតុធ្វើឲ្យលោក ឌួង ឆាយ ត្រូវធ្លាក់ងារជាឧកញ៉ាភ្លាមៗ និងនៅទីបំផុតក៏បានសម្រេចចិត្តសាងភ្នួសជាព្រះសង្ឃ ដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ។
តែបើទោះជាលោក ឌួង ឆាយ បានដាក់ចិត្តដាក់កាយបន្ទាប់ពីស្វែងយល់ពីព្រះធម៌អស់មួយរយៈពេលខ្លី ដោយថាមិនលើកយករឿងរ៉ាវគ្រួសារមកនិយាយតទៅទៀត ពោលគឺលោកសូមបញ្ចប់ត្រឹមនេះយ៉ាងណា ក៏រឿងរ៉ាវជីវិតបែកបាក់គ្នារវាងអ្នកទាំងពីរ នៅតែមានបញ្ហាដដែលជាដដែលមិនចេះចប់មិនចេះហើយ នោះគឺដោយសារតែកូនៗទាំងបីនាក់របស់ពួកគេ ដែលធ្វើឲ្យលោក ឌួងឆាយ ចិត្តមិនដាច់ មានក្តីនឹករលឹកកូនៗជានិច្ចតែការសុំជួបមុខកូនៗម្តងៗ ហាក់រងសម្ពាធពីអតីតភរិយា ដែលធ្វើឲ្យរូបលោកតែងបង្ហោះត្អូញត្អែរម្តងជារឿយៗ។
ដោយឡែក ថ្មីៗនេះ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ក៏ស្រាប់តែមានរឿងរ៉ាវផ្ទុះឡើងជាថ្មីដ៏មិននឹកស្មានទៀតហើយ ខណៈអ្នកនាង ដេត ម៉ាលីណា ព្រោះអត់ទ្រាំលែងពុំបាននឹងទង្វើរបស់អតីតស្វាមី ក៏បានបើកឡានធ្វើការឡាយទាំងយប់ ដោយបានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះនាងខ្ញុំសុំធ្វេីការឡាយបង្ហាញអំពីបញ្ហាកេីតឡេីងមកលេីរូបនាងខ្ញុំម្តងហេីយម្តងទៀតនៅម៉ោង9:30pm នាងខ្ញុំត្រូវការទាមទាររកយុត្តិធម៌អោយកូននិងរូបនាងខ្ញុំផ្ទាល់ ខ្ញុំសូមអោយផ្លូវច្បាប់ជួយរកយុត្តិធម៍អោយពួកខ្ញុំផង ព្រោះនាងខ្ញុំមានការរស់នៅភ័យខ្លាចនិងតក់ស្លុតខ្លាំងណាស់ ជាពិសេសកូននាងខ្ញុំអាចនឹងមានបញ្ហាសតិអារម្មណ៍ ដោយសារតែទង្វេីអាក្រក់ស្រែកគំរាម និងហឹង្សាដ៏សាហាវរបស់ឪពុកបែបនេះដដែលៗកេីតមកលេីនាងខ្ញុំនិងកូនម្តងហេីយម្តងទៀត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង